ក្រោយលែងប្ដី អ្នកនាង Love Riya ហក់ចូលសិល្បៈពេញទំហឹង

អ្នកនាង Love Riya នៅតែកត់សម្គាល់ថា ហ៊ឺហាឡូយឆាយ គ្រប់ពេលបង្ហាញខ្លួនក្នុងកម្មវិធីសិល្ប: និងសប្បុរសធម៌ បើទោះជាមុននេះអ្នកនាងខូចចិត្តនឹងរឿងរ៉ាវលែងលះស្វាមី។ អ្វីដែលសំខាន់ គឺអ្នកនាងនៅតែរឹងមាំ និង ស្រស់ស្អាតផូរផង់មិនខុសពីក្នុងពីហ្វេសប៊ុក។ ខុសពីនារីភាគច្រើន ដែលក្រោយលែងប្ដីរមែងខូចចិត្ត និងក្លាយជានារីទន់ជ្រាយ សម្រាប់ តារាហ្វេសប៊ុក អ្នកនាង Love Riya បែរជាកាន់តែឡូយឆាយ កាលីប និង ធ្វើខ្លួនស្អាតៗ ស្ទីលប្លែកៗ បង្ហាញពីភាពរឹងមាំ និងទាក់ទាញខ្លាំង។

អ្នកនាងត្រូវគេឃើញមានមុខ ភ្ជាប់ជាមួយអ្នកសិល្ប:យ៉ាងសកម្មក្រោយពេលលែងប្ដី ដោយឧស្សាហ៍ឡើងកម្មវិធីទូរទស្សន៍យ៉ាងកាលីប ដូចអ្នកសិល្ប:អាជីពផង ចាប់តាំងពីអ្នកនាង និងស្វាមីរូបសង្ហាបាក់បែកគ្នាជាសាធារណ:។ អ្នកនាង Love Riya បានអះអាងប្រាប់អ្នកសារព័ត៌មានថា ក្រោយពេលលះលែងស្វាមីភ្លាមៗ អ្នកនាងមានអារម្មណ៍ខ្មាសញាតិ និង ពិបាកធ្វើចិត្ត ប៉ុន្តែនៅក្នុងពេលនេះ អ្នកនាងមានកម្លាំងចិត្តវិញហើយ បន្ទាប់ពីត្រូវបានបណ្ដាកម្មវិធីជាពិសេសគឺទូរទស្សន៍ CTN អញ្ជើញឱ្យឡើងឆាកជាហូរហែរ ដែលធ្វើឱ្យអ្នកនាងសប្បាយចិត្ត។

អ្នកនាងថា ខ្លួនកាន់តែមានសកម្មភាពជាមួយផលិតករ និង តារាសិល្ប: ប៉ុន្តែអ្នកនាងនៅមិនទាន់ចាត់ទុកថា ខ្លួនគឺជាអ្នកសិល្ប:នៅឡើយទេ ដោយសារតែអ្នកនាងមិនទាន់មានស្នាដៃសម្ដែង ឬ ការងារសិល្ប:ជាដុំកំភួន។ អ្នកនាង កាន់តែសប្បាយចិត្តក្នុងការបង្ហាញមុខក្នុងវិថីសិល្បៈ ព្រោះខ្លួនស្រទ្បាញ់សិល្ប: និងស្វាគមន៍រាល់កម្មវិធីនានា ដែលចង់ឱ្យអ្នកនាងបង្ហាញសមត្ថភាព៕

Advertisement