តារាសិល្បៈលេងល្បែងប្រជាប្រិយថតអបអរចូលឆ្នាំនៅ TVK 

ក្នុងចំណោមល្បែងប្រជាប្រិយខ្មែរដែលពេញនិយម ល្បែងប្រជាប្រិយខ្មែរ លេងលាក់កន្សែង ក៏ត្រូវគេនិយមជ្រើសយកមកលេងពេលជួបជុំគ្នាម្ដងៗផងដែរ  បើទោះជាការរាំច្រៀង អាចត្រូវបានគេមើលឃើញថា ពេញនិយមជាង។

ល្បែងនេះគេចាប់គូស្រីប្រុសៗជារង្វង់  ហើយមានមេនាំមុខម្នាក់កាន់កន្សែងដែលវេញដូចខ្សែពួដើម្បីច្រៀងដើរជុំវិញវង់ ហើយទម្លាក់កន្សែងឱ្យទៅអ្នកណាម្នាក់ក្នុងវង់។អ្នកទទួលបានកន្សែងត្រូវស្ទុះកាន់កន្សែងដែលវេញនោះ  ដេញវ័ធអ្នកនៅខាងស្ដាំដៃខ្លួនទាល់តែគ្រប់មួយជុំ  ដោយមានន័យថាអ្នករត់បានលឿន នឹងគេចបានរហ័ស  តែបើរត់យឺតៗ  ឬភ្នែកមិនវ៉ៃ ពេលកន្សែងត្រូវគេទម្លាក់នៅក្រោយដៃគូ  នោះពិតជាត្រូវគេដេញវាត់ទក់សាច់។ ប៉ុន្តែល្បែងនេះ ក៏ត្រូវការតែអ្នកមានការយោគយល់ខ្ពស់ និងមិនគេងចំណេញ ដោយការវាត់ ឬ ដេញវាត់ខ្លាំងផងដែរ ដើម្បីកុំឱ្យមានគ្រោះថ្នាក់អ្នកដែលត្រូវគេវាត់ ហើយបណ្ដាលឈឺខ្លួន។  ចឹងហើយទើបល្បែងនេះត្រូវគេអះអាងថា បើលេងត្រូវក្បួន ត្រូវខ្នាតគឺពិតជាសប្បាយកប់ ដូចសកម្មភាពតារាៗរបស់គ្រួសារតារាកម្ពុជា ដែលបានថតអបអរចូលឆ្នាំខ្មែរ កាលពីថ្ងៃទី៩ មេសា មុននេះ។

យ៉ាងណាមិញខណៈដែលប៉ុស្តិ៍ទូរទស្សន៍មួយចំនួន   ត្រូវគេកត់សម្គាល់ថាបានផ្អាកសកម្មភាពអបអរបុណ្យចូលឆ្នាំ ព្រោះតែមានការចំណាយច្រើន និងសម្អាងថា សមាគមទូទស្សន៍កម្ពុជា ក៏បានថតកម្មវិធីច្រៀងរាំអបអរបុណ្យចូលឆ្នាំធំដុំរាល់ឆ្នាំដែរនោះ សម្រាប់ទូរទស្សន៍ជាតិកម្ពុជា នៅតែបានចំណាយក្នុងការថតកម្មវិធីសិល្បៈ ដោយមានល្បែងប្រជាប្រិយ និងច្រៀងរាំ យ៉ាងសប្បាយកុះករ ដើម្បីចូលរួមថែរក្សាវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំ។

លោក សុខ សំណាង ផលិតករកម្មវិធីកុនខ្ញុំ បានថ្លែងបញ្ជាក់ថា ដោយសារតែកម្មវិធីរបស់ខ្លួនត្រូវចាក់បញ្ចាំងចំថ្ងៃចូលឆ្នាំ ទើបលោកសម្រេចសហការជាមួយគ្រួសារតារាកម្ពុជា ដើម្បីកៀរគរតារាសិល្បៈជាង៦០រូប ឱ្យចូលរួមលេងល្បែងប្រជាប្រិយ ដើម្បីរំលឹកពីល្បែងសប្បាយៗរបស់ខ្មែរ និងមានសកម្មភាពច្រៀងរាំ នូវចង្វាក់ប្រពៃណីខ្មែរ អមដោយការស្លៀកពាក់ហូលផាមួង និងអាវកបំពង់ដែលបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរ។ កម្មវិធីនេះ ក៏មានកិច្ចសម្ភាសន៍ជាមួយផលិតករ និង លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលបានសហការគ្នាផលិតស្ពតមួយមុនថតកម្មវិធី ដែលនិយាយពីការថែរក្សាវប្បធម៌របស់ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំផងដែរ។ ក្រៅពីកិច្ចសម្ភាសន៍ និងរាំច្រៀង  បង្ហាញពីចង្វាក់ប្រពៃណី កម្មវិធីនេះក៏មានបង្ហាញពីល្បែងប្រជាប្រិយរួមមាន ល្បែងបោះឈូង  លាក់កន្សែង  និង ដណ្ដើមស្លឹកឈើ ដែលសុទ្ធតែជាល្បែងប្រពៃណីខ្មែរ ដែលបង្ហាញពីកម្លាំងសាមគ្គីរបស់ខ្មែរ។

តារាដែលបានចូលរួមក្នុងពិធីនោះ រួមមានទាំងតារាចម្រៀង តារាបង្ហាញម៉ូដ តារាសម្ដែង និង តារាកំប្លែង ដែលភាគច្រើនជាសមាជិកសកម្មរបស់គ្រួសារតារាកម្ពុជា។

Advertisement