សេចក្ដីព្រាងច្បាប់​ប្រឆាំង​ការរើសអើង​លើ​ជនជាតិ​អាស៊ី ត្រូវបាន​ព្រឹទ្ធសភា​អាមេរិក អនុម័ត​រួចហើយ!

សភា​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក បានអនុម័ត​ច្បាប់​ប្រឆាំង​ការរើសអើង​ជាតិ​សាសន៍​ដែល​សំដៅលើ​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាស៊ី នៅក្នុង​គ្រា​ដែល​អំពើ​ប្រកាន់​ជាតិ​សាសន៍​លើ​ជនជាតិ​អាមេរិកាំង​ដើមកំណើត​អាស៊ី កំពុង​រាលដាល​ពាសពេញ​សហរដ្ឋអាមេរិក។

សេចក្ដីព្រាងច្បាប់​ខាងលើ ត្រូវបាន​អនុម័ត​កាលពី​ថ្ងៃទី22 ខែមេសា ឆ្នាំ2021 ដោយមាន​សន្លឹកឆ្នោត​គាំទ្រ​ចំនួន 94សំឡេង និង​ប្រឆាំង 1សំឡេង។ តំណាងរាស្ត្រ​នៃ​សភា​ជាន់ខ្ពស់​មកពី​បក្ស​សាធារណរដ្ឋ លោក Josh Hawley គឺជា​អ្នកបោះឆ្នោត​ប្រឆាំងនឹង​សេចក្ដីព្រាងច្បាប់​នេះ។

សេចក្ដីព្រាងច្បាប់​​នេះ​ ត្រូវបាន​ស្នើឡើង​ដោយ​តំណាងរាស្ត្រ​សភា​ជាន់ខ្ពស់ Mazie Hirono, Tammy Duckworth និង​តំណាងរាស្ត្រ​សភា​ជាន់​ទាប Grace Meng មកពី​គណបក្ស​ប្រជាធិបតេយ្យ ដើម្បី​ស្នើឱ្យ​ក្រសួងយុត្តិធម៌​បង្កើត​ការិយាល័យ​ស៊ើបអង្កេត​លើ​អំពើ​ល្មើសច្បាប់​ទាក់ទង​នឹង​ការ​ស្អប់ខ្ពើម​ជាតិ​សាសន៍​ដែល​ត្រូវបាន​រាយការណ៍​នៅក្នុង​វិបត្តិ Covid-19។ សេចក្ដីព្រាងច្បាប់​នេះ​ក៏​ណែ​នាំឱ្យ​ក្រុមមន្ត្រី​អនុវត្ត​ច្បាប់​នៅ​មូលដ្ឋាន រាយការណ៍​អំពី​អំពើ​ល្មើសច្បាប់​រើសអើង​ជាតិ​សាសន៍ ពង្រីក​ការអប់រំ​ដល់​សហគមន៍​នានា និង​ប្រឆាំងនឹង​ពាក្យ​ស្អប់ខ្ពើម​ទាក់ទង​នឹង​វិបត្តិ Covid-19។

Hirono និង Duckworth គឺជា​ជនជាតិ​អាមេរិកាំង​ដើមកំណើត​អាស៊ី​តែ​ពីរ​នាក់​គត់ នៅក្នុង​សភា​ជាន់ខ្ពស់​សហរដ្ឋអាមេរិក ក្នុងចំណោម​តំណាងរាស្ត្រ​សរុប​ចំនួន 100នាក់។

សេចក្ដីព្រាងច្បាប់​នេះ​នឹង​ត្រូវការ​ការអនុម័ត​នៅ​សភា​ជាន់​ទាប ជា​កន្លែង​ដែល​កៅអី​ភាគច្រើន​ត្រូវបាន​កាន់កាប់​ដោយ​បក្ស​ប្រជាធិបតេយ្យ ហើយ​បន្ទាប់មកទៀត វា​នឹងត្រូវ​បញ្ជូន​ទៅកាន់​សេត​វិមាន​ដើម្បីឱ្យ​ប្រធានាធិបតី Joe Biden ចុះហត្ថលេខា។

សូម​រំលឹកថា អំពើហិង្សា​ប្រឆាំងនឹង​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាស៊ី បាន​កើនឡើង​ខ្ពស់ ចាប់តាំងពី Covid-19 បាន​ផ្ទុះឡើង។ ក្រុម​សកម្មជន និង​ប៉ូលិស​បានឱ្យដឹងថា គំនិត​ស្អប់ខ្ពើម​ជនជាតិ​អាស៊ី ត្រូវបាន​ញុះញង់​ដោយ​វោហា​សាស្ត្រ​ចោទប្រកាន់​ចិន​អំពី​បញ្ហា Covid-19។ អតីត​ប្រធានាធិបតី Donald Trump ធ្លាប់បាន​ប្រើពាក្យ​ពេចន៍​ដូចជា «វីរុស​ចិន» ជាដើម ដើម្បី​ហៅ Covid-19។

យោងតាម​ក្រុម​សកម្មជន​ប្រឆាំងនឹង​អំពើ​ស្អប់​ខ្ពស់​លើ​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាស៊ី និង​បណ្ដា​កោះ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក (AAPI) អំពើ​រើសអើង​ជាតិ​សាសន៍​ជិត 3,800ករណី បានកើត​ឡើង​នៅ​សហរដ្ឋអាមេរិក រាប់​ចាប់ពី​ខែមីនា ឆ្នាំ2020 ដល់​ខែកុម្ភៈ ឆ្នាំ2021។ ចំណែក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អំពី​លទ្ធិ​ស្អប់ខ្ពើម និង​ជ្រុលនិយម នៃ​សាកលវិទ្យាល័យ​រដ្ឋ California បាន​បញ្ជាក់ថា អំពើ​ល្មើស​ដែល​ប្រឆាំងនឹង​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាស៊ី កើន​ជិត 150% ក្នុង​ឆ្នាំ2020 បើ​ធៀប​នឹង​ឆ្នាំ2019៕

ប្រភព៖ Reuters, Financial Times
ប្រែ​សម្រួល៖ បុត្រា

Advertisement