នៅទីបំផុតផលិតកម្ម រាម បញ្ចេញ Teaser MVបទថ្មីរបស់ មាស សុខសោភា

នៅថ្ងៃទី៩ ខែកុម្ភៈនេះ គេបានឃើញផលិតកម្ម រាម បានបញ្ចេញ​Teaser MVបទថ្មីរបស់ មាស សុខសោភា ដែលរំលេខផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកាល គួរជាទីចាប់អារម្មណ៍។ បទថ្មីរបស់កំពូលតារាចម្រៀងស្រីរូបនេះ ត្រូវបានគេដឹងថា ជាប្រភេទបុរាណ និងជាប្រភេទបទសាច់រឿងតគ្នា។ ចំណងជើងដំបូលដែលផលិតកម្ម រាម បានបញ្ចេញ មានចំណងជើងថា «Return» ដែល​មាន​ន័យ​ថា​ជា​ការ​វិល​ត្រឡប់ ហើយ​ក៏​ដូច​នឹង​ការ​វិល​ត្រឡប់​របស់ អតីត​តារា​ចម្រៀង​ថោន ក្រោយ​ពី​នាង​បាន​ស្ងប់ស្ងាត់​ចេញ​បទ​ចម្រៀង​យូរ​ក្រែល​ដែរ​ហើយ។

គេនៅមិនទាន់ដឹងថា បទចម្រៀងថ្មីរបស់កំពូលតារាចម្រៀងស្រីសំឡេងផ្អែមរូបនេះ មានភាពពីរោះខ្លាំងកម្រិតណាទេ តែយ៉ាងណាមិញអ្នកគាំទ្រអ្នកនាងនៅតែជឿជាក់លើទឹកដមសំឡេងរបស់អ្នកនាង ពោលទោះច្រៀងបទអ្វីក៏នៅតែពីរោះ។ បទចម្រៀងថ្មីមួយនេះ នៅមិនទាន់បញ្ចេញកាលវិភាគរបស់ខ្លួននៅឡើយទេ ក៏ប៉ុន្ដែគេបានដឹងថា បទថ្មីនេះ ជាការដឹកនាំសម្ដែងរបស់ ស្រីអូនសម្រស់ធម្មជាតិ ឬអ្នកនាង នួន ស៊ុនណារី ដែលជានាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ។

សូមជម្រាបផងដែរថា នៅពេលនេះគឺកាន់តែច្បាស់ការមែនទែនហើយថា កំពូលតារាចម្រៀងស្រី មាស សុខសោភា បានចូលជ្រកក្នុងផលិតកម្ម រាម បន្ទាប់ពីអ្នកនាងមានឈ្មោះជាតារាចម្រៀងឯករាជ្យអស់រយៈពេលមួយឆ្នាំ ក្រោយចាកចេញពីផលិតកម្មថោន ដែលខ្លួនធ្លាប់ជ្រកមកជិត ១០ឆ្នាំ៕

ទស្សនាវីដេអូខាងក្រោមនេះ  ៖

Advertisement