G-Devith ឆ្លើយតបប្រសាសន៍របស់ឯកឧត្តម ថៃ នរៈសត្យា

ហេតុការណ៍បានធ្វើឱ្យផ្អើលអស់មហាជន តារាចម្រៀងស្រីស្ទាយបែបK-pop កញ្ញា ទេព បូព្រឹក្ស កាលពីយប់ថ្ងៃបុណ្យណូអែល បានរងការប្រមាថ ដោយត្រូវបុរសម្នាក់ គប់នឹងកំប៉ុងស្រាបៀនៅចំពោះមុខភ្ញៀវជាច្រើនក្នុងហាង «សមុទ្រ» ខណៈពេលនាងកំពុងច្រៀងលើឆាក ដោយមិនដឹងមូលហេតុច្បាស់លាស់។ ភ្លាមៗ បូព្រឹក្ស បានកើតទុក្ខមិនសុខចិត្ត ដោយបាន Live វីដេអូយំសស្រាក់ សុំអន្តរាគមន៍ពីមជ្ឈដ្ឋាននានា ដើម្បីរកយុតិ្តធម៌ និងលុបលាងការអាម៉ាស់របស់នាងវិញ។

ក្រោយកើតហេតុការណ៍ភ្លាមៗនោះ សារព័ត៌មានក្នុងស្រុកមួយបានធ្វើបទសម្ភាសន៍តាមទូរស័ព្ទឆ្លើយឆ្លងជាមួយ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអ្នកនាំពាក្យ ថៃ នរៈសត្យា នៅព្រឹកថ្ងៃទី26 ខែធ្នូ នេះ បានមានប្រសាសន៍ថា ករណីបុរសម្នាក់ជះ ស្រាបៀលើ កញ្ញា ទេព បូព្រឹក្ស ពេលកំពុងឡើងច្រៀង វាជាអង្គរឿងតូច បើយើងបំប៉ោងឱ្យធំ គឺធំហើយ «រឿងគប់កំប៉ុងប៊ីយ៊ែរនេះ វា មិនមែនជារឿងធំ»។

លោក ថៃ នរៈសត្យា បានលើកឡើងបន្តថា «ខ្ញុំមិនចង់ឱ្យ រឿងរ៉ាវទាំងអស់វាវែងទេ ព្រោះខ្ញុំមើលទៅឃើញអង្គរឿងវាតូច តែ ការបំប៉ោងទៅជាប៉ុណ្ណក៏បានដែរបើយើងមានចេតនាបំប៉ោង តែបើយើងចេះជួយរំលត់គ្នា ជូនកាលមនុស្សក៏មានវិប្បដិសារី ដែរ ក្រោយពីធ្វើអ្វីមួយ ខុសឆ្គង ចឹងខ្ញុំឱ្យពាក្យមួយសម្រាប់ទាំងអស់គ្នាគិត ស៊ូស្តាយមិនបានធ្វើ ប្រសើរជាងស្តាយណាស់ បែរជាធ្វើជ្រុលជ្រួលខុសឆ្គង» ។ លោក ក៏បានលើកហេតុផលថា ការបង្កើតឱ្យទៅជារឿងអាស្រូវដ៏ធំ ហើយរឿងខឹងដល់គប់កំប៉ុងប៊ីយ៊ែរនេះ វា មិនមែនជារឿងធំដែរ វាជារឿងតូច ជូនគាប់ផ្សំជាមួយបរិយាកាស ការស្រវឹង ជួនកាល ជាអ្វីដែលយើងហៅថាកន្លែង សប្បាយ វាអត់ដែលផឹកទឹកអប់ទេ វាមានស្រា វាមានប៊ីយ៊ែរ ដែលពាក្យសាមញ្ញាយើង តែនិយាយថា ទឹកប្ដូរនិស្ស័យ កុំឱ្យ ទឹកមកប្ដូរនិស្ស័យទឹកបាន ព្រោះយើងជាម្ចាស់ខ្លួនយើង ចិត្តចៅហ្វាយ កាយជាកញ្ចាស់ ។

លោកបន្ថែមថា «ការនាំគ្នាឱ្យឆេះ សន្ធោសន្ធោឡើង វាងាយទេ ប៉ុន្តែប្រយ័ត្នពិបាកពន្លត់ ខ្ញុំគិតថាវាតូចមួយជាអារម្មណ៍ខ្ញុំ ប៉ុន្តែវាអាចមានគេថាឲ្យខ្ញុំ ស្តីឱ្យខ្ញុំថា រឿងធំប៉ុណ្ណាប៉ុណ្ណា ខ្លួនឯងមេម៉ែឪ បែរថាតូចក៏មានដែរ ព្រោះយើងមិនអាចទប់ខម្មិន្ត រឿងបញ្ចេញមតិនរណាមួយបានទេ »។ លោកបានធ្វើការសំណូមពរថា នរណាក៏ដោយ បងប្អូនជនរួមជាតិយើងទាំងអស់គ្នា មិនថាតែសិល្បករសិល្បការិនី ការមិន ចេះអត់ឱនរឿងតូចតាច ជ័យជម្នះធំយើងមិនអាចទទួលបានទេ ។

ក្រោយការមានប្រសាសន៍របស់ឯកឧត្តម ថៃ នរៈសត្យា ដូចខាងលើហើយនោះ សារព័ត៌មានជាច្រើនបានសួរទៅកាន់តារាចម្រៀង ទេព បូព្រឹក្ស តើយល់ឃើញ និងមានអារម្មណ៍យ៉ាងណាចំពោះប្រសាសន៍របស់ឯកឧត្តម ? ក៏ប៉ុន្ដែ នាងបានត្រឹមតែនិយាយឡើងថា « ប្រហែលជាលោកពូ ពុំទាន់បានជ្រាបរឿងច្បាស់ ឬយ៉ាងណានោះទេ តែអារម្មណ៍របស់នាងខ្ញុំនៅពេលនេះ គឺនៅមិនទាន់ល្អទាល់តែសោះ »។ ស្របពេលជាមួយគ្នានេះដែរ អ្នកគាំទ្រកញ្ញា ទេព បូព្រឹក្ស នៅព្រឹកនេះ បានប្រកាសថា«ប្រសិន​បើ​​ថ្ងៃស្អែកគ្មានចំណាត់ការណាមួយដើម្បីរកយុត្តិធ៌មឱ្យបងស្រី ទេព បូព្រឹក្ស ទេ នោះពួកខ្ញុំជាFanដែលស្រលាញ់និងគាំទ្របងស្រី ទេព បូព្រឹក្ស ទាំងអស់គ្នាទូទាំងប្រទេស នឹងទៅធ្វើបាតុកម្មដ៏ធំនៅខាងមុខហាងសមុទ្រ ដែលបានប្រមាថមើលងាយ និងជាន់ឈ្លីដ​ល់កិត្តិយសបងស្រី ទេព បូព្រឹក្ស ឱ្យផ្អាកដំណើរការអាជីវកម្ម រឺអាចធ្វើបាតុកម្មរហូតទាល់តែបិទហាងមួយនេះ»។

ងាកមកដឹងពីអារម្មណ៍របស់គូស្នេហ៍ ទេព បូព្រឹក្ស ភ្លាមៗនោះដែរ លោក ងួន ចាន់ដេវីត ឬហៅថា G-Devith បានបង្ហោះសារឆ្លើយតបចំពោះឯកឧត្តម ថៃ នរៈសត្យា ថា ការមានប្រសាសន៍របស់ឯកឧត្តមគឺជាការពិត ? គឺជាការត្រឹមត្រូវ ? ការមានប្រសាសន៍ឯកឧត្តមគឺជាវាការលើកទឹកចិត្តដល់វិស័យគប់ស្រាបៀរលើនារីភេទ ឬ អ្នកសិល្បះ ? វាអាចជាអង្គតូចសម្រាប់ឯកឧត្តម វាអាចជារឿងតូចតាចសម្រាប់ការប្រឡាក់ដោយស្របៀរ វាអាតូចតាចដោយត្រូវនឹងកំប៉ុងស្រាបៀរ តែវាមិនតូចតាចត្រង់ថា យើងរស់នៅប្រទេសមានសន្តិភាព និង ច្បាប់ពេញលេញ សិទ្ធពេញលេញ មិនត្រូវបណ្តោយឱ្យជនណាបំពានអ្នកដ៏ទៃដោយកាយវិការនិងចេតនាអាក្រក់បំពាននារីភេទ ដោយភាពមើលងាយនារីភេទ ប្រមាថកិត្តិយសនារីភេទ នោះទេ សូមឯឧត្តមជ្រាបនិងទទួលការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ 🙏 ៕

Advertisement