មកស្គាល់ម្ចាស់បទ «ជឿជាក់! ជោគជ័យ» កំពុងចាក់ដោតអារម្មណ៍អ្នកស្នេហាវិស័យកីឡា

មានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបទ«ជឿជាក់! ជោគជ័យ» ដែលជាបទលើកកម្ពស់វិស័យកីឡាដែលពោរពេញដោយអត្ថន័យត្រូវបានបង្ហោះឡើង ហើយឃើញសុទ្ធតែកីឡាករជម្រើសជាតិល្បីៗចែកចាយ និងមានអ្នកចូលទស្សនាច្រើនទាំងបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប។ ចម្រៀងមួយបទនេះ ចាក់ដោតអារម្មណ៍កីឡាករ-កីឡាការិនី និងអ្នកស្នេហាវិស័យកីឡាយ៉ាងខ្លាំង ខណៈដែលតារាចម្រៀង 2រូបដែលត្រូវបានជ្រើសរើសឱ្យក្លាយជាម្ចាស់បទនោះ ក៏ត្រូវមានការទាមទារឱ្យមានគុណសម្បត្តិពិសេសមួយដោយឡែកដែរ ទម្រាំតែបានច្រៀងបទចម្រៀងនេះជាផ្លូវការ។

លោក ឆាយ វណ្ណៈ អ្នកដឹកនាំផលិត និងជាម្ចាស់ផលិតកម្ម អាំណាតមេឌា បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា លោកបានសម្រេចចិត្តធ្វើបទOriginal មួយនេះ គឺដោយសារតែលោកកត់សម្គាល់ឃើញថា អ្នកធ្វើបទចម្រៀងភាគច្រើនផ្ដោតតែលើអត្ថន័យស្នេហា និងមិនសូវជាមានបទច្រើនដែលផ្ដល់គុណប្រយោជន៍សម្រាប់សង្គមឡើយ ជាពិសេស គឺបទដែលមានអត្ថន័យជាលក្ខណៈលើកស្ទួយកីឡាករ គឺមិនសូវមានច្រើនទេ។ លោកថា បទចម្រៀង«ជឿជាក់! ជោគជ័យ»នេះ មិនមែនសំដៅតែលើអ្នកលេងកីឡាប៉ុណ្ណោះទេ តែអត្ថន័យបទនេះក៏មានន័យដុតកម្ដៅមនុស្សក្នុងសង្គមទូទៅឱ្យមានកម្លាំងចិត្ត និងមានជំនឿចិត្តលើខ្លួនឯងដើម្បីឈានទៅសម្រេចកិច្ចការមួយដោយជោគជ័យផងដែរ។ MV មួយបទនេះ លោកបានប្រមូលផ្ដុំសុទ្ធតែកីឡាករជម្រើសជាតិគ្រប់ផ្នែកដែលល្បីៗឈ្មោះឱ្យមកសម្ដែងតែម្ដង ដូច្នេះហើយទើបគ្រាន់តែបង្ហោះមិនបានប៉ុន្មានម៉ោងផង ក៏មានអ្នកចែកចាយ និងចូលទស្សនាច្រើនទៅហើយ។

គួរបញ្ជាក់លក្ខណៈពិសេសរបស់បទនេះដែរថា សូម្បីតែអ្នកចម្រៀងក៏ត្រូវបានជ្រើសរើសយ៉ាងលំបាកផងដែរ ដោយលោកបញ្ជាក់ថា តារាចម្រៀងកុងត្រារបស់ផលិតកម្ម អាំណាតមេឌា ច្រើននាក់មិនមានជាប់ក្នុងជម្រើសនោះទេ ជាប់តែតារាចម្រៀងនៅខាងក្រៅផលិតកម្មឱ្យមកធ្វើជាម្ចាស់បទទៅវិញ។ លោកបញ្ជាក់ថា បទ«ជឿជាក់! ជោគជ័យ»នេះ បកស្រាយដោយតារាចម្រៀងលោក សាល បាទី អតីតបេក្ខភាពប្រឡងចម្រៀងក្នុងកម្មវិធីពេជ្រកំពុងច្នៃ និងលោក ប្រុសម៉ៅ ដែលជាតារាចម្រៀងកុងត្រា និងជាអ្នកនិពន្ធប្រចាំផលិតកម្ម ដែលធ្លាប់មានឈ្មោះបោះសំឡេងក្នុងបទ «ក្មេងឌឺ» នៅលើយូធូប។

ចង់ដឹងថា តើបទ «ជឿជាក់! ជោគជ័យ» ចាក់ដោតអារម្មណ៍ និងស្មារតីអ្នកនិយមលេងកីឡាដល់កម្រិតណានោះ សូមអញ្ជើញស្ដាប់ ​និងទស្សនាវីដេអូខាងក្រោមនេះ ៖

 

Advertisement