ភ្ញាក់ផ្អើល សុគន្ធ ថេរ៉ាយុ និង រិទ្ធ អូមេហ្កា ចាប់ដៃគ្នាបោះទុនរកស៊ីដល់ជិតកន្លះលានដុល្លារ

នៅពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ និងអ្នកដឹកនាំសម្ដែង រិទ្ធ អូមេហ្កា ត្រូវបានគេមើលឃើញថា អ្នកទាំងពីរកំពុងចាប់ដៃគ្នាយ៉ាងស្អិតរមួតក្នុងការសហការរកស៊ីបើកក្លិបថ្មីស្ថិតនៅជិតស្ដុបណានជីង ម្ដុំក្ដាន់២ យីហោ Queen King Club ឬ QK Club ដែលមានការដាក់ហ៊ុនគ្នា ៥០ភាគរយក្នុងម្នាក់ៗ ដោយមានទុនសរុបជិតកន្លះលានដុល្លារ។

ក្លិបកម្សាន្តថ្មីនេះ ប្រកាសបើកសម្ពោធផ្លូវការនៅថ្ងៃទី១៣ ខែឧសភា ដោយមានការរំពឹងថា តារាសិល្បៈយ៉ាងច្រើនកុះករនឹងត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយស។ គ្មានអ្នកណាមិនភ្ញាក់ផ្អើលនោះទេ នៅពេលមានការប្រកាសថា ក្លិប QK Club គឺជាភាគហ៊ុនរវាងតារាចម្រៀង និងអ្នកដឹកនាំសម្ដែងទាំង២រូបខាងលើរួមបោះទុន ដោយគិតមកដល់ពេលនេះ គឺម្នាក់ៗប្រើទុនអស់ប្រមាណ២០ម៉ឺនដុល្លារហើយ។ យោងតាមព័ត៍មានផ្លូវការបញ្ជាក់ថា លោក សុគន្ធ ថេរ៉ាយុ និងលោក រិទ្ធ អូមេហ្កា បានសិក្សាស្វែងយល់ពីមុខរបរនេះជាយូរមកហើយ មុននឹងឈានដល់ការសម្រេចចិត្តបោះទុនរួមគ្នា ដោយអ្នកទាំងពីរនឹងចំណាយលុយជួលឌីជេល្បីៗមកពីប្រទេសថៃ និងតារាចម្រៀងល្បីៗអោយមកចាក់ភ្លេង និងច្រៀងរាំក្រោយក្លិបមួយបេះសម្ពោធផ្លូវការ ដើម្បីអោយក្លិបទាំងមូលទទួលបានការចាប់អារម្មណ៍នោះផង។

សូមជម្រាបថា ក្លិបនេះត្រូវបានលោក រិទ្ធ អូមេហ្កា ប្រកាសថា មានទីតាំងនៅជិតស្ដុបណានជីង ដោយជិះពីស្ដុបណានជីង ទៅកាន់ក្ដាន់២ ហើយបត់នៅច្រកទី២ ខណៈដែលក្លិបមួយនេះ បានបើកដំណើតការសាកល្បងជារៀងរាល់ថ្ងៃហើយ អមដោយការបញ្ចុះតម្លៃ៣០ភាគរយ ដើម្បីអោយដល់ថ្ងៃបើកសម្ពោធផ្លូវការនៅថ្ងៃទី១៣ ខែសភា ខាងមុខ មានភ្ញៀវអោយច្រើនស្គាល់ស្រាប់។

គួរបញ្ជាក់ទៀតថា ទាំងលោក សុគន្ធ ថេរ៉ាយុ និង លោក រិទ្ធ អូមេហ្កា នៅមិនទាន់ទម្លាយនូវដំណឹងនេះជាផ្លូវការនៅឡើយទេ ដោយលោក Rith Omega គ្រាន់តែឆ្លើយយ៉ាងខ្លីថា ក្នុងពេលខាងមុខ គឺលោកនឹងឆ្លើយបញ្ជាក់៕

Advertisement