អាម៉េរិក និង​សម្ព័ន្ធមិត្ត បញ្ចេញ​ប្រេង ១២០ លាន​ធុង ពី​ឃ្លាំង​យុទ្ធសាស្ត្រ

ឃ្លាំងប្រេង​ Fukui របស់​ ជប៉ុន កាល​ពី​ឆ្នាំ​ ២០២១

IEA បញ្ជាក់ថា ប្រេង​ចំនួន ១២០ លាន​ធុង ត្រូវបាន​បញ្ចេញ​ពី​ឃ្លាំង​យុទ្ធសាស្ត្រ ក្នុងនោះ សហរដ្ឋ​អាម៉េរិក ចូលរួម​ចំនួន​ពាក់កណ្ដាល ខណៈ ជប៉ុន ឈរ​លេខ ២ ដោយ​បញ្ចេញ ១៥ លាន​ធុង។

អង្គការ​ថាមពល​អន្ត​រ​ជាតិ (IEA) កាលពី​ថ្ងៃទី ០៧ មេសា បានឱ្យដឹងថា បរិមាណ​ប្រេង​ខាងលើនេះ​នឹងត្រូវ​បាន​បណ្ដា​ប្រទេស​ជា​សមាជិក បញ្ចេញ​ទៅក្នុង​ទីផ្សារ ក្នុង​រង្វង់ ០៦ ខែ​ខាងមុខ ដើម្បី​ដោះស្រាយ​ស្ថាន​ភាពខ្វះ​ថាមពល​នៅ​ទូទាំង​សកលលោក ដោយសារ​សង្គ្រាម​រវាង រុស្ស៊ី-អ៊ុយ​ក្រែ​ន។

«សមាជិក​ទាំងឡាយ​រប​ស់ IEA កំពុងធ្វើការ​បញ្ចេញ​ប្រេង​ចំនួន ១២០ លាន​ធុង​ពី​ឃ្លាំង​រួម ក្នុងនោះ អាម៉េរិក រួមចំណែក ៦០ លាន​ធុង» Fatih Birol ប្រធាន IEA សរសេរ​នៅលើ Twitter ដូច្នេះ និង​បន្ថែមថា «ព័ត៌មាន​លម្អិត​ស្ដីពី​បរិ​មាណនៃ​ការរួមចំណែក​របស់​ស​មា​ជិ​ក​នានា នឹងត្រូវ​បានប្រកាស​នា​ពេល​ដ៏​ខ្លី​ខាងមុខ»។

នេះ​គឺជា​ការបញ្ចេញ​ប្រេង​លើក​ទី ៥ ពី​ឃ្លាំង​យុទ្ធសាស្ត្រ​របស់ IEA រាប់​ចាប់ពី​ឆ្នាំ ១៩៩១។ បរិមាណ​ប្រេង​សរុប​ដែលមាន​នៅក្នុង​ឃ្លាំង​យុទ្ធសាស្ត្រ​របស់ IEA ដែលមាន​សមាជិក​ចំនួន ៣១ ប្រទេស គឺ ១.៥ ពាន់​លាន​ធុង។

Advertisement