មិន​ទុកចិត្ត!! សហរដ្ឋអាមេរិក ប្រកាស​តាមមើល​យ៉ាង​ដិតដល់ ទោះ​រុស្ស៊ី​ដកទ័ព​រាប់សែន​នាក់​ចេញពី​ព្រំដែន​អ៊ុយ​ក្រែ​ន​ក្ដី

ប្រទេស​រុស្ស៊ី បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី22 មេសា ចេញ​បញ្ជា​ឱ្យ​ដក​កងទ័ព​ចេញពី​តំបន់​ព្រំដែន​ជាប់​ប្រទេស​អ៊ុយ​ក្រែ​ន ត្រឡប់​ចូល​បន្ទាយ​វិញ បញ្ឈប់​ការបន្ថែម​កម្លាំងយោធា ដែល​ធ្វើឱ្យ​កើតមាន​ក្ដីបារម្ភ​កង្វល់​ចំពោះ​ប្រទេស​លោកខាងលិច តែ​យ៉ាងណាក៏ដោយ ខាង​សហរដ្ឋអាមេរិក​វិញ បាន​បញ្ជាក់ថា នឹង​តាម​សង្កេតមើល​ស្ថានការណ៍​នេះ​យ៉ាង​ដិតដល់​ជា​បន្តទៅទៀត។

ការអះអាង ដក​កងទ័ព​នេះ អាច​នឹង​ធ្វើឱ្យ​កើតមាន​ការស្វាគមន៍​ពី​ប្រទេស​លោកខាងលិច​ទាំងឡាយ ដែល​កាលពីពេល​មុននេះ បាន​សម្ដែង​ក្ដី​ព្រួយបារម្ភ ពាក់ព័ន្ធ​នឹង​និន្នាការ​ដែល​ប្រទេស​រុស្ស៊ី អាច​នឹង​ជ្រៀត​ជ្រៀតចូល នៅ​ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​ខ្លាំង​ជាង​មុន ក្នុងខណៈដែល​ពួក​ឧទ្ទាម​ផ្ដាច់ខ្លួន ដែល​រុស្ស៊ី​ផ្ដល់​ការគាំទ្រ បាន​បើកឆាក​ប្រយុទ្ធ​ជាមួយ​ទាហាន​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន ក្នុងភូមិ​ភាគ​នោះ តាំងពី​ឆ្នាំ2014 មកម្ល៉េះ។

អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បានបញ្ជាក់​កាលពី​ដើមខែ​ថា រុស្ស៊ី​មាន​ទាហាន​ប្រចាំការ តាម​ជួរ​ព្រំដែន​ជាប់​គ្នា ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​ន ច្រើនជាង 40,000នាក់ និង​ជាង 40,000នាក់​ទៀត​នៅក្នុង​គ្រី​មៀ ដោយ​ក្នុងនោះ​ប្រមាណ​ជា 50,000នាក់ ជាការ​ដាក់​ប្រចាំការ​ថ្មី តែ​យ៉ាងណាក្ដី ខាង​ក្រុង​ម៉ូស្គូ មិនបាន​ផ្ដល់​តួលេខ​ណាមួយ ពាក់ព័ន្ធ​នឹង​ចំនួន​កម្លាំង​ទាហាន​របស់​ពួកគេ​ឡើយ។

លោក​ប្រធានាធិបតី វ្ល៉ូ​ឌី​មៀ សេ​លេន​ស្គី បាន​សរសេរ​នៅក្នុង​ធ្វី​ត​ធើ​រថា “អ៊ុយ​ក្រែ​ន​ស្វាគមន៍​ចំពោះ​ជំហាន​ណាមួយ ក្នុងការ​បន្ថយ​ការ​ប្រចាំ​យោធា និង​បន្ថយ​ស្ថានការណ៍​ភាព​តានតឹង​នៅ​ដុង​បាស់ (ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​ន)” ព្រមទាំង​ថ្លែងអំណរគុណ​កម្លាំង​គាំទ្រ​ពី​បណ្ដា​សម្ព័ន្ធមិត្ត​អន្តរជាតិ​ទៀតផង។

ដា​មី​តូ ឃូ​លេ​បា រដ្ឋមន្ត្រីការបរទេស បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា ក្រុង​កៀវ មិនដឹងថា​ក្រុង​ម៉ូស្គូ មាន​ចេតនា​ចាប់ផ្ដើម​វាយប្រហារ ដែរឬទេ?  និង​ប្រទេស​លោកខាងលិច ត្រូវតែ​បង្ហាញ​គោល​ជំរ​យ៉ាង​ច្បាស់លាស់​ថា ពួកគេ​នឹង​ឈរ​នៅ​ជាមួយ​អ៊ុយ​ក្រែ​ន បើសិន​រុស្ស៊ី​ចាប់ផ្ដើម​វាយប្រហារ។  “ពេលនេះ វា​អាចទៅរួច បាន​ទាំង 2ផ្លូវ ហើយ​នេះ​គឺ​ហេតុផល​ដែលថា ហេតុ​អី​បាន​ប្រតិកម្ម​យ៉ាង​មាំមួន​របស់​ប្រទេស​លោកខាងលិច មាន​ភាព​សំខាន់​ខ្លាំង​បំផុត សម្រាប់​ការពារ​មិនឱ្យ​ពូ​ទីន សម្រេចចិត្ត​ធ្វើ​ដូច្នោះ”

លោក ណិ​ត ផ្រៃ​ស៍ អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ប្រាប់ថា ក្រុង​វ៉ាស៊ីនតោន បានដឹង​ពាក់ព័ន្ធ​នឹង​សេចក្ដីថ្លែងការណ៍​របស់​ប្រទេស​រុស្ស៊ី​ហើយ និង​កំពុង​តាម​សង្កេតមើល​ស្ថានការណ៍​តាម​បណ្ដោយ​ព្រំដែន​យ៉ាង​ដិតដល់។ “យើង​បានឮ​សេចក្ដីថ្លែងការណ៍​នោះ​ហើយ ខ្ញុំ​គិតថា យើង​ត្រូវតែ​សម្លឹងមើល​ទៅលើ​ទង្វើ​បន្តទៀត”៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters
ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

Advertisement