ផ្ទុះ​នៅ​មូលដ្ឋានទ័ព​អាកាស​របស់ រុស្ស៊ី ​ឧទ្ធម្ភាគចក្រច្រើន​គ្រឿង​រង​ការ​ខូច​ខាត

មូលដ្ឋាន​ទ័ព​របស់ រុស្ស៊ី ដែល​មាន​ករណី​ផ្ទុះ​កាល​ពី​ថ្ងៃទី 31 តុលា​ 2022

មូលដ្ឋានទ័ព​​របស់ រុស្ស៊ី នៅក្បែរ​ព្រំដែន​ជាមួយ លី​ទុយ​អា​នី ត្រូវបាន​គេ​បំផ្ទុះ បណ្ដាលឱ្យ​ឧ​ទ្ធ​ម្ភា​គ​មួយចំនួន​រង​ការខូចខាត ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​ថា ភាគី​ខាង​ណា​ជា​អ្នកទទួលខុសត្រូវ។

សារព័ត៌មាន​រុស្ស៊ី កាលពី​ថ្ងៃទី 31 តុលា បាន​ផ្សាយ​ថា ឧទ្ធម្ភាគចក្រ​វាយប្រហារ Ka-52 ចំនួន 2 គ្រឿង នៅ​ព្រលានយន្តហោះ​យោធា​ក្នុង​ខេត្ត Pskov បាន​រង​ការខូចខាត​​ពេល​មាន​​ករណី​ផ្ទុះ​មួយចំនួន​កាលពី​ព្រលប់​ថ្ងៃ​​មុន​នោះ។ របាយការណ៍​បានឱ្យដឹងថា យ៉ាងហោចណាស់​មានការ​ផ្ទុះ​ចំនួន 3 ករណី​នៅ​ព្រលានយន្តហោះ​ដែល​កំពុងមាន​ការជួស​ជុល​ឧទ្ធម្ភាគចក្រ​យោធា។

«ការផ្ទុះ​នេះ​ខ្លាំង​ដល់​ថ្នាក់​ធ្វើឱ្យ​បំណែក​របស់​យន្តហោះ​ត្រូវ​ខ្ទាត​ឆ្ងាយ 200 ម៉ែត្រ» ឆា​ណែ​ល Telegram Baza បានឱ្យដឹង​ដូច្នេះ។ ភាគី​ខាង រុស្ស៊ី មិនទាន់​លើកឡើង​អំពី​មូលហេតុ​នៃ​ការផ្ទុះ​នេះ​នៅឡើយ។

សារព័ត៌មាន​អាម៉េរិក កាលពី​ថ្ងៃទី 02 វិច្ឆិកា បាន​បង្ហោះ​វីដេអូ​មួយ​បង្ហាញថា មាន​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ តម្រៀប​វត្ថុ​មួយចំនួន​ដែល​ត្រូវបាន​គេ​ជឿថា​ជា​គ្រាប់​ផ្ទុះ ហើយ​ដាក់​ទៅលើ​ឧទ្ធម្ភាគចក្រ​យោធា 1 គ្រឿង​របស់ រុស្ស៊ី ដែល​ទំនងជា​ឧ​ទ្ធ​ម្ភា​គ Ka-52។

CNN បាន​បញ្ជាក់ថា វីដេអូ​នេះ​ត្រូវបាន​ថត​នៅក្នុង​មូលដ្ឋានទ័ព Veretye នៅ Beredniki ក្នុង​ខេត្ត Pskov ដែលមាន​ចម្ងាយ​ប្រហែល 35 គីឡូម៉ែត្រ ពី ព្រំដែន​រុស្ស៊ី-លី​ទុយ​អា​នី និង ព្រំដែន​រុស្ស៊ី-អ៊ុយ​ក្រែ​ន ប្រហែល 10,000 គីឡូម៉ែត្រ។ រូបភាព​ពី​ផ្ដា​យ​រណប​បង្ហាញថា ឧទ្ធម្ភាគចក្រ​មួយចំនួន​ក្នុង​មូលដ្ឋានទ័ព​នេះ​បាន​ខូចខាត។

អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី 02 វិច្ឆិកា ឱ្យដឹងថា «ករណី​ផ្ទុះ​ខ្លាំង​បានកើត​ឡើង​នៅ​មូលដ្ឋាន​ទ័ពអាកាស Veretye របស់ រុស្ស៊ី។ លទ្ធផល​នៃ​ការផ្ទុះ​គឺ​ឧទ្ធម្ភាគចក្រ​វាយប្រហារ Ka-52 ចំនួន 2 គ្រឿង និង​ឧទ្ធម្ភាគចក្រ Mi-28N របស់ រុស្ស៊ី បាន​ខ្ទេច​ទាំងស្រុង ខណៈដែល 2 គ្រឿង​ទៀត​រង​ការខូចខាត​ធ្ងន់ធ្ងរ»។

ក្រសួងការពារជាតិ របស់ ​រុស្ស៊ី មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទិន​នឹង​ហេតុការណ៍​ផ្ទុះ​ខាងលើ៕

Advertisement