កង​កម្លាំង​អវកាស​សហ​រដ្ឋ​អាមេរិក បង្ហាញ​អាវុធ​វាយ​លុក​ទំនើប​បំផុត​របស់​ខ្លួន​

កង​កម្លាំង​អវកាស​សហ​រដ្ឋ​អាមេរិក បង្ហាញ​អាវុធ​វាយ​លុក​ទំនើប​បំផុត​របស់​ខ្លួន​

កង​ទ័ព​អវកាស​សហ​រដ្ឋ​អាមេរិក ចាប់​ផ្ដើម​បំពាក់​ប្រព័ន្ធ​រំខាន និង​ប្រឆាំង​ទៅ​នឹង​ទំនាក់​ទំនង​នៃ​ផ្កាយ​រណបរបស់​សត្រូវ​ ដែល​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​កងទ័ព​អវកាស​កាន់​កាប់​អាវុធ​វាយ​លុក​ដ៏ទំនើប​។

ពិធី​ប្រគល់​ និង​បំពាក់​ប្រព័ន្ធ​ប្រឆាំងនឹង​ប្រព័ន្ធ​ទំនាក់​ទំនង​ ដែល​ហៅ​កាត់​ថា CCS (Counter Communication System) ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​12មីនា​កន្លង​ទៅ​ នៅ​ក្នុង​បន្ទាយ​ទ័ព​អាកាស Peterson របស់​សហរដ្ឋ​អាមេរិក។ “CCS គឺជា​អាវុធ​វាយ​ប្រហារ​តែ​មួយ​គត់​ នៅ​ក្នុង​កងទ័ព​អវកាសសហរដ្ឋ​អាមេរិក​។ នេះ​គឺជា​កំណែ​បន្ថែម​ដ៏​សំខាន់​ ជាមួយ​នឹង​សមត្ថ​ភាព​ប្រយុទ្ធ​របស់​កង​ទ័ព​” នេះ​ជា​សម្ដី​របស់ Steve Brogan ប្រធាន​ការិយា​ល័យប្រព័ន្ធ​ប្រយុទ្ធ​នៃ​អង្គ​ភាព​គ្រប់​គ្រង​គម្រោង​ពិសេស​របស់កង​កម្លាំង​អវកាស​សហ​រដ្ឋ​អាមេរិក​ ដែល​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ខាង​លើ​។

CCS បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ទ័ព​អាកាស​អាមេរិកាំង ចាប់​ពី​ឆ្នាំ​2004។ កំណែ​ថ្មី​របស់​វា គឺ CCS Block 10.2 មាន​សមត្ថ​ភាពខ្ពស់​ក្នុង​ការ​​វាយ​ប្រហារ​ ទៅ​តាម​ការ​ចង់​បាន​​របស់​សហ​រដ្ឋ​អាមេរិក​ ហើយ​បន្ទាប់​មក ​វា​ក៏ត្រូវ​បាន​នាំ​យក​មក​ប្រើ​ប្រាស់​ក្នុង​ជួរ​កង​ទ័ព​អវកាស​។

មុខ​ងារ​សំខាន់​របស់​ប្រព័ន្ធ​អាវុធ​ខាង​លើ​នេះ មិន​ត្រូវបាន​គេ​បង្ហើប​ឱ្យ​ដឹង​នោះ​ទេ ក៏ប៉ុន្តែ អាវុធ​នេះ ប្រហែល​ជា​អាច​បង្ក​ការ​រំខាន ឬ​រាំង​ខ្ទប់​សញ្ញា​ និង​ព័ត៌មាន​ដែល​បញ្ជូន​ចេញ​ពី​ផ្កាយ​រណប​របស់​សត្រូវ​។ កំណែ​មួយ​ចំនួន​របស់ CCS រួម​មាន​ប្រព័ន្ធ​ថាសអង់តែន​ និង​ឧបរកណ៍​ជំនួយ​បច្ចេក​ទេស​។

កង​កម្លាំង​អវកាស​ គឺជាកងប្រដាប់​អាវុធ​ទី​6របស់​សហរដ្ឋ​អាមេរិក ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​ធ្នូ ឆ្នាំ​2019 ទៅ​តាមបញ្ជា​របស់​ប្រធានា​ធិបតី​ Donald Trump។ CCS មាន​ភារ​កិច្ច​ការ​ពារ​ផ្កាយ​រណប ទប់​ស្កាត់ និង​ប្រឆាំង​ចំពោះ​ការ​គំរាម​កំហែង​ក្នុង​អវកាស​ និង​អះអាង​អំពី​អំណាច​របស់​សហរដ្ឋ​អាមេរិក នៅ​ក្នុង​គន្លង​គោចរ​នៃ​ពិភព​ផែន​ដី​។

កង​កម្លាំង​ប្រដាប់​អាវុធ​ថ្មី​នេះ ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​នាយក​ដ្ឋាន​ទ័ព​អាកាស​សហរដ្ឋ​អាមេរិក និង​មាន​បុគ្គលិក​ចំនួន ​16,000​នាក់​។ បញ្ជាការដ្ឋានកង​ទ័ព​អវកាស​ ទទួល​ខុស​ត្រូវ​លើ​សកម្ម​ភាព​​ប្រយុទ្ធក្នុង​ទី​អវកាស​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​សីហា​ ឆ្នាំ​2019។​

​រុស្ស៊ី​ក៏ជា​ប្រទេស​តែ​មួយ​គត់​ក្រៅ​ពី​សហរដ្ឋ​អាមេរិក ធ្លាប់​មាន​កង​ទ័ព​អវកាស​ដោយ​ឡែក​។ កង​ទ័ពអវកាស​​រស្ស៊ី ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​1992 ក្រោយ​មក​ក៏​ត្រូវ​បាន​រម្សាយ និង​​ដាក់​បញ្ចូល​ទៅ​ក្នុងជួរ​កងទ័ព​ប្រភេទ​ផ្សេងជា​ច្រើន​លើក ហើយ​ក៏បាន​ក្លាយ​ជា​កងទ័ព​មួយប្រភេទ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​កង​ទ័ព​អាកាស​អវកាស​របស់​សហ​ព័ន្ធ​រុស្ស៊ី៕

ប្រភព៖ សារព័ត៌មាន​បរទេស

Advertisement