ពេជ្រ ខេនឌី ក្រោយកូនមានអាយុ 10ឆ្នាំទើបបង្ហាញឱ្យគេស្គាល់

កន្លងមកគេធ្លាប់បានដឹងថា អ្នកនាង ពេជ្រ ខេនឌី មានកូនប្រុសម្នាក់ និងកាលពីរាត្រីថ្ងៃទី17 ខែកក្កដាម្សិលមិញ ខណៈនាងបានរៀបចំពិធីខួបកំណើតគម្រប់វ័យ32ឆ្នាំ នាងបានធ្វើឱ្យមិត្ដភ័ក្ដិសិល្បៈមួយចំនួនមានការភ្ញាក់ផ្អើលគ្រាដែលនាងបង្ហាញវត្ដមានកូនប្រុសដែលពេលនេះមានអាយុ 10 ឆ្នាំទៅហើយ។

មហាជនជាច្រើនប្រាកដជានៅចាំឈ្មោះអ្នកនាង ពេជ្រ ខេនឌី ជាតារាសិល្បៈខ្មែរតែម្នាក់គត់ដែលបានបើកភោជនីយដ្ឋាន ល្បុក្កតោ នៅឯខេត្ដសៀមរាបដើម្បីលើកស្ទួយវិស័យក្បាច់គុនបុរាណខ្មែរ។ ដើមឡើយនាងពុំសូវបង្ហាញពីភាពលេចធ្លោលើជីវភាពរស់នៅប៉ុន្មានទេ ប៉ុន្ដែក្រោយពីបានដកខ្លួនចេញពីសិល្បៈមួយរយៈ និងត្រឡប់មកវិញ ស្រាប់តែនាងបានផ្លាស់ប្ដូរជីវភាពពីតារាចម្រៀងពេលរាត្រីមករស់នៅក្នុងជីវភាពបែបសេដ្ឋិនីវិញ។

អ្នកនាង ពេជ្រ ខេនឌី បានបញ្ជាក់ថា ចាប់តាំងពីនាងចូលប្រឡូកក្នុងអាជីពសិល្បៈជិត10 ឆ្នាំមក នេះជាលើកទីពីរហើយដែលនាងបានរៀបចំពិធីខួបកំណើត តែលើកនេះនាងធ្វើក្នុងលក្ខណៈបែបគ្រួសារច្រើនជាង ព្រោះភ្ញៀវដែលនាងអញ្ជើញឱ្យមកចូលរួមភាគច្រើនជាមិត្ដភ័ក្ដិរកស៊ី និងសាច់ញាតិ រីឯតារាសិល្បៈមានតិចតួចប៉ុណ្ណោះ។ កម្មវិធីនេះនាងពុំបានគ្រោងទុកជាមុនទេ ប៉ុន្ដែដោយមើលឃើញថា ថ្ងៃ17 ខែ7 ឆ្នាំ2017 ជាថ្ងៃជាវេលាល្អនាងក៏សម្រេចចិត្ដធ្វើតែម្ដង ហើយចាត់ទុកថា ជាឱកាសបង្ហាញនូវវត្ដមានកូនរបស់នាងដែលនាងពុំធ្លាប់បានបង្ហាញកន្លងមកផងដែរ។ នាងបន្ដថា មូលហេតុដែលនាងមិនបង្ហាញឱ្យទស្សនិកជនដឹងអំពីរឿងនាងមានកូន ព្រោះនាងគិតថា វាមិនពាក់ព័ន្ធទៅនឹងអាជីពសិល្បៈ ឬមានការចាំបាច់អ្វីត្រូវបង្ហាញនោះទេ ប៉ុន្ដែពេលនេះនាងស្ទើរតែដកខ្លួនចេញពីអាជីពសិល្បៈ90%ទៅហើយ ដូច្នេះទោះបីជាមានអ្នកដឹងពីដំណឹងនេះក៏គ្មានអ្វីចោទដែរ។

តារាសម្ដែងរូបនេះប្រាប់ទៀតថា៖ «តាមពិតថ្ងៃខួបហ្នឹងគឺល្អ ខ្ញុំចង់ទៅធ្វើនៅខេត្ដសៀមរាប ក្នុងភោជនីយដ្ឋានរបស់ខ្ញុំតែម្ដង តែដោយសារចំថ្ងៃច័ន្ទបងប្អូនមិត្ដភ័ក្ដិសុទ្ធតែរវល់ការងាររបស់ពួកគាត់ គ្មានពេលវេលាដើម្បីទៅចូលរួមនៅទីនោះ ខ្ញុំក៏សម្រេចធ្វើនៅភ្នំពេញតែម្ដង»។ ជាមួយនឹងការបង្ហាញវត្ដមានកូនច្បងអាយុ10 ឆ្នាំ ត្រូវបានអ្នកនាង ពេជ្រ ខេនឌី បញ្ជាក់ថា សព្វថ្ងៃនេះនាងមានកូនប្រុសពីរនាក់ហើយ មួយអាយុ10ឆ្នាំ ម្នាក់ទៀតអាយុ1ឆ្នាំ និងបច្ចុប្បន្ននាងកំពុងតែមានទម្ងន់ក្នុងពោះ6ខែទៀតផង ដោយនាងពុំទាន់បានទៅឆ្លុះអេកូមើលថា តើជាកូនស្រី ឬប្រុសនៅឡើយទេ។

ទោះជាយ៉ាងណា អ្នកនាងពេជ្រ ខេនឌី បញ្ជាក់ថា៖ «ប្រសិនបើកូនក្រោយនេះជាកូនស្រីខ្ញុំនឹងឈប់យកទៀតហើយ ត្រឹម3ហ្នឹងល្មមហើយ ប៉ុន្ដែបើកូននោះជាកូនប្រុស ខ្ញុំនឹងតាមបន្ដទៀត ធ្វើយ៉ាងណាឱ្យមានកូនស្រីម្នាក់នៅក្នុងគ្រួសារ»។ គួរបញ្ជាក់ថា បច្ចុប្បន្នតារាសម្ដែងរូបនេះមានជំនួញ3នៅក្នុងដៃគឺ ការទិញ-លក់រថយន្ដ ទទួលបញ្ចាំរថយន្ដ អចលនទ្រព្យ របរទី2 គឺនាំទំនិញមកពីប្រទេសចិនមកលក់នៅក្នុងស្រុក ទី3 បើកភោជនីយដ្ឋានល្បុក្កតោនៅឯខេត្ដសៀមរាប៕

Advertisement