ញាក់សាច់ !! “ផ្ទះចុងភូមិ” ល្អមើលហួសពីការគិតទុកមុនទៅទៀត

គ្រាន់តែឮពីចំណងជើងភាពយន្ដរបស់ផលិតកម្មមហាហង្ស « ផ្ទះចុងភូមិ » ក៏កាន់តែទាក់ទាញឱ្យទៅទស្សនាបាត់ទៅហើយ តែជាក់ស្ដែងនៅល្ងាចថ្ងៃទី6 ខែឧសភា ផលិតកម្មមហាហង្សបានសម្ពោធភាពយន្តខ្នាតធំដ៏ព្រឺព្រួចមួយនេះ គឺពិតជាទទួលបានការគាំទ្រខ្លាំងហួសពីការរំពឹងទុក ព្រោះថា សាច់រឿងទាំងមូលលាក់បានល្អណាស់ និងមានឈុតឆាកំប្លែង ភ័យរន្ធត់ ប្រទាក់ក្រឡា ដោយអ្នកបានទស្សនាដែលជាភ្ញៀវភាគច្រើន សុទ្ធតែលាន់មាត់ថា ភាពយន្តរឿង”ផ្ទះចុងភូមិ” សើច ភ័យ និងកម្សត់ ពិតជាល្អមើល។

ភាពយន្តនេះគឺជាស្នាដៃដំបូងសម្រាប់ឆ្នាំ2019 ដែលផលិតកម្មមហាហង្សបានសម្រិតសម្រាំងស្នាដៃទាំងបច្ចេកទេស ទាំងសំឡេងអេហ្វិក និងប្លង់ថត សុទ្ធដឹងតែប្រណិតយកគុណភាពស្ដង់ដាកុនបរទេស ដែលពិតជាទទួលបានការគាំទ្រខ្ពស់ពីមហាជន។ លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានថ្លែងបញ្ជាក់ថា ធៀបនឹងស្នាដៃមុនៗ ភាពយន្តរឿង”ផ្ទះចុងភូមិ” មានការចំណាយដើមទុនអស់ច្រើនគួរសម ដោយសារតែលោកព្រលែងដៃអោយក្រុមផលិតករផលិតស្នាដៃអោយបានល្អ និង ចង់អោយរឿងទាំងមូល ក្លាយជារឿងដែលមានគុណភាពស្ដង់ដារ។ មួយរឿង លោកថាគ្រាន់តែសរុបលើការផលិត ប្រើពេលដល់មួយឆ្នាំពេញ ខណៈដែលគុណភាពរឿង ក៏លោកពេញចិត្ត ហើយជឿជាក់ច្រើនថា មានកម្រិតប្រកួតប្រជែង នឹងស្នាដៃរបស់ប្រទេសជិតខាងបាន។ លោកក៍គ្រោងនឹងយកស្នាដៃមួយនេះ ចេញទៅកាន់ទីផ្សារក្រៅស្រុកផងដែរ ទើបលោកសម្រេចផលិតស្នាដៃទាំងមូល ដោយមិនខ្វល់ពីការចំណាយកម្រិតណា។ ភាពយន្តនេះប្រកាសលក់សំបុត្រ ចាប់ពីថ្ងៃ8 ឧសភា តទៅ ដោយស្នាដៃរបស់លោកគ្រាន់តែយកទៅឆ្លងក្រសួង គឺទទួលបានការសរសើរធ្វើអោយលោកកក់ក្ដៅ ជាពិសេសគឺលើសាច់រឿង និងភាពជក់ចិត្តតាំងពីដើមរឿងរហូតដល់ចប់តែម្ដង។

លោកបានបញ្ជាក់ទៀតថា ជាការកត់សម្គាល់មួយដែរ ដែលភាពយន្តមហាហង្សទទួលបានការសរសើរខុសពីស្នាដៃមុនៗ ស្របគ្នាដែលតួសម្ដែងក៍ត្រូវផលិតកម្ម ដាក់សុទ្ធតែតួល្បីៗ ដែលកាន់តែរំលេចផ្ទៃរឿងអោយកាន់តែទាក់ភ្នែក។ យ៉ាងណាមិញនៅក្នុងពិធីកាត់ខ្សែបូរបើកសម្ពោធនោះ គេមិនឃើញវត្តមាន នាយគ្រឿន លោក ជា សុវណ្ណនរាហ៍ និង ទ្រង់ ស៊ីសុវត្ថិ សិរីវុឌ ដែលជាតួអង្គសំខាន់ ចូលរួមនោះទេ ដោយសារតែតួអង្គធំៗក្នុងរឿងទាំង3 សុទ្ធតែជាប់ការងារតាមខេត្ត៕

Advertisement