ពិភពលោកនឹងអាច​ខាត​បង់ 4,100​ 000,000,000​ដុល្លារ​ដោយ​សារ​ COVID-19

ពិភពលោកនឹងអាច​ខាត​បង់ 4,100​ 000,000,000​ដុល្លារ​ដោយ​សារ​ COVID-19

យោង​តាម​សេណារីយ៉ោ​ចំនួន​2​របស់​ ADB (ធនាគារ​អភិវឌ្ឍន៍​អាស៊ី/Asian Development Bank) វីរុស​COVID-19 នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ខាត​បង់​2លាន​លាន​​(2,000,000,000,000​​)ដុល្លារ​អាមេរិក​ បើ​សិន​មនុស្ស​អាច​គ្រប់​គ្រង​វីរុស​នេះ​បាន​ដោយ​ប្រើ​ពេល​ខ្លី ប៉ុន្តែ​នឹង​ខាត​បង់​ជិត​4.1​លាន​លាន(4,100​ 000,000,000)ដុល្លារ​អាមេរិក បើ​សិន​ជា​អូសបន្លាយ​ពេល​យូរ​។

ក្នុងរបាយការណ៍សេដ្ឋកិច្ចពិសេស ដែល​ត្រូវ​បាន​ហៅថា “ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី” (Asian Development Outlook-ADO) សម្រាប់​ឆ្នាំ​2020​ ដែល​ទើប​បាន​ចេញ​ផ្សាយថ្មី​ៗ​នេះ ធនារគារ​អភិវឌ្ឍន៍​អាស៊ី ADB បាន​ប៉ាន់ប្រមាណ​ថា​នឹង​មាន​ការ​ខាត​បង់​ច្រើន​នៅ​ទូទាំង​ពិភពលោក​។ ទំហំ​ទឹក​ប្រាក់​ដែល​ត្រូវ​ខាត​បង់ អាច​ឡើង​ដល់​4.1​លាន​លាន​ដុល្លារ​អាមរិក​ គឺ​ប្រហាក់​ប្រហែល​នឹង​5%​នៃ​ផលិត​ផល​សរុប​ទូទាំង​ពិភពលោក​(Global GDP) ដោយ​អាស្រ័យ​ទៅ​លើ​ការ​ប្រែប្រួលនៃ​ស្ថាន​ភាព​​របស់​រោគ​រាត​ត្បាត​នៅ​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​តំបន់​សេដ្ឋ​កិច្ច​សំខាន់​ៗ​ផ្សេង​ទៀត​។

បើ​សិន​ជា​រោគ​រាត​ត្បាត​ COVID-19 ត្រូវ​បាន​ទប់ស្កាត់​ និង​គ្រប់​គ្រង​បាន​ឆាប់​ នោះ​​ពិភពលោក​នឹង​​មាន​ការ​​ខាត​បង់​ផ្នែក​សេដ្ឋ​កិច្ច​ត្រឹម​ប្រមាណ​ជា​2លាន​លាន​ដុល្លារ​អាមេរិក​ ប្រហែល​នឹង​2.3​%នៃ​GDP ទូទាំង​ពិភព​លោក​។ បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​អាស៊ី រួម​នឹង​ប្រទេស​ចិន​ផង ត្រូវ​ទទួល​រង​ការ​ខាត​បង់​ច្រើន​ជាង​គេ ពោល​គឺ​ចន្លោះ​ពី​22% ទៅ​36​%​។

“មិន​មាន​អ្នកណា​ម្នាក់​អាច​ប្រាកដ​​ថា​ មេរោគ​រាតត្បាត​នេះ​នឹង​រីករាលដាល​ដល់​កម្រិត​ណា​នោះ​ទេ ហើយ​ការ​ទប់​ស្កាត់​ប្រហែល​ជា​ត្រូវ​ចំណាយ​ពេល​​ច្រើន​ជាង​ការ​រំពឹង​ទុក​” លោក​ Yasuyuki Sawada ប្រធាន​សេដ្ឋ​វិទូ​របស់​ ADB មាន​ប្រសាសន៍​នៅ​ក្នុង​របាយ​ការណ៍​ខាង​លើ​។ លោក​បន្ត​ថា “ហានិភ័យ​នៃ​​ការ​ប្រែប្រួល និង​វិបត្តិ​ហិរញ្ញវត្ថុ​គឺជា​បញ្ហា​ដែល​មិន​អាច​មើល​រំលង​បាន​ឡើយ​”​។ នេះ​បើ​តាម​សារ​ព័ត៌មាន​ Bloomberg​។

កាល​ពី​ថ្ងៃ​ទី​6មីនា ADB ធ្លាប់​បាន​ព្យាករ​ថា កា​រ​ឆ្លង​រាល​ដាល​​របស់​វីរុស​COVID-19 អាច​បង្ក​ការ​ខាត​បង់​​347​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​សេដ្ឋ​កិច្ច​ទូទាំង​ពិភពលោក​ ហើយ​បានទម្លាក់​​0,4​%ក្នុងរបាយ​ការណ៍​​ព្យាករកំណើន​សេដ្ឋ​កិច្ច​​សម្រាប់​ឆ្នាំ​នេះ​ផងដែរ។ ចាប់តាំង​ពី​ពេល​នោះ​មក សម្បុក​មេរោគ​ធំ​បាន​ប្ដូរ​ទីតាំង​ពី​ប្រទេស​ចិន ទៅកាន់​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ ដោយ​មាន​ករណី​ឆ្លង​លើស​ពី​1​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។

នៅ​ក្នុង​ការ​ព្យាករ​ថ្មី​ ADB បាន​ទម្លាក់​អត្រា​កំណើន​សេដ្ឋ​កិច្ច​ឆ្នាំ​2020​ សម្រាប់​អាស៊ី ពី​5.5​%ក្នុង​ការ​ព្យាករ​កំណើន​សេដ្ឋ​កិច្ច​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​2019​ មក​នៅ​ត្រឹម​2.2%។ កំណើន​សេដ្ឋ​កិច្ច​នេះ​នៅ​ប្រទេស​ចិន ក៏​នៅ​សល់​ត្រឹម​តែ​2.3%​ក្នុង​ឆ្នាំ​នេះ​ ដែល​នេះ​ជា​កំណើន​ដ៏​ទាប​បើ​ប្រៀប​ធៀប​នឹង​6.1​%​ក្នុង​ឆ្នាំ​2019​។ ប្រទេស​កំពុង​អភិវឌ្ឍ​ទាំង​អស់​នៅ​អាស៊ី ត្រូវ​បាន​ព្យាករ​ថា នឹង​មាន​កំណើន​សេដ្ឋ​កិច្ច​ទាប​​ក្នុង​ឆ្នាំ​2020​នេះ​។

អតិផរណ​ក៏ត្រូវ​បាន​ព្យាករ​ថា​អាច​នឹង​បង្កើន​ល្បឿន​ ដោយ​សារ​ការ​ចំណាយ​ទៅ​លើ​ស្បៀង​អាហារ​កើន​ឡើង​ខ្ពស់​ ថ្វី​បើ​​សកម្ម​ភាព​សេដ្ឋ​កិច្ច​ត្រូវ​អន់​ថយ​។ ឆ្នាំ​2021​ សម្ពាធ​នៃ​អតិផរណា​នឹង​ថយ​ចុះ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement