Tom Cruise នៅ​តែចង់​ថត​ឈុត​ផ្សងគ្រោះថ្នាក់​ដល់​អាយុ 100 ឆ្នាំ

កំពូល​តារា​សម្ដែង Tom Cruise និយាយថា នៅតែ​ចង់​សម្ដែង​ក្នុង​ឈុត​ឆាក​ផ្សងគ្រោះថ្នាក់ មានដូចជា​ការ​លោត​ចុះ​ពី​ភ្នំ​ជាដើម បើ​ទោះ​មាន​អាយុ 80 ឬ 100 ឆ្នាំ​ក៏ដោយ។

ក្នុង​កម្មវិធី Jimmy Kimmel Live កាលពី​ថ្ងៃទី 26 កុម្ភៈ Tom Cruise ត្រូវបាន​គេ​សួរថា «តើ​នឹង​បន្ត​សម្ដែង​ក្នុង​ឈុត​ផ្សងគ្រោះថ្នាក់ លោត​ពី​ភ្នំ​ទៀត​ទេ នៅពេល​មាន​អាយុ 80 ឬ 100 ឆ្នាំ?»។

លោក Tom Cruise ថ្លែងថា «នោះ​គឺជា​អ្វីដែល​ខ្ញុំ​ប៉ង។ ខ្ញុំ​បានធ្វើ​កិច្ចការ​នេះ​ពេញ​មួយជីវិត​ហើយ… ខ្ញុំ​ជា​ក្មេង​ដែល​ឡើងលើ​ដំបូលផ្ទះ​ពេល​មាន​អាយុ 4 ឆ្នាំ ព្រោះតែ​ចូលចិត្ត​មើល​មេឃ ពពក និង​ដួងតារា»។

ក្នុងពេល​ថត​រឿង Mission: Impossible 7 លោក Tom Cruise និយាយថា គាត់​នៅតែ​សម្ដែង​ដោយផ្ទាល់​ខ្លួន​នូវ​ទិដ្ឋភាព​ផ្សងគ្រោះថ្នាក់ ដូចជា​បើក​ម៉ូតូ​ហោះ​ធ្លាក់​ទៅលើ​ជ្រោះ​ជ្រៅ​ជាដើម។ គាត់​ត្រូវ​សម្ដែង​សកម្មភាព​នេះ​រហូតដល់ 8 លើក។ «ខ្ញុំ​មាន​ពេល​តែ 6 វិនាទី​ប៉ុណ្ណោះ​ដើម្បី​បើក​ឆត្រ មុនពេល​ធ្លាក់​ដល់​ដី» Tom Cruise និយាយ​ដូច្នេះ។ ដើម្បី​ធ្វើបាន​ដូច្នេះ គាត់​ត្រូវ​ហាត់​សម​យ៉ាង​លំបាក ក្នុងនោះ​គាត់​បាន​លោក​ឆត្រយោង 13,000 លើក និង​រៀន​ប្រណាំង​ម៉ូតូ។ល។

ឈុតឆាក​ផ្សងគ្រោះថ្នាក់ធំបំផុត​របស់ Tom Cruise ក្នុង​ពេល​ថត​រឿង Mission: Impossible – Dead Reckoning Part One

ក្រុម​អ្នក​ផលិត​ភាពយន្ត​ក៏ត្រូវ​ធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី​ធានាថា កំពូល​តារា​សម្ដែង​រូបនេះ​មិន​ជួប​គ្រោះថ្នាក់​ក្នុងពេល​ថត​រឿង។

ក្នុង​អាជីព Tom Cruise តែង​សម្ដែង​ក្នុង​ឈុត​ផ្សងគ្រោះថ្នាក់​ដោយ​ខ្លួនឯង មិនចាំបាច់​មាន​អ្នក​សម្ដែង​ជំនួស។ គាត់​ធ្លា​ប់លោត​ពី​យន្តហោះ​ដែលមាន​កម្ពស់ 7,620 ម៉ែត្រ តោង​ឡើងក​ង្កេះ​ភ្នំ​កម្ពស់​ប្រហែល 610 ម៉ែត្រ និង​ឡើង​អគារ Burj Khalifa កម្ពស់​ជាង 518 ម៉ែត្រ។ កាលពី​ឆ្នាំ 2018 ពេល​ថត​រឿង Mission Impossible – Fallout គាត់​ត្រូវ​រងរបួស​ពេល​លោត​ពី​អគារ​មួយ​ទៅ​អគារ​មួយ។

ក្នុង​វ័យ 60 ឆ្នាំ Tom Cruise នៅតែ​ហាត់ប្រាណ លើក​ដុំ​ដែក និង​ធ្វើ​ការហាត់​ខ្លាំង។ បច្ចុប្បន្ន គាត់​កំពុង​ថត​រឿង Mission: Impossible 8។ Tom Cruise ក៏មាន​គម្រោង​ថត​ភាពយន្ត​ដែលមាន​ទិដ្ឋភាព​អវកាស​ផងដែរ ដោយ​គាត់​នឹង​ដើរ​ក្នុង​អវកាស​ដូច​ទៅនឹង​អវកាស​ចរ​ចេញ​ជួសជុល​ស្ថានីយ​អវកាស​អន្តរជាតិ។ នេះ​បើតាម Cinemablend៕

Advertisement