ខាត់ សុឃីម អំពាវនាវឱ្យបងប្អូនទាំងអស់ចូលរួមគោរពវិញ្ញាណក្ខន្ធ ឌីជេ អាលីយ៉ា ជាលើកចុងក្រោយ

ពិតជាគួរឱ្យអនិច្ចាណាស់ តារាសម្ដែង បង្ហាញម៉ូដ និងជាពិធីការិនីនិយាយភាសាអង់គ្លេសបានល្អ អ្នកនាង អាលីយ៉ា ខណៈនេះបានទទួលមរណភាពហើយ។

គួរកត់សម្គាល់ផងដែរថា អ្នកលេងបណ្ដាញសង្គមជាច្រើនបាននាំគ្នា Share រូបភាពអ្នកនាង និងសកម្មភាពសប្បុរសធម៌ដែលអ្នកនាងធ្លាប់បានចូលរួមដោយក្ដីអាឡោះអាល័យ សោកសង្រេង និងបានឧទ្ទិសឱ្យវិញ្ញាណក្ខន្ធអ្នកនាងបានទៅកាន់សុគតិភព បើទោះបីជាអ្នកនាងមិនទាន់ទទួលបានយុតិ្តធម៌អស់រយៈពេលជាង 2 ឆ្នាំមកហើយក្ដី។

ក្នុងនោះដែរ​សិល្បការិនីពហុជំនាញទាំងសម័យ និងបុរាណ អ្នកនាង ខាត់ សុឃីម ក៏បានបង្ហោះសារនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន អំពាវនាវឱ្យបងប្អូនអ្នកគាំទ្រ ឌីជេ អាលីយ៉ា និងតារាសិល្បករ-សិល្បការិនីទាំងអស់ ចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធ ឌីជេ អាលីយ៉ា ជាលើកចុងក្រោយ។ អ្នកនាង ខាត់ សុឃីម បានបញ្ជាក់ដំណឹងថា «សូមជម្រាបជូនបងប្អូនទាំងអស់គ្នាថា​ អាលីយ៉ា​ New Aaliyah Liyah Aaliyah Khao នឹងត្រូវលើកចូលផ្ទះថ្មីរបស់នាងនៅម៉ោង​1រសៀលនេះ​ ហើយលើកចូលមេរុ​នៅម៉ោង​ 3រសៀល​ ហើយបូជានៅម៉ោង​ 3:20 នាទីរសៀល​ ថ្ងៃទី​28 ខែមិថុនា​ ឆ្នាំ​2018នេះ​តែម្ដង នៅវត្ត​ “ទួលសារាវន្ត​” ហៅវត្ត​ “ទួលអស់លោក”​ ចូលតាមច្រកទល់មុខ​ស្ថានីយទូរទស្សន៍​ CTN​ ឫស្សីកែវយើងនេះ។ សេចក្ដីដូចបានជម្រាបជូនខាងលើ​ សូមបងប្អូនជិតឆ្ងាយជ្រាបជាដំណឹង» ។

គួរជម្រាបជូនបន្ថែមដែរថា ប្រសិនបើបងប្អូនប្រិយមិត្តអ្នកគាំទ្រ ឌីជេ អាលីយ៉ា មានបំណងចូលរួមពិធីបុណ្យសព សូមអញ្ជើញទៅចូលរួមបានទាំងអស់គ្នាដើម្បីជូនដំណើរនាងទៅកាន់សុគតិភពជាលើកចុងក្រោយ៕

Advertisement