សាត រស្មី ប្រឹងចាប់យកអាជីពសិល្បៈវិញ ក្រោយពីទុកចិត្តសង្សារ

ក្រោយពីតារាសិល្បៈមានបទពិសោធក្រាស់ក្រែលអ្នកនាង សាត រស្មី ប្រាប់ថា នាងកំពុងមានស្នេហាជាមួយបុរសអាណិកជនរស់នៅអាមេរិក និងមានការលើកឡើងថា មិនយូរប៉ុន្មានទេនាងនឹងចូលរោងការជាក់ជាមិនខាន។

អ្នកនាងសាត រស្មី ធ្លាប់បានបង្ហើបថា នាងមានបុរសម្នាក់កំពុងតែស្រឡាញ់ និងយល់ចិត្ដនាងខ្លាំងណាស់។ ទោះបីជានាងបានបង្ហាញពីអារម្មណ៍ស្រឡាញ់ និងយល់ចិត្ដទៅលើបុរសម្នាក់នោះវិញក៏ដោយ ក៏នាងបានបញ្ជាក់ដែរថា បច្ចុប្បន្ននាងពុំទាន់បានគិតដល់រឿងរៀបការទេ ព្រោះនាង និងសង្សារមានការយល់ចិត្ដគ្នាទៅហើយ ដូច្នេះទុកពេលវេលាឱ្យនៅយូរបន្ដិចសិនក៏មិនថ្វីដែរ ដោយបច្ចុប្បន្ននាងកំពុងតែគិតពីការងារសិល្បៈ។

នាងបន្ដថា នាងចង់ធ្វើការងារសិល្បៈឱ្យរីកចម្រើនជាមុនសិន ទើបគិតរឿងមង្គលការ ព្រោះនាងមិនខ្វាយខ្វល់អ្វីទៀតឡើយ ដោយសារតែនាង និងគេបានជឿជាក់លើគ្នាជាខ្លាំង ពិសេសសង្សារនាងបានដឹងរឿងអតីតកាលរបស់នាងអស់ហើយ ហើយបុរសម្នាក់នេះក៏មិនដែលប្រកាន់អ្វីដែរ។

ទោះបីជានាងមិនទាន់ឈានដល់ថ្ងៃមង្គលការក៏ដោយ ប៉ុន្ដែត្រូវបាននាងបញ្ជាក់ប្រាប់ថា ទៅអនាគតប្រសិនរៀបការរួចហើយ នាងនឹងធ្វើអ្វីៗជាច្រើនទៅតាមបំណងរបស់ស្វាមីនាង ពោលគឺនាងអាចនឹងបោះបង់ចោលសិល្បៈក៏អាចថាបាន  ប្រសិនបើជាសំណូមពរពីស្វាមី ប៉ុន្ដែពេលនេះនាងនឹងប្រឹងប្រែងឆក់យកប្រជាប្រិយភាពឱ្យបានខ្លាំងជាមុនសិន។

កាលពីដើមឆ្នាំនេះបានលេចចេញនូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនាងសាត រស្មី  ដែលធ្វើឱ្យគេបានដឹងថា នាងជាអតីតភរិយារបស់លោក ជៀស ស្រួច ជាកីឡាករប្រដាល់ដ៏ល្បីក្នុងអំឡុងឆ្នាំ2005។ នៅគ្រានោះនាងក៏ពុំបានប្រកែកអ្វីដែរ ប៉ុន្ដែនាងគ្រាន់តែបញ្ជាក់ថា នាង និងអតីតស្វាមីបានចែកផ្លូវគ្នាចប់សព្វគ្រប់អស់ហើយ៕

Advertisement