អៀង វិច្ឆ័យ៖ ដើម្បីមានទីផ្សារការងារត្រូវតែចេះភាសាបរទេស

បច្ចុប្បន្នពេលនឹកដល់ពិធីករប្រុសចេះនិយាយភាសាអង់គ្លេសគេតែងនឹកដល់ VJ តាប៊ុយ ប៉ុន្ដែគេហាក់មើលរំលងទៅលើសមត្ថភាពលោក អៀង វិច្ឆ័យ ជាពិធីករនៅប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័នគ្រាដែលលោកប្រើប្រាស់ភាសាអង់គ្លេសក្នុងការនិយាយ និងបកប្រែបានយ៉ាងស្ទាត់ជំនាញដែរនោះ។

កន្លងមកគេធ្លាប់ឃើញលោក អៀង វិច្ឆ័យ បង្ហាញវត្ដមាននៅក្នុងកម្មវិធីនៃការប្រគំតន្រ្ដី ឬកម្មវិធីថ្នាក់ជាតិនានាក្នុងឋានៈជាពិធីករដែលប្រើប្រាស់តែខេមរៈភាសាប៉ុណ្ណោះ។ ហេតុនេះហើយទើបធ្វើឱ្យទស្សនិកជនដែលធ្លាប់ស្គាល់លោកមានការភ្ញាក់ផ្អើលជាមួយតារាសម្ដែង និងពិធីកររូបនេះជាខ្លាំងនៅពេលគេបានដឹងពីសមត្ថភាពរបស់លោកថា លោកអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អដែរនោះ។

លោក អៀង វិច្ឆ័យ បានបញ្ជាក់ប្រាប់ថា លោកចេះនិយាយភាសាអង់គ្លេសយូរណាស់មកហើយ តាំងពីលោកនៅជាពិធីករប្រចាំនៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ3មកម្លេះ។ គ្រាន់តែលោកមិនទាន់មានឱកាសបានធ្វើការងារពាក់ព័ន្ធនឹងភាសាអង់គ្លេសតែប៉ុណ្ណោះ។ ពិសេសបណ្ដាក្រុមហ៊ុននានា ក៏មិនបានដឹងថា លោកអាចប្រើប្រាស់ភាសាអង់គ្លេសបានដែរ។ ក្រោយពីមានក្រុមហ៊ុនមួយចំនួនបានដឹងថា លោកអាចនិយាយភាសាអង់គ្លេស និងបកប្រែភាសាបានទើបលោកចាប់ផ្ដើមមានទីផ្សារការងារជាបន្ដបន្ទាប់តែម្តង។

លោកបញ្ជាក់ថា៖«កាលពីដំបូងខ្ញុំរៀនភាសាអង់គ្លេសមិនបានគិតអ្វីវែងឆ្ងាយទេ គ្រាន់តែសង្ឃឹមថា នៅពេលចេះភាសាអង់គ្លេសវានឹងងាយស្រួលរកការងារធ្វើធម្មតាៗតែប៉ុណ្ណោះ។ តែពេលខ្ញុំ ចាប់អាជីពជាពិធីករទើបខ្ញុំដឹងថា ភាសាអង់គ្លេសពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទំនាក់ទំនង និងបង្កើតទីផ្សារការងារសម្រាប់ខ្លួនឯង»។

ខណៈកម្ពុជាបានពង្រីកពាណិជ្ជកម្មជាមួយក្រុមហ៊ុនបទេសជាច្រើន លោក អៀង វិច្ឆ័យ បានលើកឡើងថា ចំពោះភាសាអង់គ្លេសវាពិតជាសំខាន់ណាស់ ក្រៅពីភាសាជាតិយើងគួរតែចេះភាសាបទេសមួយទៀត មិនថាតែភាសាអង់គ្លេស ឬភាសាណាទេ។ ឱ្យតែចេះប្រាកដយើងនឹងងាយស្រួលរកងារធ្វើខ្លាំងណាស់៕

Advertisement