ព្រឺសម្បុរ និងស្រក់ទឹកភ្នែកក្នុងព្រឹត្តិការណ៍សម្ពោធរឿង “វិកលចរិត” ម្ដងទៀត

កាលពីរាត្រីថ្ងៃទី26 ខែកក្កដា ឆ្នាំ2017 នៅបរិវេណរោងភាពយន្ដទំនើប Major Cineplex ក្នុងផ្សារទំនើប AEON មានរៀបចំកម្មវិធីអបអរ និងបើកសម្ពោធការចាក់បញ្ជាំងរឿង “វិកលចរិត” ព្រមៗគ្នា3ប្រទេស រួមមាន កម្ពុជា ថៃ ឡាវ ហើយអ្វីដែលកាន់តែពិសេសទៅទៀតនេះគឺ ចំណូលដែលបានពីការចាក់បញ្ជាំងរឿងនេះក្នុងទាំង3ប្រទេសនោះនឹងត្រូវដក 1 ដុល្លារពីតម្លៃសំបុត្រកុន1សន្លឹកដើម្បីយកទៅបរិចា្ចគដល់កុមារកំព្រា និងកុមារបាត់បង់សតិបញ្ញានៅកម្ពុជាផងដែរ។

ព្រឹត្តិការណ៍ដែលនឹកស្មានមិនដល់នៅរាត្រីថ្ងៃនោះបានធ្វើឱ្យអ្នកទស្សនា និងអ្នកគាំទ្រដែលស្រឡាញ់​វិស័យភាពយន្ដ ព្រមទាំងទស្សនិកជនដែលបានមកចូលរួមក្នុងកម្មវិធីសម្ពោធរឿង “វិកលចរិត” ទាំងក្នុង និងក្រៅកម្រាលព្រំក្រហមបានព្រឺសម្បុររំភើប និងចេញទឹកភ្នែករលីងរលោង ខណៈដែលប្អូនៗកុមារកំព្រាដែលមកពីមណ្ឌុលកុមារកំព្រាលោកតា ហ្វ៊ុយ សូ ចេញមកសម្ដែងនូវចម្រៀងមួយបទដែលមានចំណងជើងថា “ជីវិតក្មេងកំព្រា”​ អមទៅដោយពន្លឺភ្លើងទៀនដែលបង្ហាញពីភាពកក់ក្ដៅឡើងវិញ ព្រោះកន្លងមកធ្លាប់តែរស់នៅក្នុងភាពឯកា កណ្ដោចកណ្ដែង ជាហេតុធ្វើឱ្យមានកម្លាំងជំរុញទឹកចិត្ត និងជំពប់អារម្មណ៍ទស្សនិកជនដែលបានចូលរួមទាំងអស់ឱ្យទប់ទឹកភ្នែកស្ទើរតែមិនបាន។

ក្នុងនោះដែរលោក មាតុចក្រ ឬ ហ៊ុយ យ៉ាឡេង បានប្រាប់អ្នកយកព័ត៌មានគេហទំព័រ ឡារ៉ែនថា គោលគំនិតដែលលោកបាននឹកឃើញយកទស្សនីយភាពពន្លឺភ្លើងទៀនដែលសម្ដែងដោយកុមារកំព្រាទាំងអស់នេះមកជូន ក៏ព្រោះតែលោកចង់បង្ហាញអំពីស្មារតីរួបរួមគ្នា សាមគ្គីភាពគ្នាដែលផ្ដល់នូវភាពកក់ក្ដៅទៅកាន់កុមារកំព្រាកម្ពុជាទាំងអស់ឱ្យទស្សនិកជនបានដឺង ព្រមទាំងមកទស្សនារឿងនេះទាំងអស់គ្នាទោះជាអ្នកខ្លះធ្លាប់បានទស្សនាហើយ និងមិនទាន់ហើយក្ដី ព្រោះថា ការទស្សនាម្ដង ស្មើនឹងបានរួមចំណែកបរិច្ចាគ 1 ដុល្លារទៅកាន់កុមារកំព្រា និងកុមារបាត់បង់សតិបញ្ញាទាំងអស់ដែលជាជនជាតិខ្មែរយើង។

គួរបញ្ជាក់ផងដែរថា អ្នកដឹកនាំរឿងរូបនេះបានបញ្ជាក់ហើយបញ្ជាក់ទៀតថា នេះអាចចាត់ទុកថា ជាប្រវត្តិសាស្ត្រដំបូងបង្អស់របស់កម្ពុជាហើយដែលកុនរបស់កូនចៅខ្មែរយើងបានដាក់បញ្ជាំងដល់ទៅ 3 ប្រទេសរួមគ្នា និងបានចូលរួមបរិច្ចាគថវិកាពី 3 ប្រទេស កម្ពុជា ថៃ ឡាវ ទៅដល់មន្ទីរពេទ្យកុមាជាតិ និងកុមារកំព្រានៅក្នុងប្រទេសកម្ពុជា ព្រោះថា ទម្រាំតែទទួលបានការយល់ព្រមឱ្យចាក់បញ្ជាំងនៅស្រុកគេ គឺមានការឆ្លងកាត់ការសម្រិតសម្រាំងជាច្រើនដំណាក់កាល។

ដូច្នេះជាចុងក្រោយនេះ កូនខ្មែរ និងជាអ្នកដឹកនាំរឿងរូបនេះមានក្ដីរំពឹង និងសង្ឃឹមថា កូនខ្មែរដែលស្រឡាញ់កុនខ្មែរ និងសិល្បៈវប្បធម៌ខ្មែរទាំងអស់នឹងទៅជួយគាំទ្រលើកស្ទួយខ្សែភាពយន្ដខ្មែរមួយនេះដែលការចូលទស្សនារបស់អ្នកគឺ ស្មើនឹងការជួយសង្គមជាតិដោយបានបរិច្ចាគទៅដល់ប្អូនៗកុមារដែលកំពុងរង់ចាំជំនួយពីអ្នកទាំងអស់គ្នាជាទស្សនិកជន៕

Advertisement