កញ្ញា ប៊ី សុធារី ប្រកាសនាំឈុតតំណាងជាតិចេញទៅប្រកួតក្នុងកម្មវិធី Miss Charm 2020

តាមការប្រកាសរបស់តារាបង្ហាញម៉ូដស្រី និងជាអតីតបវរកញ្ញា Miss Univers កញ្ញា ប៊ី សុធារី បានធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី​01​ ខែមីនា​ ឆ្នាំ​ 2020​ នេះឱ្យដឹងថា កញ្ញានឹងត្រៀមខ្លួនចេញទៅប្រកួតក្នុងកម្មវីធី Miss Charm 2020 ដែលមានបណ្ដា៥០ប្រទេសចូលរួមប្រកួតនៅប្រទេសវៀតណាម។

ដោយមានការជ្រោមជ្រែងពីអ្នកច្នៃម៉ូដ និងក្រុមហ៊ុនលក់នាឡិកាដៃ ប៊ី សុធារី បានសម្រេចនិងនាំតំណាងជាតិចេញទៅបង្អួតនៅក្នុងកម្មវិធីនោះ ។ ប៊ី សុធារី បានអះអាងថា «ការចូលរួមប្រកួតកម្មវិធីនិមួយៗគឺមិនងាយស្រួលនោះ បើសិនជាយើងធ្វើដើម្បីមុខមាត់ប្រទេស និងប្រជាជនយើង ហើយមិនមែនដើម្បីតែមុខមាត់ផ្ទាល់ខ្លួន. ព្រោះតែខ្ញុំជាកូនខ្មែរ ទើបខ្ញុំប្រឹងតស៊ូធ្វើអ្វីគ្រប់យ៉ាងដូចដែលអ្នកទាំងអស់គ្នាបានឃើញនេះ។ ពេលខ្លះក៏មានអារម្មណ៍ថា ហត់នឿយដូចគ្នា ប៉ុន្តែព្រោះតែពាក្យថា « ខ្ញុំជាកូនខ្មែរ» ខ្ញុំចង់ឱ្យពិភពលោកទទួលស្គាល់ និងឱ្យតម្លៃយើងទាំងអស់គ្នា យើងដែលជាជនជាតិខ្មែរ ជាពិសេសគឺស្រ្តីខ្មែរ ទើបខ្ញុំខំប្រឹងបែបនេះ..។ ខ្ញុំគ្មានអ្វីច្រើនសុំពីអ្នកគាំទ្រទាំងអស់គ្នា សុំត្រឹមការគាំទ្រដែលចេញពីចិត្ត ដូចដែលខ្ញុំធ្វើដើម្បីអ្នកគាំទ្រទាំងអស់គ្នា គឺសុំប៉ុណ្ណឹងទេ….»។

យ៉ាងណាមិញ បវរកញ្ញាវ័យក្មេងរូបនេះ ក៏បានបញ្ជាក់ដែរថា តាមគម្រោងនាងនឹងត្រូវធ្វើដំណើរទៅប្រទេសវៀតណាម នៅដើមខែមីនានេះ ក៏ប៉ុន្ដែ ខាងអ្នករៀបចំកម្មវិធីបានធ្វើការពន្យាលថ្ងៃប្រកួតរហូតដល់ដើមខែមេសាជំនួសវិញ ព្រោះប្រទេសវៀតណាមកំពុងតែជួបស្ថានភាពវឹកវរនូវជំងឺកូរ៉ូណា19 ៕

Advertisement