ប៊ុត សីហា ចូលផលិតកម្មថោន

លោក ប៊ុត សីហា ត្រូវបាន​ប្រជាជន​ទូទាំងប្រទេស រហូត​ធ្លាយ​ចេញទៅ​ដែនដី​ឯនាយសមុទ្រ​បាន​ស្គាល់ និង​ដឹង​ឮថា ជា​ម្ចាស់​ជ័យលាភី The Voice Cambodia រដូវ​កាល​ទីមួយ តាមរយៈ​កម្មវិធី​ប្រកួត​ជ្រើសរើស​រក​អ្នកមាន​សំឡេង​ពីរោះ​លំដាប់​ពិភពលោក ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ហង្ស​មាស។ ប៉ុន្តែ​អ្វីដែល​ជាការ​គួរឱ្យ​ងឿងឆ្ងល់​នោះ​គឺ​បន្ទាប់ពី​ក្លាយជា​ម្ចាស់​ពាន និង​មានឱកាស​បានចេញ​បទ​ចម្រៀង​ត្រឹម​ប៉ុន្មាន​បទ ពេលនេះ​មុខមាត់​របស់​តារាចម្រៀង​រូបនេះ​ហាក់​ត្រូវបាន​គេ​ភ្លេច​បាត់ទៅហើយ ព្រោះ​កុំថាឡើយ​មិនមាន​បទ​ចម្រៀង​ថ្មី​ចេញ​ចរាចរណ៍​នៅលើ​ទីផ្សារ សូម្បីតែ​ការ​លេចមុខ​នៅលើ​ឆាក​ប្រគំ​តន្ត្រី​កម្សាន្ដ​ប្រចាំ​សប្ដាហ៍ ឬ​កម្មវិធី​តន្ត្រី​ទេសចរណ៍​នៅតាម​បណ្តា​ខេត្ត​ក្រុង​នានា ដែល​ក្រុមហ៊ុន​ហង្ស​មាស​ផ្ទាល់​កំពុង​រៀបចំ​យ៉ាង​គគ្រឹកគគ្រេង​នោះ ក៏​គ្មាន​វត្តមាន​របស់លោក​នោះដែរ។

ស្របទៅនឹង​ចម្ងល់ និង​ការលើកឡើង​ខាងលើនេះ នៅមិនទាន់មានការបកស្រាយជាផ្លូវការយ៉ាងណាផង ក៏ស្រាប់មានភាពភ្ញាក់មួយទៀតបានកើតឡើងផងដែរ ដោយជាក់ស្តែងនៅពេលថ្មីៗនេះ លោក ប៊ុត សីហា ត្រូវបានមហាជនទូទៅសង្កេតឃើញរូបភាពជាមួយតារាចម្រៀងនៅក្នុងផលិតកម្មថោន ជាហេតុធ្វើឱ្យកើតការសង្ស័យថាតារាចម្រៀងរូបនេះកំពុងតែពិភាក្សាគ្នា ពីរឿងចូលផលិតកម្មថោន។ នេះបើតាមរូភាពតារាចម្រៀងស្រីរូបស្រស់ រ៉ាប៊ី ដែលជាតារាចម្រៀងក្នុងផលិតកម្មថោន បានបង្ហោះ អមជាមួយក្រដាសឯកសារប៉ុន្មានសន្លឹកនៅលើតុនោះផងដែរ។

ប្រភពបន្ថែមទៀត ក៏បានលើកឡើងថា តារាចម្រៀងរូបបានជួបចចារជាមួយអ្នកគ្រប់គ្រងផលិតកម្មថោនពិតមែន តែដោយឡែកជាលទ្ធផលបែបណានោះ ទាល់តែប្រិយមិត្តតាមដានទាំងអស់គ្នា។ គួរបញ្ជាក់ផងដែរថា ខណៈនេះសារព័ត៌មាន ឡារ៉ែន ពុំអាចទំនាក់ទំនងសុំការបំភ្លឺបន្ថែមពីតារាចម្រៀងរូបនេះតាមរយៈទូរស័ព្ទដៃរបស់លោកបាននៅឡើយទេ៕

Advertisement