ខុន​ដូ​សម្រាប់​ជួលមួយ​កន្លែង​នៅ​អាម៉េរិក ​មាន​តម្លៃ​ខ្ពស់​ជាងគេ​បង្អស់​នៅ​នី​វ​យ៉​ក

(សហរដ្ឋ​អាម៉េរិក) – ខុន​ដូ​មួយ​ស្ថិតនៅក្នុង​មជ្ឈមណ្ឌល Manhattan ទើបតែ​បាន​បំបែក​កំណត់ត្រា​ស្ដីពី​ថ្លៃ​ជួល​ដែល​ខ្ពស់បំផុត​នៅ​ទីក្រុង​នី​វ​យ៉​ក ដោយមាន​តម្លៃ 125,000 ដុល្លារ/ខែ។

អត្តសញ្ញាណ​របស់​អ្នក​ជួល​ខុន​ដូ​នេះ មិន​ត្រូវបាន​បង្ហើប​ឱ្យដឹង​នោះទេ។ Jessica C. Campbell របស់ Nest Seekers International ដែលជា​ឈ្មួញ​ជើងសារ​ផ្នែក​អចលនទ្រព្យ​ឱ្យដឹងថា អ្នក​ជួល​បាន​យល់ព្រម​ភ្លាម​នៅក្នុង​ថ្ងៃ​មក​មើល​ខុន​ដូ។ «តម្លៃ​ជួល​បាន​បំបែក​កំណត់ត្រា​នៅ​កណ្ដាល​ទីក្រុង ប៉ុន្តែ​ក៏​ស័ក្ដិសម​ដែរ ព្រោះ​វា​ជា​កន្លែង​ដ៏​ថ្លៃថ្នូរ» Jessica C. បញ្ជាក់​ដូច្នេះ។

ជាមួយនឹង​តម្លៃ​ត្រូវ​បង់ 125,000 ដុល្លារ​ក្នុង​មួយខែ អតិថិជន​អាច​រស់នៅក្នុង​ខុន​ដូ​ទំហំ​ជាង 600 ម៉ែត្រការ៉េ​នៅ​ជាន់​ទី 20 និង 21 របស់​អគារ​ 100 Vandam។ យោងតាម Jessica C. នេះ​គឺជា​កន្លែង​ស្នាក់នៅ​មួយ​ដ៏​អស្ចារ្យ​បំផុត​ដែល​ធ្លាប់​ឃើញ​នៅ​នី​វ​យ៉​ក។

ខុន​ដូ​ខាងលើ​មាន​បន្ទប់ដេក​ចំនួន 6 បន្ទប់ទឹក​ចំនួន 7 និង​អាច​មើលទៅ​កាន់​ទន្លេ Hudson កំពង់ផែ New York និង​រូបសំណាក Statue of Liberty យ៉ាង​ពេញភ្នែក។ ខុន​ដូ​នេះ​ក៏មាន​គ្រឿងសង្ហារិមប្រណិតៗ រួម​នឹង​បន្ទប់​ដែល​ប្រៀបបាន​ទៅនឹង​កន្លែង​កម្សាន្ត និង​សម្រាក​លំហែកាយ​ដ៏​អស្ចារ្យ។ វា​ក៏មាន​សួរ​ច្បារ​ទំហំ 350 ម៉ែត្រការ៉េ​ផងដែរ។

អគារ​ខុន​ដូ 100 Vandam មាន​កម្ពស់ 25 ជាន់ និងត្រូវ​បាន​​រចនា​ដោយ​ក្រុមហ៊ុន CookFox Architects។

បើ​ទោះ​អគារ 100 Vandam មាន​ខុន​ដូ​ដែលមាន​ថ្លៃ​ជួល​ខ្ពស់បំផុត ប៉ុន្តែ​នេះ​គឺជា​តម្លៃ​ដែល​ប្រកាស​ជា​សាធារណៈ។ យោងតាម New York Post ទីក្រុង​នី​វ​យ៉​ក​នៅមាន​អគារ​ដទៃទៀត​ដែល​ដាក់ឱ្យ​ជួល​ខុន​ដូ​ក្នុងតម្លៃ​ថ្លៃ​ជាង​នេះ។ ក៏ប៉ុន្តែ នោះ​គឺជា​កិច្ចព្រមព្រៀង​ដែល​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​ផ្សព្វផ្សាយ៕

Advertisement