អេនឌ្រូ ក្រោយឈរជើងក្នុងសិល្បៈ 6ឆ្នាំ ទើបអាចក្លាយជាតារាចម្រៀង

អស់រយៈពេល 6ឆ្នាំហើយដែលតារាសម្ដែង ហែម មុន្នីរិទ្ធ ហៅ អេនឌ្រូ ចាប់យកអាជីពសិល្បៈ។ ទោះជាការគាំទ្រពីមហាជនមកលើរូបលោកនៅមានកម្រិតក៏ដោយ ក៏លោកបញ្ជាក់ថា បច្ចុប្បន្នលោកពេញចិត្ដជាខ្លាំងជាមួយការងាររបស់ខ្លួន ខណៈលោកបានក្លាយជាតារាចម្រៀងប្រចាំនៅផលិតកម្ម BN។ លោក អេនឌ្រូ ត្រូវបានទស្សនិកជនស្គាល់តាមរយៈកម្មវិធីជាច្រើននៃស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ9។ នៅមិនយូរប៉ុនា្មនទេមហាជននឹងបានស្ដាប់បទមនោសញ្ចេតនារបស់លោកតាមរយៈផលិតកម្ម BN មិនខាន។

ជាមួយគ្នានេះលោក អេនឌ្រូ បានបញ្ជាក់ថា ក្រោយពីចូលប្រឡូកការងារជាតារាសម្ដែង និងពិធីករនៃស្ថានីយទូរទស្សន៍អស់រយៈពេល 6ឆ្នាំមក បច្ចុប្បន្នលោកងាកមកចាប់យកអាជីពថ្មីមួយទៀតជាតារាចម្រៀង។ លោកបន្ដថា៖ «ការពិតខ្ញុំចេះច្រៀងយូរហើយ ហើយក៏ធ្លាប់ប៉ងចង់ក្លាយជាតារាចម្រៀងដែរ ប៉ុន្ដែខ្ញុំគ្មានមានឱកាសបញ្ចេញសមត្ថភាពខ្លួនឯង ទើបតែពេលខ្ញុំឃើញ BN ជាផលិតកម្មបង្កើតបទOriginal Song ខ្ញុំក៏ឆក់យកឱកាសនោះតែម្ដង»។

បទចម្រៀងដែលលោក អេនឌ្រូ ត្រៀមចេញនៅលើទីផ្សារនៅអំឡុងខែសីហាខាងមុខនេះមានចំនួនពីរបទជាប្រភេទបទមនោសញ្ចេតនាបែបស្រុកស្រែ ក្នុងនោះក៏មានទាំង MV ផងដែរ។

អេនឌ្រូ បានបញ្ជាក់ពីមូលហេតុដែលលោកងាកទៅចាប់អាជីពចម្រៀងគ្រាដែលកំពុងតែមានការរវល់ជាមួយការងារច្រើននោះថា ដោយសារវាអាចផ្ដល់ប្រយោជន៍ដល់លោកច្រើនសម្រាប់ការងារជាពិធីករដូចរូបលោក។ លោកបន្ដថា៖ « នៅពេលបងប្អូនទស្សនិកជនត្រូវការខ្ញុំចូលរួមក្នុងកម្មវិធីគាត់ខ្ញុំអាចរៀបជាកញ្ចប់ជូនបានដូចជា ការធ្វើជាពិធីករដែលអាចបកប្រែភាសាអង់គ្លេស និងបារាំងបាន ពិសេសថែមទាំងអាចច្រៀងបានទៀតផង»។

រំលឹកដល់ប្រជាប្រិយភាពក្នុងសិល្បៈត្រូវបានលោកអេនឌ្រូប្រាប់ថា លោកមិនដែលអន់ចិត្ដ ឬខ្វាយខ្វល់អ្វីទេ ផ្ទុយទៅវិញលោកសប្បាយចិត្ដនឹងអ្វីដែលខ្លួនកំពុងតែមាន ព្រោះសព្វថ្ងៃនេះលោកធ្វើការងារនៅក្នុងធនាគារឯកជនមួយ និងរវល់ស្ទើររកពេលដកឃ្លាពុំបានផង មានពេលតិចតួចណាស់សម្រាប់សិល្បៈ ដូច្នេះអ្វីដែលលោកទទួលបាននេះវាសមល្មម ឬក៏អាចថាលើសបន្ដិចផង បើធៀបទៅនឹងការចំណាយពេលរបស់លោក៕

Advertisement