គង់ វង្សយ៉ាទី ស្ទើរអស់ព្រលឹងដោយសារជនអនាមិកធ្វើបាប

ថ្មីៗនេះកញ្ញា គង់ វង្សយ៉ាទី ពិធីការិនីពោរពេញដោយស្នាមញញឹម និងធ្លាប់តែរួសរាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនបានសម្ដែងនូវអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងបន្ទាប់ពីមានជនអនាមិកបានយកគណនីហ្វេសប៊ុករបស់នាងទៅចែករំលែកសារនយោបាយ។

កញ្ញា គង់ វង្សយ៉ាទី បានបង្ហាញពីអារម្មណ៍ភ័យខ្លាចដោយនិយាយថា កាលពី2ថ្ងៃមុនគ្រាន់តែបើកមើល ក្រោយពេលភ្ញាក់ពីគេងភ្លាម នាងមានអារម្មណ៍ភ័យភ្លែតឡើងតែម្តង ដោយសារគណនីហ្វេសប៊ុករបស់នាងត្រូវបានគេហ៊ែកយកទៅប្រើដើម្បីចែករំលែកសារនយោបាយធ្វើឱ្យប៉ះពាល់ដល់កិត្ដិយសថា្នក់ដឹកនាំ។

ពិធីការិនីរូបនេះ និយាយបន្ដថា៖«បងអើយ! គ្រាន់តែភ្ញាក់ឡើងភ្លាមឃើញអ៊ីចឹង ខ្ញុំភ័យសឹងតែស្លុតអារម្មណ៍ និយាយទៅភ្លាមនោះអស់ព្រលឹងរលីង ដោយសារតែគេលួចយកគណនីខ្ញុំទៅលេងនយោបាយ ប៉ះពាល់ដល់ថ្នាក់ដឹកនាំ។ បន្ទាប់ពីកើតបញ្ហានេះឡើង ខ្ញុំក៏បង្កើតគណនីថ្មីមួយ បង្ហោះវីដេអូឃ្លីប ដើម្បីធ្វើការបកស្រាយទៅកាន់សាធារណជនភ្លាម។ ពិសេសបងៗដែលជាមន្រ្ដីរាជការធ្លាប់រាប់អានខ្ញុំឱ្យគាត់បានយល់»។

យ៉ាទីបន្ដថា ក្រោយពីបានប្រាប់ពួកគាត់រួចរាល់ហើយ នាងក៏បានធូរចិត្ដឡើងវិញ ព្រោះអ្នកទាំងនោះបានយល់អំពីនាង ដោយសារតែរយៈពេល5ឆ្នាំកន្លងមកនេះ ពោលគឺចាប់តាំងពីនាងចូលសិល្បៈមក នាងពុំដែលប្រឡូកប្រឡាក់នឹងរឿងនយោបាយទេ។ នាងបញ្ជាក់ថា៖«និយាយតាមត្រង់ ខ្ញុំមិនមែនមានទ្រព្យសម្បតិ្ដសម្បូរហូរហៀរអីទេ តែខ្ញុំនៅក្នុងវិថីសិល្បៈនេះមានសេចក្ដីសុខណាស់។ ខ្ញុំជាជំហរគ្រួសារ ដូច្នេះខ្ញុំមិនចង់ពាក់ព័ន្ធរឿងនយោបាយអ្វីឡើយ។ ម្យ៉ាងម៉ាក់របស់ខ្ញុំហាមដាច់ខាត គឺគាត់ឱ្យធ្វើតែការងារសិល្បៈ និងការងារជួយសង្គមតែប៉ុណ្ណោះ»។

តារាសិល្បៈរូបនេះបានរៀបរាប់បន្ដថា ក្រោយពីបានបកស្រាយឱ្យសាធារណជនបានយល់ហើយ អារម្មណ៍របស់នាងហាក់ដូចជាបានដកបន្លាចេញពីដើមទ្រូងដូច្នេះដែរ។ អ្វីដែលនាងសោកស្ដាយគឺគណនីដែលនាងខំលេងរយៈពេល5ឆ្នាំមកនេះមានអ្នក Like &Share ច្រើននោះ ត្រូវបានបាត់បង់៕

Advertisement