រឿង « ខ្យល់ខែកុម្ភៈ »ដឹកនាំដោយយុវផលិតករវ័យក្មេង មុនី កណ្ណដារង្គ ឈ្នះពានរង្វាន់ជយលាភីមហោស្រពភាពយន្ដខ្លីចតុមុខ 2018

ក្នុងពិធីបិទមហោស្រពភាពយន្ដខ្លីចតុមុខ នៅថ្ងៃទី 30 ខែតុលា ឆ្នាំ 2018 នេះ បានរកឃើញម្ចាស់ជយលាភីរឿងខ្លីដែលល្អឯក និងមានគុណភាពប្រចាំឆ្នាំ 2018 នេះហើយ ដោយមានការសម្រេចចិត្តបោះឆ្នោតពីសំណាក់មហាជនអ្នកទស្សនា និងការវិនិច្ឆ័យយ៉ាងយុត្តិធម៌ពីសំណាក់គណៈកម្មការបីរូបដូចជា លោក លោក ជៀប សុវិជ្ជា ប្រធាន CFC និងជាគណៈកម្មការផ្តល់ពិន្ទុភាពយន្តដែលដាក់ប្រកួតនៅក្នុងមហោស្រពភាពយន្តខ្លីចតុមុខ និង លោក ភិជិត រិទ្ធា ផលិតករឯករាជ្យ ព្រមទាំង កញ្ញា អាត សុធាវី គណៈកម្មការមានបទពិសោធន៏ជាច្រើនឆ្នាំក្នុងវិស័យភាពយន្ត។

ភាពយន្តខ្លីទាំង 6 ចំណងជើងជាជម្រើសភាពយន្តប្រចាំឆ្នាំ 2018 ដែលទទួលបានការគាំទ្រលើសគេ ជាពិសេសគឺភាពយន្តផលិតដោយយុវវ័យជំនាន់ថ្មីមានអាយុមិនលើស 30ឆ្នាំ​ឡើយ ហើយក៏ជាផលិតករវ័យក្មេងកំពុងជំរុញឱ្យវិស័យភាពយន្តខ្មែរមានសន្ទុះទៅមុខ។ យ៉ាងណាមិញ ខណៈប្រកាសលទ្ធផលនារាត្រីថ្ងៃម្សិលមិញនេះ មហាជនជាច្រើនមានសភាពបុកពោះ ញាប់ញ័រដៃជើង និងរន្ធត់នៅក្នុងអារម្មណ៍ជាខ្លាំង ទាំងក៏សប្បាយរីករាយបំផុត ខណៈដែលពិធីករទាំងពីររូបបានប្រកាសថា រឿង « ខ្យល់ខែកុម្ភៈ » ជាម្ចាស់ពានរង្វាន់ជយលាភីសម្រាប់មហោស្រពភាពយន្ដខ្លីលើកទី 7 នេះ។

យុវផលិតករ មុនី កណ្ណដារង្គ ជាអ្នកដឹកនាំរឿង « ខ្យល់ខែកុម្ភៈ » បានថ្លែងប្រាប់ថា លោកពិតជាមានក្ដីរំភើបក្រៃលែង ដែលភាពយន្ដខ្លីរបស់លោកបានជាប់ជាជយលាភីនៅក្នុងរាត្រីនេះ ហើយក៏នឹកស្មានមិនដល់ថា មានការគាំទ្រយ៉ាងពេញទំហឹងបែបនេះសោះ។ អ្នកដឹកនាំវ័យ 28 ឆ្នាំរូបនេះ ក៏បានលើកឡើងដែរថា ការដែលលោកសម្រេចចិត្តយករឿងខ្លីរបស់លោកមកដាក់ប្រកួតនៅក្នុងមហោសព្រភាពយន្ដខ្លីចតុមុខនេះ គឺលោកមានគោលបំណងចង់ឱ្យរឿងលោកបានបញ្ចាំងនៅលើផ្ទាំងសំពត់សគ្រប់រោងកុន ដែលជាទូទៅមានតែរឿងកុនធំៗប៉ុណ្ណោះ ទើបបានបញ្ចាំងនៅលើផ្ទាំងសំពត់សបែបនេះ ។

លោកបន្ដបញ្ជាក់ដែរថា មហោស្រពភាពយន្ដខ្លីចតុមុខ ពិតជាបានសាងឱកាសឱ្យកូនខ្មែរជំនាន់ក្រោយ មានឱកាសក្លាយជាផលិតករវ័យក្មេង និងជំរុញឱ្យវិស័យភាពយន្ដខ្មែរកាន់តែមានគុណភាព និងរីកចម្រើនបន្ដទៅមុខ។ លោកពិតជាអរគុណចំពោះការគាំទ្រពីសំណាក់មហាជនទាំងអស់ និងគណៈកម្មការកិត្តិយសទាំងបី ដែលមានធ្វើឱ្យលោកបានសម្រេចក្ដីបំណងដ៏វិសេសវិសាលមួយនេះ៕

Advertisement