SEM រំពឹងទទួលបានឱកាសពី TMS

បច្ចុប្បន្នតារាចម្រៀង Sem បានផ្លាស់ប្ដូរពីផលិតកម្ម Big Man ទៅក្រុម TMS ដែលជាស្ថាប័នមួយស្ថិតនៅក្រោមការមើលឥទ្ធិពលរបស់ស្ថានីយទូរទស្សន៍ MYTV, CTN និង CNC បើគិតមកដល់ពេលនេះទើបតែមានរយៈពេលប្រមាណជិតពីរខែប៉ុណ្ណោះ ប៉ុន្ដែត្រូវបាន Sem អះអាងថា លោកមានអារម្មណ៍រីករាយ និងកក់ក្ដៅគ្រាដែលលោកមើលឃើញថា ទ្រនំថ្មីនេះអាចផ្ដល់ឱកាសការងារដល់លោកច្រើន។

មុនពេលលោក Sem បានសម្ដែងនូវក្ដីសង្ឃឹមបែបនេះ គេធ្លាប់បានឮអ្នកនាង យុគ ចិន្ដា ប្រាប់រូចមកហើយថា ទោះបីជាសមាជិកក្រុម TMS មានច្រើនក៏ពិតមែន តែនាងនឹងបែងចែកផលប្រយោជន៍ការងារដល់សមាជិកឱ្យបានស្មើៗគ្នា តែទាមទារឱ្យពួកគេមានសមត្ថភាពដើម្បីបង្កើនប្រជាប្រិយភាពក្នុងទីផ្សារ។ វាស្របគ្នាទៅនឹងសមត្ថភាពរបស់តារាសិល្បៈពហុជំនាញ Sem ដែលគេបានដឹងថា ក្រៅពីការប្រើសំនៀងដ៏មានភាពទាក់ទាញហើយនោះ លោកក៏មានទេពកោសល្យក្នុងការសម្ដែងមិនចាញ់តារាសម្ដែងអាជីពដែរ។

លោក Sem បានបញ្ជាក់ប្រាប់ថា លោកមានភាពកក់ក្ដៅជាខ្លាំង បើទោះជាលោកទើបតែបំពេញការងារបានមួយរយៈខ្លីក៏ដោយ។ លោកបន្ដថា ទោះបីជាសមាជិកក្នុងក្រុមមានច្រើនមែន តែលោកមិនដែលមានកង្វល់ទៅលើបញ្ហានេះទេ ផ្ទុយទៅវិញក្រុមមួយដែលមានធនធានមនុស្សច្រើន សុទ្ធតែជាអ្នកខ្លាំងនឹងកាន់តែបង្កើនភាពទាក់ទាញក្នុងទីផ្សារដែលជំរុញឱ្យមានឱកាសការងារកាន់តែច្រើន។

ជាមួយក្ដីរំពឹងនេះ លោកបញ្ជាក់ថា លោកមានសមត្ថភាព2 ដូច្នេះកាន់តែលែងបារម្ភ ព្រោះសមត្ថភាពទាំងនេះកំពុងតែមានតម្រូវការនៅក្នុងទីផ្សារសិល្បៈ ម្យ៉ាងស្ថានីយទូរទស្សន៍ទាំងបីបច្ចុប្បន្នសុទ្ធតែមានផលិតជាភាពយន្ដ ចម្រៀងរបស់ខ្លួនឯងដូច្នេះអ្វីដែលយើងបារម្ភនោះគឺមានតែធ្វើការងារមិនអស់ផង។
Sem បន្ដថា៖«តាំងពីថ្ងៃចូលមកកាន់ TMS ដំបូង ខ្ញុំត្រូវបានអ្នកគ្រប់គ្រងប្រគល់ការងារសម្ដែង Concert ឱ្យទៅហើយ ។ ក្រៅពីនេះការចូលមកហើយត្រូវបានកាន់ក្រុមថ្មីនេះ ក៏ជាឱកាសរបស់ខ្ញុំក្នុងការរៀនសូត្របន្ថែមដើម្បីបង្កើនសមត្ថភាពទៀតដែរ»។

ជាមួយគ្នានេះលោកប្រាប់ថា ទោះលោកមានសមត្ថភាពក្នុងសិល្បៈច្រើនជំនាញពិតមែន ប៉ុន្ដែវាគ្រាន់តែជាទេពកោសល្យពីកំណើត ប្រសិនមានឱកាសពង្រីកសមត្ថភាពបន្ថែមជារឿងល្អសម្រាប់លោកក្នុងការឈានទៅរកសមត្ថភាពស្ដង់ដារអាចបំពេញតម្រូវការទីផ្សារក្នុងស្រុក និងក្នុងតំបន់បាន៕

Advertisement