ម្តាយ​បង្កើត ពេជ្រ សូលីកា ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​សង្ស័យ​ថាបាន​សម្លាប់​ស្ត្រីវ័យ​៥០​ឆ្នាំ​ម្នាក់

ម្តាយ​បង្កើត ពេជ្រ សូលីកា ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​សង្ស័យ​ថា បាន​សម្លាប់​ស្ត្រីវ័យ​៥០​ឆ្នាំ​ម្នាក់នៅ​ខណ្ឌមានជ័យ កាលពីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ស្រ្តីវ័យ៥០ម្នាក់ ត្រូវបានឃើញដេកស្លាប់ក្នុងផ្ទះ ដែលស្ថិតនៅក្នុងបុរីមួយកន្លែង ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ បន្ទាប់ពីមន្ត្រីបច្ចេកទេសកោសល្យវិច័យ មូលហេតុគឺរកឃើញថា សពត្រូវបានស្លាប់ ដោយសារថបដង្ហើម គឺមានគេយករបស់អ្វីមួយសង្កត់ពីលើមុខរហូតថប់ដង្ហើមស្លាប់។ យ៉ាងណាមិញ ពេលនេះជនសង្ស័យត្រូវបានសមត្ថកិច្ចវែកមុខហើយ គឺជាម្តាយបង្កើតរបស់តារាចម្រៀងស្រី ពេជ្រ សូលីកា។

ប្រភពពីគ្រួសាររបស់សពបានប្រាប់ថា មុនកើតហេតុពួកគាត់បានទូរសព្ទ័ទៅរកជនរងគ្រោះ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ តែមិនមានអ្នកលើក ស្រាប់តែម៉ោងជិត៣រសៀលថ្ងៃដដែល មានគេទូរស័ព្ទមកប្រាប់ថា ម្ចាស់លេខបានដេកស្លាប់ នៅក្នុងផ្ទះបាត់ហើយ ធ្វើឲ្យពួកគាត់បានទៅផ្ទះកើតហេតុ លុះពេលទៅដល់ក៏ឃើញសពពិតមែន ធ្វើឲ្យពួកគាត់ដែលជាគ្រួសារ មានការសោកស្តាយយ៉ាងខ្លាំង។

ដោយគ្រួសារមិនអស់ចិត្ត ព្រោះឃើញការស្លាប់របស់ស្រ្តីមានសភាពគួរឲ្យសង្ស័យ ក៏រាយការណ៍ទៅកម្លាំងនគរបាល ភ្លាមៗកម្លាំងនគរបាលខណ្ឌមានជ័យ បានចុះទៅដល់ទីតាំងកើតហេតុ ជាមួយមន្ត្រីបច្ចេកទេសកោសល្យវិច័យ ប្រាប់ថា សពគឺត្រូវបានស្លាប់ដោយសារថបដង្ហើម គឺមានគេយករបស់អ្វីមួយសង្កត់ពីលើមុខរហូតថប់ដង្ហើមស្លាប់។

បន្ទាប់ពីដឹងថា ស្រ្តីដែលស្លាប់នោះដោយគេសម្លាប់មែនក្រុមគ្រួសារស្រ្តីរងគ្រោះ បានដាក់ការសង្ស័យថា មិត្តភក្តិដែលនៅជាមួយស្រ្តីរងគ្រោះ ជាអ្នកប្រព្រឹត្តព្រោះអ្នកទាំងពីរ តែងតែមានជម្លោះជាមួយគ្នាញឹកញាប់ ភ្លាមៗនោះកម្លាំងនគរបាលបានហៅមិត្តស្រ្តីដែលស្លាប់ ទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ដើម្បីឈានទៅដល់ការឃាត់ខ្លួនជនដៃដល់។

គួរជម្រាបថា ស្រ្តីរងគ្រោះមានឈ្មោះ ងិន សុខលី អាយុ៥០ឆ្នាំ មុខរបរចងការប្រាក់ និងលក់ការហ្វេនៅម្តុំផ្សារដេប៉ូ ហើយបាត់បង់ទ្រព្យសម្បត្តិដែលនៅជាប់នឹងខ្លួនមួយចំនួនផងដែរ។ ក្រោយពីធ្វើកោសល្យវិច័យរួចសពប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងសួរនាំ ដើម្បីបន្តនីតិវិធីច្បាប់៕

Advertisement