ពេជ្រ អាវីហ្សា ស្ដាយពេលវេលាសាងកេរ្ដិ៍ឈ្មោះ ក្រោយពេលវះកាត់រួច

ប៉ុន្មានថ្ងៃមុននេះកញ្ញា ពេជ្រ អាវីហ្សា បានធ្វើឱ្យមិត្ដភ័ក្ដិក្នុងសិល្បៈ ក៏ដូចជាអ្នកគាំទ្រនាងជា ច្រើនមានការភ្ញាក់ផ្អើល គ្រាដែលនាងត្រូវចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ទាំងយប់ដើម្បីធ្វើការវះកាត់ និងបច្ចុប្បន្ន នាងបានធូរស្បើយពីជំងឺនោះហើយ តែទោះយ៉ាងណានាងក៏បានសម្ដែងនូវការហួសចិត្ដបន្ទាប់ពីនាងជួបនឹងបញ្ហាជាប់ៗគ្នាបែបនេះ។

ចូលមកដល់ឆ្នាំ2017 នេះគេសង្កេតឃើញថា តារាសម្ដែងសាច់សខ្ចីដូចបណ្ដូលចេកដែលធ្លាប់តែមានហុងស៊ុយ និងទទួលបានការគាំទ្រក្នុងវិស័យសិល្បៈ ស្រាប់តែត្រូវមកកើតរឿងជាប់ៗគ្នាដែលសូម្បីតែសាមីខ្លួនក៏មានការហួសចិត្ដនឹងខ្សែជីវិតខ្លួនដែរ។ គេនៅចាំបានថា មុនពេលកញ្ញា ពេជ្រ អាវីហ្សា ត្រូវចូលមន្ទីរពេទ្យវះកាត់ពោះវៀនដុះខ្នែងនេះ នាងធ្លាប់បានធ្វើខួបកំណើតដើម្បីលាងជម្រះ ភាពអពមង្គលចង្រៃទាំងឡាយចេញពីជីវិតនាង តែក្រោយពីពិធីនោះចប់រួចរាល់មិនទាន់ទាំងបានមួយខែស្រួលបួលផង ស្រាប់តែនាងត្រូវជួបបញ្ហាចូលពេទ្យទាំងយប់តែម្តង។

ជួបកញ្ញា ពេជ្រ អាវីហ្សា តាមរយៈទូរស័ព្ទ នាងបញ្ជាក់ថា កន្លងមកនាងពុំធ្លាប់មានជំងឺប្រចាំកាយអ្វីឡើយ សូម្បីតែរូបនាងផ្ទាល់ក៏មិននឹកស្មានថា នឹងកើតមានជំងឺដែលធ្វើឱ្យនាងឈឺចុកចាប់ពេញខ្លួនភ្លាមៗដូច្នេះឡើយ។ នាងបន្ដថា តាមនាងដឹងព័ត៌មានខ្លះៗពីគ្រូពេទ្យថា វាជាជំងឺសាមញ្ញដែលនរណាៗក៏អាចកើតបានដែរ តែនៅពេលអាការធ្វើទុក្ខខ្លាំងបណ្ដាលឱ្យចុកពោះខ្លាំងណាស់ និងបើបញ្ជូនទៅពេទ្យមិនទាន់ទេ ប្រហែលនឹងអាចជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬក៏អាចនឹងជួបគ្រោះថ្នាក់ដល់ជីវិតបានទៀតផង។

ជាមួយគ្នានេះកញ្ញា ពេជ្រ អាវីហ្សា បានដកដង្ហើមធំសម្ដែងនូវការហួសចិត្ដបន្ទាប់ពីនាងបានជួបរឿងហេតុមិនល្អម្ដងហើយម្ដងទៀតក្នុងជីវិតបែបនេះ។ អ្វីដែលនាងស្ដាយនោះគឺ ក្រោយពេលនាងវះកាត់ហើយ ត្រូវការពេលវេលាយូរទៀតក្នុងការសម្រាកថែទាំសុខភាព ព្រោះនាងត្រូវការពេលវេលាឆាប់ៗក្នុងការសាងកេរ្ដិ៍ឈ្មោះក្នុងសិល្បៈឡើងវិញបន្ទាប់ពីជួបបញ្ហាឥតឈប់ឈររួចមក។

កញ្ញាពេជ្រ អាវីហ្សា បញ្ជាក់ថា៖«សំណាងហើយដែលខ្ញុំពុំបានជាប់កុងត្រាជាមួយក្រុមហ៊ុនឬផលិតកម្មណាមួយ មិនដូច្នោះទេច្បាស់នៅជាប់ការងារគេពេញហ្នឹង និងមិនដឹងថាត្រូវដោះស្រាយរបៀបណាទេ»៕

Advertisement