អ៊ុន​ អាលីហ្សា ការងាររាជការមានអនាគតជាងសិល្បៈ

រយៈពេលជាង 1 ឆ្នាំចុងក្រោយនេះ តារាសម្ដែង អ៊ុន អាលីហ្សា បានឃ្លាតឆ្ងាយពីពិភពសិល្បៈ ដោយសារតែនាងមានភាពមមាញឹកជាមួយការហ្វឹកហាត់រៀនសូត្រអំពីជំនាញមន្ត្រីនគរបាល។ ដោយសារតែមានការខិតខំប្រឹងប្រែងហាត់រៀន និងយកចិត្តទុកដាក់ចំពោះជំនាញដែលនាងស្រឡាញ់មួយនេះ ទើបមកទល់ពេលនេះ តារាស្រីរាងតូចច្រលឹងរូបនេះ បានចូលស៊ុបក្នុងក្របខ័ណ្ឌរដ្ឋ ក្នុងតួនាទីជាប៉ូលិសស្រីហើយ។

ប៉ូលិសស្រីដ៏ស្រស់សោភារូបនេះបានប្រាប់សារព័ត៌មាន ឡារ៉ែន ថា ប្រសិនបើការងារថ្មីនេះដំណើរការទៅបានយ៉ាងរលូន នាងអាចនឹងពង្រឹងជំនាញទី2មួយនេះឲ្យមានលំនឹងល្អជាងសិល្បៈ។ មូលហេតុដែល អាលីហ្សា មានកម្លាំងជំរុញចិត្តក្នុងការចាប់យកអាជីពជាប៉ូលិសស្រីនេះ នាងថ្លែងថា «ដោយសារតែមានក្ដីស្រឡាញ់ខាងផ្នែកជានគរបាល និងមួយវិញទៀត ក្នុងនាមជាកូនខ្មែរមួយរូប ប្រសិនបើយើងអាចធ្វើអ្វីបានសម្រាប់ប្រទេសជាតិយើង គឺយើងនឹងធ្វើ»។

ទន្ទឹមនឹងការប្រឡូកនៅក្នុងវិស័យសិល្បៈផង និងបន្ដការសិក្សាទៀតផងនោះ អាលីហ្សាបានពោលថា មានការលំបាកច្រើនខ្លះដែរ តែក៏ខិតខំប្រឹងប្រែងដើម្បីឈោងចាប់យកគោលដៅនេះឱ្យបាន។ បើនិយាយអំពីឧបសគ្គនៃការសិក្សា នាងបន្ដថា «ការចូលធ្វើជាប៉ូលិសនេះ ទម្រាំជាប់ពេញសិទ្ធិ គឺលំបាកខ្លាំងណាស់ ដោយសារតែគ្រប់យ៉ាងត្រូវឆ្លងកាត់ការប្រឡងចូលដូចប្រឡងបាក់ឌុបដែរ មិនខុសគ្នាប៉ុន្មានទេ។ ដំបូងឡើយនាងខ្ញុំគិតថា បែបទៅមិនរួចទេមើលទៅ តែសង្កេតឃើញថា បងប្អូនខ្មែរភាគច្រើនឱ្យតម្លៃចំពោះការងាររដ្ឋ មន្ត្រីរាជការ ពោលគឺការងារទីពីរនេះមានលំនឹងជាងសិល្បៈ ព្រោះយ៉ាងហោចណាស់ ពេលចាស់ទៅ ក៏មានប្រាក់ខែចូលនិវត្តន៍ដែរ» ។

បើទោះជារវល់ជាមួយការងារប៉ូលិសស្រីច្រើនក៏ដោយ ក៏តារាសម្ដែង និងបង្ហាញម៉ូដរូបនេះបានបញ្ជាក់បន្ថែមថា «ស្របពេលនឹងទីផ្សារសិល្បៈភាពយន្ដកំពុងរីកចម្រើនខ្លាំង ខ្ញុំក៏មានការងារសម្ដែងក្នុងរឿងភាគថ្មីៗមួយចំនួនដែរ និយាយជារួមគឺ មិនឱ្យបងប្អូនអ្នកគាំទ្រភ្លេចមុខនាងខ្ញុំឡើយ​»៕

Advertisement