ពិធី «បុណ្យដារលាន ឬ បុណ្យ​ភូមិ» លើក​ទី 12 នៅ​ទីក្រុង​សៀមរាប​ធ្វើឡើង ចំ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល

អ្នកណាខ្លះ​នឹង​ទៅ​ឆ្លង​ឆ្នាំ​នៅ​រៀម​រាប? កុំ​ភ្លេច​ណា ទៅលេង​បុណ្យ​ភូមិ​នៅឯ​ភូមិ​ជ្រាវ ក្នុង​ទី​រួម​ខេត្ត សៀមរាប​ទាំងអស់គ្នា ពីព្រោះ​ក្រុម​សមាជិក​របស់ Jaya Catering & Events បាន​សហការគ្នា​រៀបចំ​កម្មវិធី «បុណ្យដារលាន ឬ​បុណ្យ​ភូមិ» ហើយនឹង​កម្មវិធី​ឆ្លង​ឆ្នាំ​សកល​នៅ​ថ្ងៃទី 31 ខែធ្នូ​តែម្តង។

លោក ច្រឹ​ក គីម​ផូ ជា​អគ្គនាយក ក្រុមហ៊ុន Jaya Catering & Events បាន​លើកឡើងថា៖ នេះ​ជា​លើក​ទី12 ហើយ​ដែល លោក​ក៏ដូចជា​ក្រុម​សមាជិក​បានរៀបចំ​ពិធីបុណ្យ ដារ​លាន ឬ​បុណ្យ​ភូមិ​នេះ​ឡើង ដែល​លើកមុនៗ គឺ​រៀបចំ​សម្រាប់តែ​ទទួល​ស្វា​គម​តែ​ភ្ញៀវ​បរទេស​ប៉ុន​ណ្ណោះ តែ​លើក​នេះ​គឺ​រៀបចំ​ជា​លក្ខណៈពិសេស​ដែល​នឹង​ទទួល​ស្វា​គម​ភ្ញៀវ​ជាតិ និង​អន្តរជាតិ។ គោលបំណង​សំខាន់​ដែល​រៀបចំ​កម្មវិធី «បុណ្យដារលាន ឬ​បុណ្យ​ភូមិ» គឺ​រំលឹក​សារ​ឡើងវិញ​ពី​វប្បធម៌​របស់​ខ្មែរ​យើង​ដែលមាន​តាំងពី​យូរលុង​ណាស់​មកហើយ ជាពិសេស​គឺ​ការផ្សព្វផ្សាយ​ឱ្យក្មេងៗ ជំនាន់​ក្រោយ​យល់ដឹង​កាន់តែច្បាស់​ពី​ពិធីបុណ្យ​របស់​ខ្មែរ​តែម្តង។

លោក​បានលើកឡើង​ទៀតថា៖ ជាធម្មតា​ជា​រៀងរាល់ឆ្នាំ មាន​ភ្ញៀវ​ជាតិ និង អន្តរជាតិ​ជាច្រើន​បានធ្វើ​ដំណើរ​កម្សាន្ត​មកកាន់​ទីក្រុង​សៀមរាប​នៅក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ ក៏ប៉ុន្តែ​ជា​បទពិសោធន៍​កន្លងមក ភ្ញៀវ​គ្រាន់តែ​ចំណាយពេល​ក្នុងការ​ស្នាក់នៅ​សណ្ឋាគារ និង ដើរលេង​តាម​ប្រសាទ និង រមណីយដ្ឋាន​មួយចំនួន​នៅពេល​ថ្ងៃ ហើយ​នាពេល​រាត្រី​គឺ​ពួកគាត់​ក្រាន់តែ​ចំណាយពេល​នៅក្នុង​តំបន់ Pub Street ដើម្បី​រង់ចាំ​ឆ្លង​ឆ្នាំ​ដោយ​ការមើល​កាំ​ជ្រួញ និង រាំលេង​តាម​ក្លិប។ តែ​ឆ្នាំនេះ​ភ្ញៀវ​ក៏​អាច​អញ្ជើញ​មក​ចូលរួម​កម្មវិធី​បុណ្យ ដារ​លាន ឬ​បុណ្យ​ភូមិ នៅ​ភូមិ​ជ្រាវ ក្នុង​ទី​រួម​ខេត្ត សៀមរាប ដោយមាន​ការរៀបចំ​ជា​ប្រពៃណី​ខ្មែរ មាន​រាំលេង​កម្សាន្ត និង អាហារ​ប្រភេទ BBQ ប៊ូ​ហ្វេ ស្រា​ក្រឡុក ស្រាក្រហម ស្រា Sparkling និង រង់ចាំ​ឆ្លង​ឆ្នាំ ជាមួយនឹង​ការបាញ់​កាំ​ជ្រួញ​ដ៏​អស្ចារ្យ។

ភ្ញៀវដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធីបុណ្យ«បុណ្យដារលាន ឬបុណ្យភូមិ» អាចឆែករកពត៌មានបន្ថែមតាមរយៈហ្វេកបុក Jaya Catering & Events Management រឺក៏ទំនាក់ទំនងតាមលេខទូស័ព្ទ 089 998 338 និង 069 888 034 អ៊ីម៉ែល [email protected]

លោក​បាន​ប្រាប់​ឱ្យដឹងពី​ប្រវត្តិ «បុណ្យដារលាន ឬ​បុណ្យ​ភូមិ» គឺជា​ប្រពៃណី​មួយ​ដែល​ត្រូវបាន​បណ្ដាជន​អ្នកស្រុក​ស្រែចម្ការ តែងតែ​រៀបចំ​ធ្វើជា​រៀងរាល់ឆ្នាំ​ចន្លោះ​ពី​ខែមករា ដល់ ខែមេសា ជា​រៀងរាល់ឆ្នាំ​ទៅតាម​ភូមិនីមួយៗដើម្បី​រំឭក​គុណ​ដល់​ទឹក ដី និង​អាកាសធាតុ សម្រាប់​ការបង្កបង្កើន​ស្រូវ​នោះ​គឺ «បុណ្យដារលាន ឬ​បុណ្យ​ភូមិ» ។

ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​ប្រារ​ព​ពិធី «បុណ្យដារលាន» ជា​រៀងរាល់ឆ្នាំ​មិនដែល​អាក់ខាន​ឡើយ ក្រោយពី​បាន​ប្រមូល​ផល​ស្រូវ​រួចរាល់។ ប្រជាពលរដ្ឋ​ក្នុងភូមិ​ទាំងអស់​បាន​ស្រុះស្រួល​គ្នា រៀបចំ​ពិធី «បុណ្យដារលាន ឬ​បុណ្យ​ភូមិ» ដើម្បី​បង្កើត​នូវ​ភាពសប្បាយ​រីករាយ ការជួបជុំ ជាពិសេស ការបង្ហាញ​នូវ​ផល​ស្រូវ ដែល​ពួកគាត់​ទទួលបាន​ក្នុងឆ្នាំនេះ។ ពិធីបុណ្យ​នេះ​ធ្វើឡើង​តាម​ប្រពៃណី​ខ្មែរ​ជា​រៀងរាល់ឆ្នាំ ក្នុងអំឡុង​ខែមករា ដល់ខែមេសា ទៅតាម​ភូមិនីមួយៗ ដើម្បី​រំឭក​គុណ​ដល់ ទឹក ដី និង​អាកាសធាតុ ដែលជា​កត្តា​សំខាន់​ក្នុងការ​បង្កបង្កើន​ស្រូវ។ ពី​ធី​បុណ្យ​មាន​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​ដើម្បី សូម​សិរី​សួស្ដី​ជូន​ដល់​ពលរដ្ឋ ក៏ដូចជា​សូម​ការបង្កបង្កើន​ស្រូវ​ឱ្យបាន​ផល​ច្រើន​រាល់​ឆ្នាំ និង​ក៏មាន​រាប់បាត្រ​ឆ្លង​ដែរ។

ដំណើររឿង​នៃ​ពិធីបុណ្យ «ដារ​លាន ឬ​បុណ្យ​ភូមិ» តាម​ប្រជុំរឿងព្រេង​ជាត​កថា កាលពីព្រេងនាយ​មាន​បងប្អូន​ពីរ​នាក់​ជា​កសិករ បង​ឈ្មោះ​មហា​កាឡ និង​ប្អូន​ឈ្មោះ ចុ​ល្ល​កាឡ។ ថ្ងៃមួយ​ប្អូន​បាន​បេះ​ស្រូវ​សាលី​កំពុងតែ​ចេញ​ផ្លែ​មក​ទំពា​រហើយ​មាន​រសជាតិ​ឆ្ងាញ់​ក៏​កើតមាន​សទ្ធា​ក្នុង​ព្រះពុទ្ធសាសនា​បាន​បបួល​បង​ធ្វើ​ទាន​ចំពោះ​ព្រះសង្ឃ​ដែលមាន​ព្រះពុទ្ធ​ជា​ប្រធាន។

ទោះបីជា​មានការ​អង្វរករ​ពី​ប្អូន​យ៉ាងណាក៏ដោយ បង​នៅតែ​មិន​ព្រម​ព្រោះស្រូវ «ជិត​ចេញ​ផ្លែ» ទៅហើយ។ ចុងក្រោយ​បង​ក៏​បង្ខំចិត្ត​ចែក​ស្រែ​នោះ​ជា​ពី​ចំណែក ឯ​ចំណែក​ប្អូន​យកទៅ​ធ្វើ​អី​ក៏​ធ្វើទៅ។ ប្អូន​សប្បាយចិត្ត​ណាស់​ដោយ​និយាយថា ស្រួល​ហើយ​ខ្ញុំ​នឹង​បានធ្វើ​ទាន​កុំឱ្យ «ស្រូវ​ចេញ​ផ្លែ​ទាន់»។

ប្អូន​បាន​បបួល​មិត្តភក្ដិ​ជាច្រើន​ទៅ «ហែក​បង្ហើប​ស្រូវ» យកមក​កិន​ចម្អិន​លាយ​ទឹកដោះគោ​ស្រស់ ផ្សំ​ជាមួយ​ទឹកឃ្មុំ ស្ករក្រាម យកទៅ​ថ្វាយ​ភិក្ខុសង្ឃ​ដែលមាន​ព្រះពុទ្ធ​ជា​ប្រធាន ហើយ​ប្រាថ្នា​ថា «ខ្ញុំ​សូមឱ្យ​បាន​ត្រាស់ដឹង នូវ​ធម៌​ប្រសើរ​មុនគេ ក្នុង​អនាគត​កុំ​ខាន» ព្រោះ​ជា​ទាន​ប្រសើរ ដែល​កើត​ពី​ស្រូវ​ដំបូង​បំផុត។ ក្រោយពី​ក្រាបបង្គំ​លា​ព្រះ​ពុទ្ធអង្គ ប្អូន​បាន​ត្រឡប់​ទៅ​មើល​ស្រូវ​វិញ ក៏​ឃើញ​ចេញ​ផ្លែ​ដូច​គេ​ចង​កណ្តឹង ហើយ​បាន​សម្រេចចិត្ត​ធ្វើ​ទាន​ក្នុង​រដូវ​ធ្វើស្រែ​ឱ្យបាន​ប្រាំបួន​ដង​ក្នុង​មួយ​រដូវ។

ដល់ពេល​ស្រូវ​ល្មម​ធ្វើ​អំបុក ប្អូន​ធ្វើ​ទាន​ជា​លើក​ទី​ពីរ ពេល​ច្រូត​ធ្វើ​ទាន​ជា​លើក​ទី​បី ពេល​ហាល​ដៃ​ធ្វើ​ទាន​ជា​លើក​ទី​បួន ពេល​ចង​កណ្តាប់​ធ្វើ​ទាន​ជា​លើក​ទី​ប្រាំ ជញ្ជូន​កណ្តាប់​ដល់​លាន ធ្វើ​ទាន​ជា​លើក​ទី​ប្រាំមួយ ពេល​បោក​បែន ធ្វើ​ទាន​ជា​លើក​ទី​ប្រាំពីរ រោយស្រូវ​ចាក់​ធា​ធ្វើ​ទាន​ជា​លើក​ទី​ប្រាំបី និង​ដឹកស្រូវ​ចាក់​ជង្រុក​ធ្វើ​ទាន​ជា​លើក​ទី​ប្រាំបួន។ ចុ​ល្ល​កាឡ បានធ្វើ​ភត្ត​ទាន​ប្រាំបួន​ដង ហើយ​ស្រូវ​ឥតមាន​ខូច​ឡើយ។ ចំណេរ​កាល​ក្រោយ​មកដល់​បច្ចុប្បន្ននេះ នៅសល់តែ​ពីរ​ទេ​ដែល​គេ​តែងតែ​ប្រារព្ធ​មួយ​ពិធី «បុណ្យ​អកអំបុក» ជា​ពិធី​ទី​ពីរ និង​ពី​ធី «បុណ្យដារលាន» ជា​ពី​ធី​ទី​ប្រាំបួន​នេះឯង​របស់ ចុ​ល្ល​កាឡ ក្នុងចំណោម​ប្រាំបួន​ពិធី។

គួរបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ធ្វើ​ពិធីបុណ្យ​នេះ​ចាប់តាំងពី​រដូវ​ច្រូតកាត់​ហើយ រហូតដល់​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ ហើយ​ហៅ​បុណ្យ​ដា​លាន​នេះ​ថា «បុណ្យដារលាន ឬ​បុណ្យ​ភូមិ»៕

Advertisement