ករុណា ពេជ្រ ពន្យារពេលបើកក្រុមហ៊ុន ព្រោះមិនចង់ធ្វើការងារចុងដៃចុងជើង

កន្លងមកលោក ករុណា ពេជ្រ ជាតារាចម្រៀង និងជាអ្នកគ្រប់គ្រង់ទូទៅនៅផលិតកម្មថោន ធ្លាប់បានប្រាប់ថា ក្រោយពីលោកត្រលប់មកពីច្រៀងនៅប្រទេសអាមេរិកភ្លាម លោកនឹងចាត់ចែងបើកក្រុមហ៊ុនផ្ទាល់ខ្លួនមួយ សម្រាប់បម្រើសេវាកម្មរៀបចំក្នុងពិធីការ ប៉ុន្ដែថ្មីៗនេះលោកបញ្ជាក់ថា គម្រោងការនេះត្រូវបានពន្យាពេលហើយនិងមិនទាន់រកថ្ងៃកំណត់ត្រូវដំណើរការឃើញនៅឡើយទេ។

បច្ចុប្បន្នលោក​ ករុណា ពេជ្រ ត្រូវបានគេដឹងថា ​ក្រៅពីអាចរកប្រាក់ចំណូលពីអាជីពចម្រៀងបានហើយ លោកក៏អាចទទួលបានប្រាក់ចំណូលពីការរៀបចំក្នុងពិធីការនានាផងដែរ ពិធីមង្គលការ និងជប់លៀង ជាដើម ទើបធ្វើឱ្យលោកមានបំណងចង់បង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន។

អ្នកគ្រប់គ្រង់ទូទៅនៅផលិតកម្មថោនរូបនេះ បង្ហើបប្រាប់ថា គម្រោងដែលលោកគ្រោងនឹងបើកក្រុមហ៊ុនផ្ទាល់ខ្លួន ដើម្បីធ្វើការងារទៅលើសេវាកម្មពិធីការនានានោះ ត្រូវបានពន្យាពេលហើយ ព្រោះបច្ចុប្បន្នលោកកំពុងតែរវល់ក្នុងការងារសិល្បៈ។ ករុណា ពេជ្រ បញ្ជាក់ថា៖«ពីដំបូងខ្ញុំពិតជាចង់បើកក្រុមហ៊ុនមែន ប៉ុន្ដែក្រោយពីត្រលប់មកពីសហរដ្ឋអាមេរិក ខ្ញុំទទួលបានការងារច្រើនគឺការគ្រប់គ្រងនៅក្នុងផលិតកម្មថោន និង Town Club ជាការងារស្នូលធំៗដែលខ្ញុំត្រូវធ្វើវាឱ្យបានល្អ»។

តារាចម្រៀងរូបនេះបញ្ជាក់ថា  វាមិនមែនជាងាយស្រួលនោះទេក្នុងការគ្រប់គ្រងគេ។ កាលពីមុនលោកធ្លាប់តែធ្វើការងារឱ្យគេក្នុងនាមជាអ្នកចម្រៀងធម្មតាគ្មានបញ្ហាចោទទេ ប៉ុន្ដែឈានមកដល់ដំណាក់កាលគ្រប់គ្រងគេលោកត្រូវធ្វើយ៉ាងណាឱ្យក្រុមហ៊ុនទាំងមូលមានដំណើរការល្អដែលទាមទារឱ្យអារម្មណ៍របស់បុគ្គលិកទាំងអស់មានភាពសប្បាយរីករាយធ្វើការងារ។ លោកបញ្ជាក់ថា៖«ពិបាកបំផុតគឺខ្ញុំត្រូវយល់ពីការងារឱ្យច្បាស់ហើយ ត្រូវស្វែងយល់ពីទឹកចិត្ដសមាជិកខ្លួនឯងទៀត ចំណុចនេះហើយជាការលំបាកដើម្បីសម្របសម្រួលការងារឱ្យដំណើរការទៅមុខរលូន»។ ទោះយ៉ាងណាលោក ករុណា ពេជ្រ បញ្ជាក់ថា នៅពេលលោកឈរមកដល់ចំណុចកំពូលបែបនេះហើយក្នុងគំនិតរបស់លោកគិតការងាររួមជាធំ ដោយមិនអាចគិតផលប្រយោជន៍ផ្ទាល់ខ្លួនបាននោះទេ។

ករុណា ពេជ្រ បញ្ជាក់ថា៖«ខ្ញុំត្រូវគិតធ្វើយ៉ាងណាចែករំលែកផលប្រយោជន៍តារាចម្រៀងឱ្យបានស្មើៗគ្នា និងធ្វើឱ្យអ្នករួមការងារទាំងអស់សប្បាយចិត្ដ ដោយខ្ញុះមិនគិតពីប្រយោជន៍ខ្លួនឯងនោះទេ»។ ដូច្នេះបច្ចុប្បន្នលោកមិនអាចច្រៀងបានទេ ព្រោះការច្រៀងត្រូវការពេលវេលាហ្វឹកហាត់សំឡេងទើបធ្វើទៅបានល្អ។ ជាមួយគម្រោងបើកក្រុមហ៊ុនលោកមិនទាន់ច្បាស់ថា នឹងបើកដំណើរការនៅពេលណានោះទេ ពោលគឺលោកដំណើរការងារទាំងនោះជាធម្មតាជាមុនសិន ព្រោះការបើកក្រុមហ៊ុនមិនមែនជារឿងលេងសើចទេ ត្រូវការពេលវេលាគ្រប់គ្រងឱ្យបានដិតដល់។ ករុណា ពេជ្រ សង្កត់ធ្ងន់ថា៖«លុយសម្រាប់បើកក្រុមហ៊ុនខ្ញុំមាន ប៉ុន្ដែបើគ្មានពេលវេលាគ្រប់គ្រងវាឱ្យហ្មត់ចត់មិនខុសពីយកលុយទៅបោះចោលនោះទេ»៕

Advertisement