ឌី សូនីតា ៖ បើសិនបានអេឡិច ហ្សូរ៉ា ធ្វើជាប្តី ពិតជាល្អណាស់…

មួយរយៈចុងក្រោយនេះកញ្ញាឌី សូនីតា និងលោកអេឡិច ហ្សូរ៉ា បានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួន មានការចាប់អារម្មណ៍ជាខ្លាំងជាមួយសកម្មភាពស្និទ្ធស្នាលរបស់គេគ្រាដែលអ្នកទាំងពីរបានដឹកដៃគ្នាទៅប្រទេសសិង្ហបុរី។

កន្លងមកកញ្ញា ឌី សូនីតា ធ្លាប់បានប្រាប់ថា នាងមិនមែនជាមនុស្សអាថ៌កំបាំងអ្វីទេ ចំពោះរឿងស្នេហា ប្រសិនបើនាងស្រឡាញ់បុរសណាម្នាក់ នាងនឹងប្រាប់ឱ្យអ្នកគាំទ្រខ្លួនដឹងជាមិនខាន។ តាមរយៈពាក្យសំដីទាំងនេះធ្វើឱ្យគេសន្និដ្ឋានថា ភាពស្និទ្ធស្នាលរវាងនាង និងតារាសម្ដែងប្រុសអេឡិច ហ្សូរ៉ា ទំនងជាចង់បង្ហាញពីសញ្ញាមួយទៅកាន់ទស្សនិកជនថា ពួកគេកំពុងតែមានទំនាក់ទំនងស្នេហា ឬមានអារម្មណ៍ល្អជាមួយគ្នាហើយ។

គ្រាន់តែសួរដល់បញ្ហានេះភ្លាមកញ្ញាឌី សូនីតា បានសំណូមពរកុំឱ្យអ្នកគាំទ្រនាងមានការយល់ច្រឡំទៅលើទំនាក់ទំនងរវាងនាង និងលោកអេឡិច ហ្សូរ៉ាអី  ព្រោះយើងទាំងពីរជា Sis & Bro តែប៉ុណ្ណោះ។ នាងបន្ដថា៖ « នាពេលអនាគតខ្ញុំមិនអាចមើលឃើញថា ខ្ញុំ និងគាត់មានរឿងអ្វីកើតឡើងជាមួយគ្នាទេ  ប៉ុន្ដែបច្ចុប្បន្នខ្ញុំ និងគាត់ជាបងប្អូនគ្នាតែប៉ុណ្ណោះ»។

សូនីតា ប្រាប់បន្ដថា មូលហេតុដែលនាងស្និទ្ធស្នាលជាមួយអេឡិច ហ្សូរ៉ា ព្រោះបុរសម្នាក់នេះយល់ចិត្ដនាងគ្រប់ពេលវេលា ពេលខ្លះនាងអាចចាត់ទុកថា ការយកចិត្ដទុកដាក់ពីបុរសម្នាក់នោះចំពោះនាងគឺស្មើនឹងម្ដាយនាងដែរ។ សូនីតា បញ្ជាក់ថា៖«ប្រសិនបានប្ដីដូចជារូបគាត់ពិតជាល្អណាស់ ប៉ុន្ដែមិនដឹងម៉េចទេ? មិនមែនខ្ញុំរើសអើងអ្នកសិល្បៈទេ ព្រោះចាប់តាំងពីខ្ញុំចូលសិល្បៈដំបូងរហូតមកដល់ពេលឱ្យតែមើលឃើញអ្នកសិល្បៈដូចគ្នា គឺតែងតែចាត់ទុកដូចជាបងប្អូនអ៊ីចឹង។ សម្រាប់បុរសដែលខ្ញុំចង់បានជាគូអនាគតគឺជាអ្នកជំនួញឯណោះទេ»។

គួរបញ្ជាក់ថា អ្នកទាំងពីរបានបណ្ដើរគ្នាចេញទៅប្រទេសសិង្ហបុរី ដើម្បីទៅថតចម្រៀងកាយវិការ  សម្រាប់ Original Song របស់កញ្ញាឌី សូនីតា ចំនួនពីរបទដែលមានចំណងជើងថា«សន្យា Inbox» និង «ចង់បាន bro»បទទាំងពីរនេះនឹងចេញ Full Audio នៅសប្ដាហ៍ក្រោយ ពិសេសនឹងចេញ MV នៅខែសីហា ដែលនាងរំពឹងថា អាចទទួលបានការគាំទ្រខ្លាំងក្នុងបទ «សន្យា Inbox» ជាប្រភេទបទចម្រៀងមានគ្រប់រសជាតិសម្រាប់មនុស្សគ្រប់វ័យ៕

Advertisement