នាយ ចឺម និងថៅកែផលិតកម្មភាពយន្ត BKS រួមគ្នាបង្កើតជំនួញក្រៅសិល្បៈ

ភ្នំពេញៈ ក្រោយ​ពី​​ទទួល​បាន​ផល​​ផ្លែ​ផ្កា​ខ្លាំងនៅ​​ក្នុង​​វិស័យ​សិល្បៈ​ តារា​កំប្លែង​វ័យ​ក្មេង និង​ចម្រៀង​ប្រចាំ​ផលិត​​​​កម្ម​សាន់​ដេ មាន​ឈ្មោះ​ពិត សុខ មេសា ហៅ​​នាយ ចឺម សមាជិក​នៃ​ក្រុម​កំប្លែង ​ប្រចាំ​ទូរទស្សន៍​ស៊ី​ធី​​អិន​​​ ថ្មីៗ​នេះ​ក៏​កើត​គំនិត​ធ្វើ​អាជីវ​កម្ម​ថ្មី​ក្រៅ​ពី​សិល្បៈ ​ដោយ​លេច​ឮ​ដំណឹង​​ថា​ដាក់​ទុន​រួម​គ្នា​ជាមួយ​នឹង​ចាង​ហ្វាង​​កុន​វ័យ​ក្មេង​គឺ​លោក ឈុន​ សុវណ្ណ​ភក្តី​ ជា​ថៅ​កែ​​ផលិត​​កម្ម​ BKS Production។

តារា​​កំប្លែង​មាន​ដុង​តាំងពី​វ័យ​ក្មេង​ ដែល​បច្ចុប្បន្ន​វ័យ ២២ ឆ្នាំ មាន​ស្រុក​កំណើត​មកពី​ខេត្ត​កំពង់ស្ពឺ​គឺ​ជា​ក្មួយ​​ប្រុស​បង្កើត​ជា​តារា​កំប្លែង​ដ៏​ល្បី​នាយ ក្រូច​ នោះ បាន​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «មែន​តា​បង!​ខ្ញុំ​ និង​​​នាយ​ក្តី [លោក ឈុន ​សុវណ្ណភក្តី ]​ ដែល​បាន​រាប់​អាន​គ្នា​ដូចជា​បង​ប្អូន​បង្កើត​អ៊ីចឹង មាន​គំនិត​រួម​គ្នា​​សហ​​ការ​បង្កើត​ការ​ងារ​រកស៊ី​មួយ​តាម​អ្វី​ដែល​រៀង​ខ្លួន​មាន​តែ​ប៉ុណ្ណោះ​​ អាច​បម្រើ​អតិថិជន​បាន តែ​មិន​មាន​​ការ​ដាក់​ទុក​ជា​លុយ​កាក់​ដូចជា​ជំនួញ​ក្រុម​ហ៊ុន​អ្វី​នោះ​ទេ​។ គឺ​ថា ខ្ញុំ​មាន​សេវា​កម្ម​ក្រុម​តន្រ្តី​ផ្ទាល់​ខ្លួន​ឈ្មោះ​​ក្រុម​តន្រ្តី​​នាយ​ចឺម ដែល​អាច​បម្រើ​សេវា​កម្ម​ជួល​កម្សាន្ត​តាម​កម្ម​ពិធី​មង្គល​ការ ជប់​លៀង ឬ​កម្ម​វិធី​អា​ហ្វែ​រ​​នានា​ទាំង​ក្រុង និង​ខេត្ត​នានា។ ចំណែក​លោក ភក្តី​ គាត់​មាន​លក់​គ្រឿង​អេឡិច​ត្រូ​និច​​ទំនើប​ៗ និង​​សេវា​កម្ម​ម្ហូប​អាហារ​​។ ​​ពិសេស​នោះ នាយ​ក្តី គាត់​មាន​ផលិត​ Power Bank ដែល​អាច​សាក​ថ្ម​បាន​ចំនួន​ ១០ ដង​បាន​ មាន​តម្លៃ​គួរ​សម​សម្រាប់​អ្នក​និយម​ដើរ​កម្សាន្ត​ទី​​ឆ្ងាយ​ ហើយ​ត្រូវ​ការ​វា​សម្រាប់​សាក​ថ្ម​ទូរ​​សព្ទដៃ ​បាន​ច្រើន​លើក​នោះ​ផង​ដែរ។​  ​ពួក​យើង​ក៏​បាន​ចាប់​ផ្តើម​ផ្សព្វ​​ផ្សាយ​សេវា​កម្ម​នេះ ​នៅ​តាម​ទំព័រ​ហ្វេសប៊ុក ​BKS Production បណ្តើរៗ​មក​ហើយ​ដែរ»។​

នាយ​ ចឺម ដែល​គេ​ឧស្សាហ៍​ឃើញ​ដូរ​ស៊េរី​រថយន្ត​ទំនើប​ណាស់​ដូចជា​ដូរ​ចេញ​ពី​ម៉ាក Lexus 300 មក​ជិះ​ម៉ាក Hammer តម្លៃ​រាប់​ម៉ឺន​ដុល្លារ បាន​ធ្វើ​ឲ្យ​មហាជន និង​មិត្ត​អ្នក​សិល្បៈ​បើក​ភ្នែក​ធំៗ និង​ធ្លាប់​មាន​ក្តី​ស្រមៃ​ទិញ​​ផ្ទះ​វីឡា​តម្លៃ​២០ ម៉ឺន ដុល្លារ ទៀត​ផង។ តារា​កំប្លែង​ នាយ ចឺម ក៏​ធ្លាប់​បង្ហើប​ប្រាប់​ដែរ​ថា៖ «បើ​តាម​ចិត្ត​ចង់​ទិញ​នោះ គឺ​ជា​ផ្ទះ​វីឡា ដែល​មាន​តម្លៃ ២០ ម៉ឺន ដុល្លារ​។ តែ​ពេល​នេះ មិន​ទាន់​មាន​ប្រាក់​គ្រប់​គ្រាន់​នៅ​ឡើយ ហើយ​គ្រាន់តែ​ជា​ក្តី​ស្រមៃ​ចង់​បាន​របស់​​ខ្ញុំ​ប៉ុណ្ណោះ»៕​

 

Advertisement