យូរី ចេញមុខបកស្រាយរឿង អតីតគូស្នេហ៍ចោទនាងសាវា

បន្ទាប់ពីមានការលើកឡើងរបស់លោករ៉េត អតីតអ្នកដឹកនាំនៅក្នុងផលិតកម្មសាន់ដេ មកលើតារាចម្រៀងយូរី ថានាងជានារីសាវាទៅស្រវាអ្នកថ្មីបន្ទាប់ពីពួកគេបានរួមរស់ជាមួយគ្នាអស់រយៈពេល 4 ឆ្នាំមកហើយនោះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងក្នុងបណ្ដាញសង្គម ។

ខណៈរឿងរ៉ាវទាំងនោះបានចែកចាយក្នុងបណ្ដាញសង្គម ក៏ដូចជាបណ្ដាញសារព័ត៌មានក្នុងស្រុកយ៉ាងគគ្រឹកគគ្រេងនាពេលព្រឹកមិញនេះ រំលងបានមិនយូរប៉ុន្មាន កញ្ញា យូរី ក៏បានCall មកអ្នកយកព័ត៌មានគេហទំព័រឡារ៉ែន Online ដើម្បីធ្វើការបកស្រាយនូវការពិត។

កញ្ញា យូរី បានទទួលស្គាល់នូវការពិតថា ពួកគេទាំងពីរ(លោករ៉េត និងយូរី)ពិតជាធ្លាប់មានទំនាក់ទំនងស្នេហានឹងគ្នាដូចអ្វីដែលគេបានលើកឡើងនោះមែន ប៉ុន្ដែរហូតមកដល់ពេលនេះ ពួកគេបានបញ្ចប់សម្ព័ន្ធមេត្រីភាពរវាងគ្នារួចហើយ។ នាងបន្ដថា៖”ការពិតខ្ញុំនឹងគាត់បានចប់គ្នាអស់ហើយ វាគ្រាន់តែជារឿងអតីតកាលប៉ុណ្ណោះ ហើយទាក់ទងនឹងរឿងខ្ញុំមានអ្នកថ្មី គឺជារឿងយល់ច្រឡំទេ ហើយខ្ញុំក៏បានដោះស្រាយជាមួយគាត់រួចរាល់អស់ហើយដែរ។

តារាចម្រៀងរូបនេះបានលើកឡើងថា នាងពុំបានដឹងរឿងដែលអតីតគូស្នេហ៍យល់ច្រឡំមកលើនាងនេះទេ ព្រោះមួយរយៈចុងក្រោយនេះនាងឧស្សាហ៍ចេញទៅច្រៀងតាមបណ្ដាខេត្ដ។ ពិសេសយប់ម្សិលមិញក៏នាងជាប់រវល់ច្រៀងនៅស្រុកដំដែក ខេត្ដសៀមរាប ក៏ពុំបានដឹងរឿងអ្វីដែរ។ គ្រាន់តែនាងងើបឡើងពេលព្រឹក ក៏ស្រាប់តែឃើញរឿងនេះត្រូវបានគេចែកចាយក្នុងបណ្ដាញសង្គមតែម្ដង។

យូរីបញ្ជាក់ថា ក្រោយពីនាងបានឃើញព័ត៌មាននៅព្រឹកនេះ ក្នុងអំឡុងម៉ោងប្រមាណជា 9ព្រឹក នាងបានCall ទៅដោះស្រាយជាមួយលោករ៉េត នោះរួចហើយ។ ជាលទ្ធផលអ្នកទាំងពីរបានសម្រេចឈប់និយាយអ្វីប៉ះពាល់ពីគ្នាទៅវិញទៅមក នឹងបានកែប្រែពីអ្វីដែលធ្លាប់យល់ច្រឡំមករាប់អានគ្នាដូចមិត្ដធម្មតាវិញ។

បើទោះជាមានការបង្ហាញរូបភាពស្និទ្ធស្នាលរវាងនាង និងអតីតគូស្នេហ៍ ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលដែលគេគិតថា អាចប៉ះពាល់ដល់កិត្ដិយសនាងក៏ដោយ ក៏តារារូបនេះនៅតែការពារអតីតគូស្នេហ៍ថា៖ ”ការពិតគាត់ជាមនុស្សល្អទេ តែដោយសារតែការយល់ច្រឡំទើបគាត់ធ្វើបែបនេះ ខ្ញុំក៏ពុំបានខឹងគាត់ដែរ។ ជាមួយគ្នានោះនាងក៏បានសំណូមពរឱ្យបណ្ដាសារព័ត៌មានផ្អាកការសរសេរដោយវិភាគលើកំហុសភាគីម្ខាងៗដើម្បីបញ្ជៀសនូវការយល់ច្រឡំបន្ដទៀត។

ជាមួយគ្នានេះយូរី បានបកស្រាយថា នាង និងលោកប៊ីម៉ូ មិនមែនជាគូស្នេហ៍នឹងគ្នាទេ នាងគ្រាន់តែជាមិត្ដរួមការងារដែលមហាជនបានស្គាល់ថា ពួកយើងជាដៃគូដ៏ស័ក្តិសមក្នុងបទ”ចាក់ទឹកដូង” និងបទ ”នំប៉័ងប៉ាតេ” ប៉ុណ្ណោះ។

ជុំវិញការបង្ហោះរូបភាពទាំងនេះត្រូវបានកញ្ញាយូរី បញ្ជាក់ថា ការបង្ហោះរូបភាពនេះនាង គិតថា វាដូចជាមិនចោទ ឬមានបញ្ហាអ្វីឡើយសម្រាប់នាង ព្រោះវារូបភាពបង្ហាញពីក្ដីស្រឡាញ់មិនមែនជារូបភាពអាក្រាតអ្វីនោះទេ។
ម្យ៉ាងបើទោះជានាងជាតារាចម្រៀងក៏នាងមានសិទ្ធិបុគ្គលក្នុងការមានស្នេហាដែរ។ផ្ទុយទៅវិញនាងទទួលស្គាល់ថាវាក៏អាចជះឥទ្ធិពលមិនល្អសម្រាប់អាជីពរបស់ខ្លួនដែលអាចធ្វើឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពនាងខ្លះដែរ ។

នាងបន្ដថា ចំពោះផលិតកម្មសាន់ដេ យល់យ៉ាងណាចំពោះរឿងដែលកើតឡើងលើនាងនេះ ក៏នាងមិនទាន់អាចធ្វើការបកស្រាយបានដែរ ដោយសារតែក្នុងព្រឹកនេះនាងពុំទាន់បានទំនាក់ទំនងគ្នាជាមួយក្រុមហ៊ុននៅឡើយ៕

 

 

Advertisement