ករុណា ពេជ្រ ដាក់ប៉ុន្មានឃ្លាមិនពេញចិត្តទង្វើអ្នកពិន្ធស៊ីភាគរយពីតារាចម្រៀង

ថ្មីៗនេះ គេស្រាប់តែឃើញតារាចម្រៀង ករុណា ពេជ្រ បង្ហោះសាររៀបរាប់អំពីភាគលាភនៅក្នុងក្រុមហ៊ុនចម្រៀងដែលសង្កត់ធ្ងន់ចំពោះភាពចង់​ស៊ី​ភាគ​រយ​លាភសក្ការៈពីសិល្បករនៅក្នុងក្រុមហ៊ុន ដោយទង្វើនេះលោកថាគួរឱ្យតម្លៃទាល់តែសោះ។ យ៉ាងណាមិញ សារដ៏វែងអន្លាយមួយនេះ ត្រូវបានគេមើលឃើញថា លោកបង្ហោះក្រោយពេលដែលអតីតអ្នកនិពន្ធចម្រៀងនៅថោន លោក យឹម តាស្រង់ បាន​បង្ហោះ​សារ​សប្បាយ​ចិត្ត​ឥតឧបមា​​​នៅ​ពេល​តារាចម្រៀង​ពន្លក​ថ្មី​របស់​ផលិតកម្ម​ កាឡាក់ស៊ី កញ្ញា តន់ ច័ន្ទសីម៉ា ចែក២០ភាគរយឱ្យរាល់ពេលឡើងកម្មវិធីប្រគំតន្ត្រី និងថតស្ប៉ត​នានា ដោយ​មាន​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា និង​មេធាវី​ធ្វើ​ជា​សាក្សី។

ក្រោយ​ពី​ឃើញ​ការ​បង្ហោះ​របស់​​​អ្នកនិពន្ធ​នៅ​ផលិតកម្ម​កាឡាក់ស៊ី បាន​ធ្វើ​ឱ្យ​ ករុណា ពេជ្រ មួរ​ម៉ៅ​ក្ដៅ​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​លោក បាន​សរសេរ​រៀបរាប់​នៅ​លើ​ហ្វេសប៊ុក​ថា បើ​គិត​មក​ដល់​ពេល​នេះ​ខ្លួន​បាន​ចូល​ប្រឡូក​សិល្បៈ​ជិត​១៦​ឆ្នាំ​ហើយ​។ ដូច្នេះ​ថ្ងៃ​នេះ​លោក សុំ​បញ្ចេញ​មតិ​យោបល់​ដែល​ជា​គំនិត​ផ្ទាល់​ខ្លួន​ថា ប្រសិន​បើ​ចំណូល​រក​បាន​ពី​សិល្បៈ​នៅ​កន្លែង​ដែល​ផលិតកម្ម​មួយ​បាន​បណ្ដុះ​បណ្ដាល​រូប​លោក ឲ្យ​មហាជន​បាន​ស្គាល់​ហើយ​មក​ទាមទារ​កាត់​ ១០ ទៅ​២០ភាគរយ​​នោះ​ខ្លួន​នឹង​ជូន​ដោយ​ក្ដី​រីករាយ​ព្រោះ​ផលិតកម្ម​បាន​ចំណាយ​ថវិកា​លើ​បុគ្គលិក​គ្រប់​ជាន់​ថ្នាក់។

ក្នុង​នោះ​មាន​អ្នក​និពន្ធ ក្រុម​បច្ចេកទេស បុគ្គលិក​ទីផ្សារ និង​សម្ភារៈ​ផ្សេង​ៗ​ទៀត​ អាច​ធ្វើ​ឱ្យ​តារាចម្រៀង​មាន​កេរ្តិ៍​ឈ្មោះ​ ហើយ​អ្នក​ចម្រៀង​ល្បី​បទ​ក៏​ល្បី ក្រុម​ការងារ​គ្រប់​ជាន់​ថ្នាក់​ក៏​សប្បាយ​ចិត្ត​តាម​ស្នាដៃ​រៀងៗ​ខ្លួន​ដូចគ្នា។ ប៉ុន្តែ​មាន​បុគ្គល​ក្នុង​ផលិតកម្ម​​មួយ​ចំនួន​ចង់​ស៊ី​ភាគ​រយ​លាភសក្ការៈ លើ​ការងារ​របស់​អ្នក​សិល្បៈ​​នោះ​លោក មិន​ឱ្យសូម្បី​តែ​ សូន​ចុច​១​ភាគរយ។

មួយ​វិញ​ទៀត​លោក​ ចង់​ផ្ដាំ​ថា​បើ​​រស់នៅ​បាន​សុខ​ហើយ​សន្សំ​សុខ​ទៅ​ ដើម្បី​ទុក​មុខ​រាប់​គ្នា​ថ្ងៃ​ក្រោយ​គួរ​ស្រណោះ​គ្រា​កន្លង​ផង​ វា​មិន​ដែល​កន្លែង​ចាស់​ធ្វើ​ឱ្យអ្នក​ឆ្អែត​ដល់​ថ្នាក់​អ្នក​​ខំ​រក​ល្បិច​ ដើម្បី​បំផ្លាញ​កន្លែង​ចាស់​ដែល​អ្នក​ធ្លាប់​កម្សត់​នោះ​ទេ ។ អ្នក​ធ្វើ​ឱ្យប៉ះពាល់​ច្រើន​ហើយ​ដល់​ផ្នែក​ដ៏​ទៃ​ តែ​ម្ដង​នេះ​អ្នក​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​របស់​តារាចម្រៀង ដូច្នេះ​ក្នុង​នាម ខ្ញុំ​ជា​តារាចមម្រៀង​ម្នាក់​សូម​អស់​យោបល់ ប៉ុណ្ណេះ​បើ​មាន​ខុស​ឆ្គង​សូម​អភ័យ​ទោស​។

គួរបញ្ជាក់ដែរថា រហូតមកទល់ពេលនេះ លោក ករុណា ពេជ្រ នៅមិនទាន់ចេញការបកស្រាយចំពោះសាររបស់លោកនៅឡើយទេ ដោយលោកក៏មិនបានសំដៅឱ្យចំបុគ្គលណាមួយឱ្យពិតប្រាកដនោះដែរ។ ដើម្បីជាក់ច្បាស់ មានតែការស្រាយបំភ្លឺបន្ថែមពីតារាចម្រៀងប្រុសរូបនេះ ទៅកាន់មហាជនអ្នកគាំទ្រ៕

Advertisement