Taylor Swift ចំណាយ​ជាង 50 លាន​ដុល្លារ​សម្រាប់​ជា​អំណោយ​ជូន​ក្រុមការងារ

កំពូល​តារាចម្រៀង​ប៉ប់ Taylor Swift បាន​ចំណាយ​ប្រាក់​ចំនួន 55 លាន​ដុល្លារ សម្រាប់​ជា​រង្វាន់​ជូន​ក្រុមការងារ​បើកឡាន អ្នករៀបចំ​អាហារ​ហូប​ចុច អ្នក​ដំឡើង​ឆាក និង​ក្រុម​អ្នករាំ​ជាដើម ដែល​ធ្វើការ​នៅក្នុង​ដំណើរ​សំដែង Eras Tour របស់​នាង​នៅ​សហរដ្ឋ​អាម៉េរិក។

យោងតាម​ប្រភពព័ត៌មាន​នានា​ដែល​បាន​ប្រាប់​ទំព័រ People កំពូល​តារាចម្រៀង​ស្រី Taylor Swift ថ្មីៗនេះ​បានប្រគល់​ប្រាក់រង្វាន់​ជូន​ដល់​បុគ្គលិក​ទាំងអស់​ដែល​បម្រើការ​នៅក្នុង​ដំណើរ​សំដែង​ជុំវិញ​សហរដ្ឋ​អាម៉េរិក​របស់​នាង​នៅក្នុង​រយៈពេល 5 ខែ​កន្លង។

ទំព័រ TMZ ក៏បាន​ផ្សាយ​ថា កំពូល​តារាចម្រៀង​វ័យ 33 ឆ្នាំ​រូបនេះ បានផ្ដល់​រង្វាន់​ជូន​ដល់​អ្នកបើកបរ​រថយន្តម្នាក់ៗ 100,000 ដុល្លារ។ អ្នកបើកបរ​រថយន្ត​ដឹក​សម្ភារៈ​សម្រាប់​ការសម្ដែង​របស់ Taylor Swift មាន​ប្រហែល 50 នាក់ ដែល​នេះ​មានន័យថា គ្រាន់តែ​អ្នកបើកបរ​រថយន្ត​មួយ​មុខ Taylor ត្រូវ​ចំណាយ​ប្រាក់​អស់ 5 លាន​ដុល្លារ​បាត់ទៅហើយ។

ទិន្នន័យ​របស់ Pollstar បង្ហាញថា Eras Tour រកប្រាក់​ពី​ការលក់​សំបុត្រ​បាន 300.8 លាន​ដុល្លារ​អាម៉េរិក រាប់​ចាប់តាំងពី​ខែមីនា​រហូតដល់​បច្ចុប្បន្ន។ តម្លៃ​ជា​មធ្យម​របស់​សំបុត្រ​ចូល​ទស្សនា​ខន់​ស៊ើ​តរបស់ Taylor Swift គឺ 253 ដុល្លារ។ បន្ទាប់ពី​ការសម្ដែង​នៅក្នុង 22 ទីតាំង​បានបញ្ចប់ Eras Tour លក់​សំបុត្រ​បាន​ជាង​មួយ​លាន​សន្លឹក។

តាម​គម្រោង Taylor Swift នឹង​បញ្ចប់​រដូវ​កាល​សម្ដែង​របស់ខ្លួន​នៅ​សហរដ្ឋ​អាម៉េរិក​ត្រឹម​ពាក់កណ្ដាល​ខែសីហា​នេះ។ ចាប់ពី​ចុងខែ​នេះ Taylor Swift នឹង​ចាប់ផ្ដើម​ដំណើរ​សម្ដែង​របស់ខ្លួន​នៅ​អាម៉េរិក​ឡាទីន បន្ទាប់មក​គឺ​នៅ​អាស៊ី អឺរ៉ុប និង​អូស្ត្រាលី​នា​ឆ្នាំក្រោយ។

កម្មវិធី​ដំណើរ​សម្ដែង Eras Tour របស់ Taylor Swift ត្រូវបាន​គេ​ព្យាករ​ថា នឹង​ជា​ព្រឹត្តិការណ៍​សម្ដែង​ដែល​រកបាន​ប្រាក់ចំណូល​ច្រើនជាងគេបង្អស់​នៅ​គ្រប់​សម័យកាល។

យោងតាម​ស្ថិតិ​របស់​ទស្សនាវដ្ដី Forbes ដែល​បាន​ចុះផ្សាយ​កាលពី​ខែមិថុនា 2023 Taylor Swift គឺជា​អ្នកចម្រៀង​រកស៊ី​មានបាន​ដោយ​ខ្លួនឯង​មានទ្រព្យ​ច្រើនជាងគេ​លំដាប់​ទី​ពីរ​ក្នុង​វិស័យ​ចម្រៀង បន្ទាប់ពី Rihanna។ នាង​ក៏​ជាប់​ចំណាត់ថ្នាក់​ទី 34 នៅក្នុង​តារាង​ចំណាត់ថ្នាក់​ស្ដីពី «ស្ត្រី​រកស៊ី​មានបាន​ដោយ​ខ្លួនឯង​ដែលមាន​ទ្រព្យ​ច្រើន​បំផុត​នៅ​សហរដ្ឋ​អាម៉េរិក»។ ទ្រព្យ​សរុប​របស់ Taylor Swift ត្រូវបាន​គណនា​ឃើញថា មាន​រហូតដល់ 740 លាន​ដុល្លារ​អាម៉េរិក៕

Advertisement