ផលិតកម្ម​មហាហង្ស​រៀបចំ​ពិធី​ទទួល​លោក​ ​យស​ ​បូ​វណ្ណៈ​ ​បង្ហាញ​វត្តមាន​កិត្តិយស​ក្នុង​រឿង​ ​«​ ​លោកឪពុក​ ​»​

​កាលពី​ល្ងាច​ថ្ងៃទី២២​ ​តុលា​ ​ក្នុង​ឆ្នាំ២០១៩​ ​ផលិតកម្ម​មហាហង្ស​រៀបចំ​ពិធី​ទទួល​លោក​ ​យស​ ​បូ​វណ្ណៈ​ ​នា​បរិវេណ​ផ្សារ​ទំនើប​អ៊ី​អន២​ ​ស៊ឹង​តែ​ស្មើនឹង​ពិធី​បើក​សម្ពោធ​រឿង​ជាថ្មី​ហើយ​ ​បើ​ទោះជា​មានការ​ចំណាយ​មិន​តិច​។​ ​យ៉ាងណាមិញ​ ​គេ​មើលឃើញ​ថា​ ​តារា​សម្ដែង​ជើងចាស់​រូប​នេះ​កាន់តែ​រំភើបចិត្ត​ ​នៅពេល​មាន​អ្នកគាំទ្រ​ប្រាប់​ថា​ភាពយន្ត​រឿង​”​លោកឪពុក​”​ ​ដែល​លោក​បាន​ថត​ ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ ​ហើយ​បើ​ទោះជា​ដាក់​បញ្ចាំង​ច្រើនថ្ងៃ​ ​ក៏​នៅតែ​មាន​អ្នកទស្សនា​ពេញ​សាល​។​

​លោក​ ​យស​ ​បូ​វណ្ណៈ​ ​បាន​ប្រាប់​ឡា​រ៉ែ​ន​ថា​ ​លោក​ពិតជា​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ ​ដែល​បាន​មាន​ទស្សនា​ភាពយន្ត​ដែល​លោក​បាន​សម្ដែង​ ​និង​មាន​ទាំង​ការ​ស្វាគមន៍​លើស​ពី​ការស្មាន​ពីសំណាក់​ផលិតករ​មហាហង្ស​ ​ដើម្បី​លើកមុខ​លើក​មាត់​របស់​លោក​ឱ្យ​មហាជន​ចាប់អារម្មណ៍​។​ ​ក្នុង​នោះ​លោក​ក៏​សោកស្ដាយ​ណាស់​ដែរ​ ​ដែល​សុំច្បាប់​បានតែ២សប្ដាហ៍​ ​ហើយ​មិន​អាច​ទទួល​ថត​រឿង​បាន​ ​នៅពេល​មានការទាក់ទង​ពី​ផលិតកម្ម​មហាហង្ស​ ​និង​ផលិតករ​ផ្សេងទៀត​ ​តាំងពី​មុន​លោក​ចុះ​មក​។​ ​លោក​ទទូច​ឱ្យ​ទស្សនា​ភាពយន្ត​នេះ​ឱ្យ​បាន​ច្រើន​ ​ដើម្បី​ដឹងពី​ការ​លះបង់​របស់​ឪពុក​ ​និង​ដូចជា​គាំទ្រ​ស្នាដៃ​របស់​លោក​។​

​សូម​បញ្ជាក់​ដែរ​ថា​ ​ពិធី​ដែល​មាន​លោក​ ​យស​ ​បូ​វណ្ណៈ​ ​បង្ហាញខ្លួន​នោះ​ ​ក្រៅពី​មានការ​រៀបចំ​ជា​ផ្ទាំង​រូបថត​របស់​លោក​ ​អោយ​សាធារណជន​ចាប់អារម្មណ៍​នៅ​ជាន់​រោងកុន​ ​ក៏​មាន​វត្តមាន​តារា​ល្បី​ចូលរួម​ទៅ​ស្វាគមន៍​ ​និង​រាក់ទាក់​ ​លោក​ ​យស​ ​បូ​វណ្ណៈ​ ​ប្រកបដោយ​ភាព​កក់ក្ដៅ​ផង​ដែរ​។​ ​ក្នុង​ពិធី​ទាំងមូល​ត្រូវ​គេ​រៀបចំ​តុ​ភ្ញៀវ​ ​កន្លែង​ថតរូប​អម​ដោយ​ភ្លើងពណ៌​ ​និង​មាន​អ្នកសារព័ត៌មាន​ច្រូងច្រាង​ ​ធ្វើ​ឱ្យ​លោក​ ​យស​ ​បូ​វណ្ណៈ​ ​មាន​កិត្តិយស​តែម្ដង​ ​មុន​ពេល​លោក​ ​និង​ភ្ញៀវ​កិត្តិយស​កុះករ​ ​ចូល​ទស្សនា​រឿង​៕​

Advertisement