បានទាំងស្អាត បានទាំងជួយកសិករខ្មែរទៀត!! កំពូលតារាចម្រៀងស្រី មាស សុខសោភា បង្ហាញវិធីរក្សាសម្រស់តែបែបធម្មជាតិ និងគាំទ្រផលិតខ្មែរ

នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់កំពូលតារាចម្រៀងស្រី មាស សុខសោភា បានបង្ហោះរូ​បភាពជាច្រើនសន្លឹក ព្រមទាំងវិធីធ្វើផ្លែប័រ ផ្តល់អត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព និងធ្វើឱ្យស្បែកមានសំណើម។ ដូចដឹងស្រាប់ហើយថា អ្នកនាង មាស សុខសោភា គឺជាតារាចម្រៀងដែលពូកែថែរាងកាយបំផុត សូម្បីតែសម្រស់នាងក៏នៅតែក្មេងជាងវ័យផងដែរ។

មាស សុខសោភា រៀបរាប់ប្រាប់មហាជនថា «សួស្ដីបងប្អូនទាំងអស់គ្នា នាងខ្ញុំចង់បង្ហាញពីវិធីធ្វើផ្លែប័រ មួយបែប ដែលនាងខ្ញុំចូលចិត្តធ្វើញុំា បន្ទាប់ពី ការហាត់ប្រាណរួច ព្រោះវាផ្ដល់អត្ថប្រយោជន៏ច្រើន សម្រាប់សុខភាព និងធ្វើឱ្យស្បែកមានសំណើមផងដែរ។ វិធីធ្វើនោះគឺ ដំបូងយើងឆ្កិះយកគ្រាប់ផ្លែប័រចេញ ហើយអាំងជាមួយពងមាន់10នាទី រួចឆ្អិនហើយ យើងអាចដាក់ម្រេច អំបិល ក្រូចឆ្មាហើយអាចញុំាបាន។ ផ្លែប័រនេះ នាងខ្ញុំទិញពីខាងកសិករខ្មែរយើង នៅខេត្តមណ្ឌលគិរី ចឹងបងប្អូនអាចសាកធ្វើញុំាបានណា បានទាំងសុខភាព ហើយបានទាំងការគាំទ្រផលិតផលខ្មែរយើងផងដែរ»។

សូមជម្រាបផងដែរថា តារាចម្រៀងស្រីរូបនេះ មិនតែណែនាំអ្នកគាំទ្រពីវិធីថែរក្សាសម្រស់និងសុខភាពតែប៉ុណ្ណោះទេ ថែមទាំងបំផុតគំនិតអ្នកគាំទ្រឱ្យជួយគាំទ្រផលិតផលខ្មែរយើងថែមទៀតផងដែរ៕


Advertisement