ក្ដីសង្ឃឹម​ក្នុងការ​ជួយសង្គ្រោះ​នាវិក​ជាង 50នាក់ នៃ​នាវាមុជទឹក​​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​បាត់​ខ្លួន បាន​រលាយ​បាត់ទៅហើយ!

នាវា​មុជ​ទឹក​ KRI Nanggala បាន​ចាក​ចេញពី​កំពង់ផែ Surabaya​ នៅ​ក្នុង​រូប​ថត​ដែល​ត្រូវ​បាន​ប្រកាស​ កាល​ពី​ថ្ងៃទី​21 ខែមេសា

ក្ដីសង្ឃឹម​ដែលថា​នឹង​អាចជួយ​សង្គ្រោះ​ក្រុម​នាវិក​ជាង 50នាក់​នៃ​នាវាមុជទឹក​របស់​ឥណ្ឌូនេស៊ី ដែល​កំពុង​បាត់​ខ្លួន បាន​រលាយបាត់​បង់អ​ស់រ​លីង នៅពេលដែល​បរិមាណ​អុកស៊ីសែន​របស់​នាវា ត្រូវបាន​គេ​គណនា​ឃើញថា អស់​គ្មាន​សល់ នៅ​ព្រឹក​នេះ។

ក្នុង​គ្រា​ដែល​ទាហាន​រាប់រយ​នាក់​កំពុង​ចូលរួម​ស្វែងរក​នាវាមុជទឹក KRI Nanggala 402 ក្រុមមន្ត្រី​ឥណ្ឌូនេស៊ី បានឱ្យដឹងថា បរិមាណ​អុកស៊ីសែន​ដែលមាន​នៅក្នុង​នាវា​នេះ អាច​ប្រើ​បានតែ​ក្នុង​រយៈពេល 72ម៉ោង​ទៀត​ប៉ុណ្ណោះ បន្ទាប់ពី​ដាច់​ចរន្តអគ្គិសនី។ កាលកំណត់​នោះ បាន​កន្លងផុតទៅ​នៅវេលា​ទៀបភ្លឺ​នៃ​ថ្ងៃទី24 ខែមេសា​នេះ ប៉ុន្តែ គេ​នៅ​មិនទាន់​រកឃើញ​នាវា ក៏ដូចជា​ក្រុម​នាវិក​ចំនួន 53នាក់​នោះ​ដដែល។

នាវាមុជទឹក KRI Nanggala បាន​ទាក់ទង​មកកាន់​បញ្ជាការដ្ឋាន​កាលពី​វេលា​ម៉ោង 3ទៀបភ្លឺ នៃ​ថ្ងៃទី21 ខែមេសា ដើម្បី​សុំ​ការអនុញ្ញាត មុជ​ទៅ​ក្រោម​សមុទ្រ ហើយ​នាវា​នេះ​ក៏បាន​ដាច់​ទំនាក់ទំនង​ទាំងស្រុង​នៅវេលា​ម៉ោង 4កន្លះ នៃ​ថ្ងៃ​ដដែល។ ក្រុម​អ្នក​ជួយសង្គ្រោះ​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី23 ខែមេសា បាន​រកឃើញ​សញ្ញា​នៃ​វត្ថុ​មួយ​ដែលមាន «ដែន​ម៉ាញេទិក​ខ្ពស់» កំពុង​លិច​ក្រោម​ទឹក ជម្រៅ​ពី 50-100ម៉ែត្រ នៅ​ភាគ​ខាងជើង​សមុទ្រ Bali ប៉ុន្តែ មិនទាន់​ដឹង​ច្បាស់​ថា វា​ជា​អ្វី។

មុន​នោះ កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី បាន​សន្និដ្ឋានថា នាវាមុជទឹក​នេះ ទំនងជា​បាន​លិច​ក្នុង​ជម្រៅ​ពី 600-700ម៉ែត្រ ជ្រៅ​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ជម្រៅ​អតិបរមា​ដែល​នាវា​នេះ​អាចធ្វើ​សកម្មភាព​បាន។ ទឹកសមុទ្រ​ជម្រៅ 700ម៉ែត្រ មាន​សម្ពាធ​ខ្ពស់ជាង 70ដង បើ​ធៀប​នឹង​សម្ពាធ​បរិយាកាស​លើ​ផ្ទៃ​ទឹកសមុទ្រ ដូច្នេះ សម្បក​នាវា​ទំហំ​មួយ​ម៉ែត្រក្រឡា​នឹងត្រូវ​រង​សម្ពាធ​ជាង 720តោន។ នាវាមុជទឹក​ធម្មតា នៅពេល​ស្ថិតក្នុង​ជម្រៅ​បែបនេះ អាច​នឹងត្រូវ​បាត់បង់​រូបរាង​ដើម ឬក៏​អាច​ត្រូវ​សម្ពាធ​ទឹកសមុទ្រ​ច្របាច់ កៀប​ខ្ទេចខ្ទី បើសិនជា​ដងខ្លួន​រប​ស់វា​មាន​បញ្ហា។

នាវាមុជទឹក KRI Nanggala ទម្ងន់ 1,395តោន ត្រូវបាន​ផលិត​នៅ​ប្រទេស​អាល្លឺម៉ង់​កាលពី​ឆ្នាំ1977 និង​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នៅក្នុង​ជួរ​កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី ចាប់ពី​ឆ្នាំ1981៕

ប្រភព៖ AFP
ប្រែ​សម្រួល៖ បុត្រា

Advertisement