Brad Pitt មានទំនាក់ទំនងស្នេហ៍សម្ងាត់ជាមួយ Sienna Miller?

កំពូលតារាសម្ដែងល្បីល្បាញ Brad Pitt ដែលថ្មីៗនេះ ត្រូវបានគេសង្ស័យថា បានកើតជំងឺផ្លូវចិត្តក្រោយពីលែងលះ Angelina Jolie រួចមកនោះ ស្រាប់តែប៉ុន្មានថ្ងៃនេះមានលេចឮព័ត៌មានដ៏រសើបមួយថា តារាសម្តែងដែលចាស់ហើយ តែនៅសង្ហាវ័យ 53ឆ្នាំរូបនេះ កំពុងតែបង្កាត់ភ្លើងស្នេហ៍យ៉ាងស្ងាត់ៗជាមួយតារាស្រី Sienna Miller មានវ័យ 35 ឆ្នាំ ក្រោយពីភាពយន្តថ្មីរបស់ពួកគេត្រូវបានដាក់បញ្ចាំង។

បើតាមសារព័ត៌មាន The Sun បានឱ្យដឹងថា ពួកគេទាំងពីរនាក់ ( Brad Pitt និង Sienna Miller) បានបង្ហាញភាពស្និទ្ធស្នាលគ្នា និងសប្បាយរីករាយជាមួយគ្នាយ៉ាងរ៉ូមែនទិក ហើយពួកគេបានព្យាយាមលាក់បាំងរឿងនេះជាការសម្ងាត់ដោយមិនឱ្យនរណាម្នាក់បានឃើញពួកគេឡើយ។

ពាក់ព័ន្ធនឹងព័ត៌មានចចាមអារ៉ាមនេះត្រូវបានអ្នកគាំទ្រ Brad Pitt ចេញមុខបញ្ចេញមតិបដិសេធ ខណៈដែល Brad Pitt និង Sienna Miller នៅមិនទាន់មានការបកស្រាយណាមួយប្រាប់អ្នកសារព័ត៌មានឡើយ។

គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងអ្នកទាំងពីរមិនមែនទើបតែកើតឡើងនៅក្នុងរយៈពេលថ្មីនេះៗទេ ព្រោះកាលពីប៉ុន្មានខែមុន សារព័ត៌មាន Dailymail ធ្លាប់បានចេញផ្សាយម្តងហើយថា នៅពេលដែលបញ្ចប់ម៉ោងការងារ អ្នកទាំងពីរតែងតែនៅជាមួយគ្នានៅក្នុងក្រុមហ៊ុនតែពីរនាក់រហូត ហើយពេលខ្លះថែមទាំងនៅដល់ទល់ភ្លឺទៀតផង នេះអាចសបញ្ជាក់បានថា Brad Pitt កំពុងមានទំនាក់ទំនងស្នេហ៍សម្ងាត់ជាមួយ Sienna Miller ពិតមែនហើយ៕

Advertisement