អត់ម្ដេចបាន!!! ចាំអង្កាល់ទៀតបានទៅលេងព្រឹត្តិការណ៍ «កាលយើងនៅក្មេង»

ព្រឹត្តិការណ៍ «កាលយើងនៅក្មេង» គឺជាគម្រោងទី2 របស់ក្រុមទាយាទអង្គរ បន្ទាប់ពីបានធ្វើដោយជោគជ័យនូវគម្រោងទី1 ម្ដងរួចមកហើយនៅឯរាជធានីភ្នំពេញ គឺ៖ « លក្ខណៈពិសិដ្ឋនៃអក្សរសាស្ត្រ និង សាស្រ្តាស្លឹករឹតខ្មែរ» ៖ 2016 – CKCC។

«កាលយើងនៅក្មេង» នឹងប្រព្រឹត្តទៅចំនួន 2ថ្ងៃកន្លះ គឺថ្ងៃសៅរ៍ អាទិត្យ និងព្រឹកថ្ងៃច័ន្ទ ទី8-9-10 រោច ខែជេស្ឋ ឆ្នាំរកា នព្វស័ក ព. ស. 2561 ត្រូវនឹងថ្ងៃទី 17-18 និង 19 ខែមិថុនា ឆ្នាំ 2017 នៅឯវត្តបុរាណ ចំប៉ា ជិតកៀនស្វាយ តាមបណ្ដោយផ្លូវជាតិលេខ1 រាជធានីភ្នំពេញ។

នៅក្នុងព្រឹត្តិការណ៍ «កាលយើងនៅក្មេង» មានកម្មវិធីដូចជា៖

1. គោរពទង់ជាតិ និង ភ្លេងជាតិខ្មែរ បទនគររាជ។
2. លេង ល្បែងកាលនៅក្មេង និង ល្បែងប្រជាប្រិយ ក្នុងមួយថ្ងៃ 18មុខ។
3. សរសេររឿងរ៉ាវ អនុស្សាវរីយ៍ និង បទពិសោធន៍កាលនៅក្មេង នៅលើ ខ្លោងទ្វាររឿង ។
4. កូនទំពាំងពិសិដ្ឋ៖ ជាកូនបណ្ណាល័យតូចមួយ ដែលឱកាសឲ្យអ្នកចូលរួមក្លាយជាគ្រូរបស់ក្មេងៗមួយថ្ងៃដូចជា៖ ការអានសៀវភៅឲ្យក្មេងៗស្ដាប់ បង្រៀនក្មេងៗ ។ល។ ទីនេះក៏បំផុសគំនិត៖ កុមារម្នាក់ អ្នកចូលរួមម្នាក់ សំរាមមួយថង់ ផងដែរ។
5. ហត្ថកម្ម៖ បត់រូបផ្សេងៗអំពីក្រដាស-ស្លឹកត្នោត-ស្លឹកដូង រៀនចាក់ចេក រៀនបត់ឈូកថ្វាយព្រះ និង រៀនដោតភួងម្លិះថ្វាយចំពោះព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រិយានី (អបអរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រិយានី សម្ដេចយាយ)។
6. ពិព័រណ៍វត្តបុរាណ៖ បង្ហាញលក្ខណៈវត្ត និងព្រះវិហារបុរាណខ្មែរ-សាស្ត្រាស្លឹករឹត-គំនូរសាស្ត្រាល្បែង
7. ជិះរទេះគោទៅទស្សនាព្រះវិហារបុរាណ 3ទៀតនៅក្នុងភូមិ ដូចជា វត្តមជ្ឈិមវ័ន វត្តមុនីសាគរ និង វត្តវិចិត្តារាម-ផ្ទះបុរាណខ្មែរ-សិប្បកម្មតម្បាញក្រមា។
8. ដើរភ្លក្សអាហារ និង ទិញរបស់របរកាលនៅក្មេង។
9. រៀនធ្វើ ចង្កៀង និង គោមផ្កាយនិស្ស័យ។
10. វេទិកាកុមារ៖ ការបង្ហាញម៉ូដកុមារ នារីសប្បុរស និង ទស្សនីយភាពដោយកុមារៗដែលមានទេពកោសល្យ។
11. រាត្រីចាប៉ីដងវែង-ភ្លេងបុរាណខ្មែរ
12. ក្បួនថ្វាយភួងម្លិះចំពោះព្រះឆាយាល័ក្ខណ៍ ដើម្បីអបអរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម នៅថ្ងៃចម្រើនព្រះជន្ម។
13. នារីសប្បុរស-រំដួលលិចទឹក៖ កញ្ញារំដួលលិចទឹកលក់បាយឡុកបាយឡ និង ការស្វែងរកសប្បុរិសធម៌ជួយកុមារ និង ចាស់ជរាទុរគតក្នុងភូមិ។ យើងក៏បំផុសផងដែរនូវកុសលដែលអ្នកចូលរួមបានសម្អាតវត្តអារាម ព្រះវិហារបុរាណរួមគ្នាផងដែរ។
14. ល្បែងបេសកកម្ម៖ បេសកកម្មដែលអ្នកចូលរួមត្រូវធ្វើទាក់ទងនឹងព្រឹត្តិការណ៍។
15. អ្នកចូលរួមនឹងទទួលបាននូវ ផែនទីទេសចរណ៍ ម្នាក់មួយផ្ទាំង ដែលតម្រូវឲ្យចូលរួមគ្រប់សកម្មភាពរបស់ព្រឹត្តិការណ៍ ដើម្បីទទួលបានត្រា ដែលមានឱកាសទទួលបាន តុក្កតាអាថ៌កំបាំង – និមិត្តរូបរបស់ព្រឹត្តិការណ៍។

គួរបញ្ជាក់ផងដែរថា កម្មវិធី «កាលយើងនៅក្មេង» មានទស្សនវិស័យដ៏សំខាន់មួយគឺ «ដើម្បីលើកស្ទួយព្រះវិហារបុរាណរបស់ខ្មែរ ដែលជាបេតិកភណ្ឌជាតិដែលកំពុងតែសាបសូន្យ» ដោយផ្សារភ្ជាប់ការកម្សាន្ត សប្បុរិសធម៌ ការលើកស្ទួយវប្បធម៌ជាតិ-វិស័យអប់រំ និង ការបំផុសគំនិតទេសចរណ៍សហគមន៍។ ជាអត្ថន័យដ៏ស៊ីជម្រៅ ព្រឹត្តិការណ៍ «កាលយើងនៅក្មេង» ចង់ឲ្យអ្នកគ្រប់គ្នានឹកឃើញដល់កាលដែលគេនៅជាកុមារ ដែលវេលានោះ នៅក្នុងព្រះនគរយើង នៅសេសសល់ព្រះវិហារបុរាណ មានចំនួនច្រើនជាងសព្វថ្ងៃ។ ឆ្លងកាត់ដំណើរនៃពេលវេលា ព្រះវិហារបុរាណទាំងឡាយ ជាភស្ដុតាងប្រវត្តិសាស្រ្តដ៏មានសារៈសំខាន់ កំពុងតែរងគ្រោះដោយការវាយកម្ទេចចោល ហើយជំនួសមកវិញនូវព្រះវិហារថ្មី គួរជាទីព្រួយបារម្ភជាពន់ពេកណាស់។

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់ជួលតូបលក់ផលិតផលដែរ សូមទាក់ទងតាមរយៈលេខទូរសព្ទខាងក្រោមនេះ៖

081 809 536 / 086 566 778 / 077 220 083 / 010 281 069 / 010 600 848 / 012 679 995

ព័ត៌មានលម្អិត សូមចូលទៅកាន់ទំព័រ Facebook ទាយាទអង្គរ – Angkor Inheritor

 

Advertisement