អ៊ិន សុភិន ពន្លះរឿងថាលោកជំពាក់លុយផ្សាយពាណិជ្ជកម្ម

នៅពេលថ្មីៗនេះ លោក អិន សុភិន ដែលគេស្គាល់ថាជាចាងហ្វាងផលិតកម្ម មហាហង្ស ត្រូវបានគេអុចអាលថាលោកជំពាក់លុយផ្សាយពាណិជ្ជកម្មលើបណ្ដាញផ្សព្វផ្សាយ ហើយមិនធ្វើការបង់លុយ។ ភា្លមៗ លោកបានធ្វើការបង្ហាញពីប្រតិកម្មឆ្លើយតប និងបានបញ្ជាក់ពីមូលហេតុមួយចំនួនដែលនាំឱ្យមានការចុះផ្សាយបែបនោះ។

លោកបានសរសេរនៅលើហ្វេសប៊ុកថា«សូមអរគុណដល់អ្នកសារពត៍មានមូយចំនួនដែលចង់ឱ្យខ្ញុំល្បីដល់ថ្នាក់ចុះផ្សាយពត៌មានមិនពិតថា រូបខ្ញុំជំពាក់លុយថ្លៃផ្សាយពាណិជ្ជកម្មគេមិនសង ខ្ញុំចង់ប្រាប់ទៅពួកអ្នកសារពត៌មានមួយចំនួនដែលចុះផ្សាយវិញថា តើមានឯកសារណាមួយដែលខ្ញុំជំពាក់គេ ពួកអ្នកជាមនុស្សគួប្រើខួក្បាលជាមនុស្ស កុំប្រើខួក្បាលជាឆ្កែចរិតថោកទាបជាងសត្វទៅទៀត ចូលចិត្តណាស់អារឿងបរិហាកេរ៏របស់អ្នកដ៏ទៃដើម្បីផលប្រយោជន៏ការសែតខ្លួនឯងនោះ។ ខ្ញុំមិនខ្មាសគេទេព្រោះមិនពិត សូមប្រើវិជ្ជាជីវះឱ្យបានត្រឹមត្រូវបើគ្មានភស្តុតាងកុំចេះតែចុះនាំឱ្យប្រជាជនទូទៅអស់ជំនឿលើសារពត៌មាននៅកម្ពុជា!»។

ជាមួយនឹងការបង្ហោះបែបនេះ លោកក៏បានពន្យល់ថា ហេតុផលដែលនាំឱ្យមានការចុះផ្សាយបែបនោះ គឺដោយសារតែលោករវល់នឹងកិច្ចការផ្សេងច្រើន ហើយបុគ្គលិកមិនបានទូទាត់ថ្លៃសាំងរបស់អ្នកកាសែត ដែលបានចុះទៅយកព័ត៌មានពីខ្លួននោះមិនទាន់ពេលប៉ុណ្ណោះ ទើបនាំអោយមានរឿងនោះ។ យ៉ាងណាមិញ លោកថានោះមិនមែនជាលុយផ្សព្វផ្សាយពាណិជ្ជកម្មដូចអ្វីដែលអ្នកកាសែតនោះចុះផ្សាយទេ គឺគ្រាន់តែជាថ្លៃសាំងមួយដែលក្រុមហ៊ុនលោកផ្ដល់ជូន ក្នុងពេលអញ្ចើញឱ្យអ្នកកាសែតទៅយកព័ត៌មាននៅពេលក្រុមហ៊ុនមានការការងារសិល្បៈណាមួយត្រូវបានរៀបចំប៉ុណ្ណោះ។

លោកសារភាពថា ខ្លួនមានការធ្វេសប្រហែសក្នុងការរៀបចំថវិកាទាំំងនោះឱ្យអ្នកកាសែត ដោយសារសម្អាងថា អ្នកកាសែតទាំងនោះមានការងារច្រើនជាមួយក្រុមហ៊ុន និងម្យ៉ាងបណ្ដាលមកពីលុយនោះជាកញ្ចប់មួយតូច ដែលលោក និងក្រុមការងារទៅគិតគូរលើការចំណាយផ្សេងៗច្រើនជាង។ លោកថា លោកមិនដែលកើតមានបញ្ហារឿងកញ្ចប់ថ្លៃសាំងអ្នកសារព័ត៌មាននោះទេ ប៉ុន្តែបណ្ដាលមកពីបណ្ដាប៉ុស្ដិ៍ទូរទស្សន៍ និងរោងកុន ក៏មិនទាន់បង្វិលលុយឱ្យលោកនោះដែរ ទើបបណ្ដាលឱ្យលោកធ្វេសប្រហែសក្នុងការបង្វិលលុយនេះ តែក៏មិននឹកស្មានថាអ្នកកាសែតមួយចំនួន គឺគ្រាន់តែបើកលុយដែលក្រុមហ៊ុនរបស់លោកផ្ដល់អោយក្នុងនាមថ្លៃសាំងនោះមិនទាន់ក៏បែរជាប្រកាសថា លោកជំពាក់លុយថ្លៃផ្សាយពាណិជ្ជកម្មដូចការប្រកាសបែបហ្នឹងនោះដែរ ដោយលោកបញ្ជាក់ថា ការប្រកាសបែបនេះ គឺហាក់ដូចជាលោកទិញទំព័រផ្សព្វផ្សាយនៅលើកាសែត ហើយមិនទទួលខុសត្រូវដោយមិនបង់លុយឱ្យ។ លោកប្រកាសឱ្យអ្នកកាសែតទាំងអស់មកយកលុយនៅក្រុមហ៊ុនរបស់លោក ខណៈដែលលោកក៏បានប្រកាសថា ការពិតថវិកាដែលខ្វះលើអ្នកកាសែតនោះ លោកក៏បានឮថា ក្រុមការងាររបស់លោកនឹងបើកឱ្យនៅសប្ដាហ៍នេះផងដែរ ដោយសារតែខាងប៉ុស្ដិ៍ទូរទស្សន៍ក៏បង្វិលលុយទាំងម៉ឺនដុល្លារឱ្យលោកក្រោយពីជំពាក់ច្រើនខែ ប៉ុន្តែមិនទាន់បានគិតគូរផង ក៏ស្រាប់តែមានការបង្ហោះបង្ខូចឈ្មោះបែបនោះ។

សូមជម្រាបថា លោកអ៊ិន សុភិន សម្ដែងការខកចិត្ត ចំពោះបណ្ដាញផ្សព្វផ្សាយដែលបានផ្សាយពីលោក ខណៈដែលពេលកន្លងមក លោក និងក្រុមអ្នកសារព័ត៌មានក៏មានការងារត្រូវធ្វើជាមួយគ្នាជិតស្និទ្ធ ដែលមិនគួរថាត្រឹមតែបញ្ហាយឺតយ៉ាវ ហើយក៏ជាលុយតិចតួចដែលលោករវល់តែខ្វាយខ្វល់នឹងកិច្ចការធំផ្សេងប៉ុណ្ណឹង ស្រាប់តែឈានដល់ការបង្ខូចឈ្មោះលោក៕

Advertisement