ប្រទេស​មហាអំណាច ចំណាយ​ថវិកា​ខាង​យោធា​កើនឡើង ទោះ​​​ពិភព​លោក​កំពុងមាន​ជំងឺ​រាតត្បាត

ថវិកា​ខាង​យោធា​របស់​ពិភពលោក បាន​កើន​ឡើងដល់​ជិត 2លាន​លាន​ដុល្លារ​អាមេរិក កាលពី​ឆ្នាំ​កន្លងទៅ ផ្ទុយគ្នា​ស្រឡះ​ពី​ខាង​វិបត្តិ​សេដ្ឋកិច្ច ដែលជា​ផលប៉ះពាល់​ពី​ស្ថានការណ៍​ជំងឺ​រាតត្បាត​កូ​វីដ-19។

ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ បាន​រាយការណ៍​ពី​ទីក្រុង​ស្តុក​ហូ​ម ប្រទេស​ស៊ុយអែត នៅ​ថ្ងៃទី26 មេសា ថា សេចក្ដីរាយការណ៍​ដោយ​ស្ថាប័ន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ស្តុក​ហូ​ម ពាក់ព័ន្ធ​នឹង​ការចាយវាយ​ខាង​យោធា​ទូទាំង​ពិភពលោក​កាលពី​ឆ្នាំ2020 បាន​កើនឡើង 2.6% ពី​ស្ថិតិ​កាលពី​ឆ្នាំមុន ឬ 1,981លាន​ដុល្លារ​អាមេរិក ទៅជា​ជិត 2លាន​លាន​ដុល្លារ​អាមេរិក ផ្ទុយគ្នា​ស្រឡះ​ពី GDP ទូទាំង​ពិភពលោក ដែលជា​មធ្យម​ថយចុះ 4.4% កាលពី​ឆ្នាំទៅ ដោយសារតែ​វិបត្តិ​កូ​វីដ-19។

ទាំងអស់នេះ លោក ឌី​អេ​ហ្គោ ឡូ​ប៉េ​ហ្ស ដា ស៊ី​ល​វ៉ា អ្នករៀបចំ​ធ្វើ​របាយការណ៍​ម្នាក់ បាន​ទទួលស្គាល់ថា តួលេខ​ការចំណាយ​ដែល​ចេញមក “ហួស​ពី​ការ​នឹកស្មាន” និង​អាចធ្វើឱ្យ​ក្រុម​អ្នករៀបចំ​ធ្វើ​របាយការណ៍ សរុប​បាន​ថា វិបត្តិ​ការឆ្លង​រាលដាល​របស់​កូ​វីដ-19 “ស្ទើរតែ​គ្មាន​ផលប៉ះពាល់​អ្វី​ឡើយ” ចំពោះ​ការ​ដំណើរការ​នយោបាយ​ខាង​យោធា​របស់​ប្រទេស​ជាច្រើន ជាពិសេស​បណ្ដា​ប្រទេស​មហាអំណាច។

សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ជា​ប្រទេស​មហាអំណាច​ខាង​យោធា​លំដាប់​លេខ1 និង2 របស់​ពិភពលោក នៅ​តែ​ជា​ប្រទេស2 ដែលមាន​ការចំណាយ​ខាង​យោធា​ច្រើន​បំផុត ដោយ​នៅក្នុង​ចំណែក​របស់​សហរដ្ឋអាមេរិក មាន​ចំណែក​គិត​ជា​ភាគរយ 39% តាម​ដោយ​ប្រទេស​ចិន មាន​ចំណែក 13% តែ​យ៉ាងណាក្ដី នៅពេល​វិភាគ​ស៊ីជម្រៅ​ក្នុង​សេចក្ដីលម្អិត គេ​បាន​រកឃើញថា ទោះជា​ថវិកា​ខាង​យោធា​របស់​ប្រទេស​ចិន នៅតែ​ជា​តួលេខ តិចជាង​ខាង​សហរដ្ឋអាមេរិក​ច្រើន​ក៏ដោយ តែ​ចំពោះ​ចំនួន​ទឹកប្រាក់​វិញ បាន​កើន​ឡើងជា​បន្តបន្ទាប់រ​ហូត​រយៈពេល​ពេល 26ឆ្នាំកន្លងមក រហូតមក​នៅត្រឹម 252,000លាន​ដុល្លារ​អាមេរិក កាលពី​ឆ្នាំទៅ ចំណែក​សហរដ្ឋអាមេរិក​វិញ មាន​ថវិកា​ខាង​យោធា កើនឡើង​រហូត 3ឆ្នាំ​ចុងក្រោយ មកដល់​ឆ្នាំទៅ ក្រោយពី​ថយចុះ​ពេញ​មួយ​រយៈពេល 7ឆ្នាំមុន​ហ្នឹង។

ម្យ៉ាងទៀត ថវិកា​ខាង​យោធា និង​ការចាយវាយ​ដែល​ពាក់ព័ន្ធ​វិស័យនេះ​របស់​សហរដ្ឋអាមេរិក គឺជា​រឿង​ដែល​គួរឱ្យ​តាម​សង្កេតមើល​បំផុត ពេញ​មួយ​រយៈពេល 4ឆ្នាំ​បន្ទាប់​ពីនេះ​ទៅ តាមរយៈ​ការដែល​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​បច្ចុប្បន្ន របស់លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន នៅ​មិនទាន់មាន​ឥរិយាបថ​ថា នឹង​កាត់បន្ថយ​ថវិកា​ក្នុង​រឿងនេះ​នៅឡើយ ទោះជា​មានការ​ត្រៀម​ដក​កងទ័ព ដែល​នៅ​សេសសល់​ប្រមាណ​ជា 2,500នាក់​ទៀត ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុងអំឡុង​ថ្ងៃទី11 កញ្ញា​ខាងមុខនេះ​ក្ដី ដែល​ផ្ទុយ​ពីថ្ងៃ​គម្រប់​ខួប 20ឆ្នាំ នៃ​ហេតុការណ៍​វិនាសកម្ម 911៕

ប្រភព៖ សារព័ត៌មាន​បរទេស
ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

Advertisement