មកដល់កម្ពុជាភ្លាម តារាជើងចាស់ យស បូវណ្ណៈ ប៉ះប្លង់ឆេះផ្ទះសាហាវខ្លាំង

ដូចប្រិយមិត្តបានជ្រាបហើយដឹងថា កំពូលតារាសម្ដែងឯកប្រុសជើងចាស់ លោក យស បូវណ្ណៈ បានធ្វើដំណើរមកប្រទេសកម្ពុជាលើកដំបូងនេះ ដើម្បីចូលរួមសម្ដែងរឿងថ្មីរបស់ផលិតកម្មមហាហង្ស ក្នុងរឿង «លោកឳពុក» ហើយលោកមានរយៈពេលចំនួនតែ 3 សប្ដាហ៍តែប៉ុណ្ណោះក្នុងបេសកកម្មថតរឿងថ្មីសន្លាងមួយនេះ ។ ការចាប់ជាមួយនឹងដៃគូចាស់ គឺអ្នកនាង ចាន់ តារាទី នៅក្នុងថ្ងៃដំបូងភ្លាម ស្រាប់តែចំប្លង់ភ្លើងឆេះផ្ទះ រលេះរលួយរាងកាយតែម្ដង។

នេះពិតជាឈុតឆាកដ៏អស្ចារ្យ ព្រោះថា ទាល់តែតារាសម្ដែងប្រកបដោយទេពកោសល្យខ្ពស់ ទៅអាចបញ្ចប់ប្លង់លំបាកនេះបានទៅយ៉ាងរលូន ដោយគ្មានឧបសគ្គ។ លោក យស បូវណ្ណៈ ត្រូវគេឃើញតុបតែងជាមនុស្សរលាកភ្លើង និងតម្រូវអោយសម្ដែងក្នុងប្លង់កម្សត់ និងពិបាកបើកឆាកតែម្ដង ប៉ុន្តែគេនៅតែកត់សម្គាល់ថា ការសម្ដែងរបស់លោកឆាប់ត្រូវ មិនសូវខុស។

យ៉ាងណាមិញ ផលិតករ និងជាម្ចាស់ផលិតកម្ម មហាហង្ស លោក អ៊ិន សុភិន បានថ្លែងបញ្ជាក់ថា ដោយសារតែលោក យស បូវណ្ណៈ មានពេលថតរឿង«លោកឳពុក» តែប្រមាណ20ថ្ងៃ ទើបខាងផលិតកម្មមហាហង្សសម្រុកចេញថតតែម្ដង ដោយការសម្ដែងលើកដំបូងរបស់អតីតារាល្បីល្បាញកាលពីអំឡុងឆ្នាំ90រូបនេះ គឺសម្ដែងក្នុងប្លង់ធំ ដែលមានតារាសម្ដែងរួមជាមួយច្រើននាក់តែម្ដង។

លោកបន្ដថា ក្នុងប្លង់ត្រូវភ្លើងឆេះផ្ទះនេះ គឺជាប្លង់សំខាន់ជាងគេក្នុងរឿង ហើយក៏ជាប្លង់ដែលតម្រូវឱ្យលោកក្លាយជាបុរសពិការជើងព្រោះតែដើម្បីសង្គ្រោះជីវិតកូនស្រីនោះដែរ ប៉ុន្តែចុងក្រោយកូនស្រីរបស់លោក បែរជាធំដឹងក្ដី ដោយការប្រមាថលោកយស បូវណ្ណៈ ជាឳពុក ព្រោះតែលោកពិការ ក្រីក្រ មិនអាចឱ្យបាងលូយឆាយ ក្នុងពេលពេញវ័យទៅបាន។ លោកថាក្នុងរឿង”លោកឳពុក” មានតួអង្គឳពុក3រូប ដោយលោក យស បូវណ្ណៈ គឺជាឳពុកដៃគូ ជាមួយអ្នកនាង ចាន់ តារាទី ហើយលោកក៍ជាតួឳពុកដែលឆ្លុះបញ្ចាំងពីទឹកចិត្តឳពុកកម្សត់មួយ ដែលសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីឱ្យកូនស្រីបានល្អ គឺទោះជាលោកពិការ និងរកស៊ីលក់ដូរតាមរទេះ ដែលកូនស្រីមិនចង់ទទួលស្គាល់ជាឳពុក។

លោក យស បូវណ្ណៈ ក៏បានសម្ដែងអារម្មណ៍ដែរថា លោកសប្បាយចិត្តណាស់ ដែលបានសម្ដែងបើកឆាក ហើយសម្ដែងឆាកធំតែម្ដង ដែលលោកបានហៅឈុតឆាកនេះថា ជាឈុតដែលគ្រាន់តែអានសាច់រឿង គឺអួលដើមករចង់ស្រក់ទឹកភ្នែក។ ក្នុងនោះលោកក៍បានបញ្ជាក់ថា មិនមានការលំបាកនោះផង ដោយសារតែលោកសម្ដែងប៉ះចំដៃគូល្អៗ និងម្យ៉ាងមកពីលោកដ្បិតថាខានសម្ដែងច្រើនឆ្នាំតែអារម្មណ៍ និងបទពិសោធន៍គឺនៅតែដិតដាមក្នុងអារម្មណ៍៕

Advertisement