នៅចាំស្ត្រីសម្រាលកូនម្ដង បានភ្លោះ8នាក់ទេ? ពេលនេះពួកគេធំៗអស់ហើយ

តាមរយៈសារព័ត៌មាន khaosod ដែលបានដកស្រង់ព័ត៌មានចេញពីគេហទំព័រ Daily Mail នៅថ្ងៃទី21 ខែធ្នូ ឆ្នាំ2017 បានចេញផ្សាយថា ស្ត្រីជនជាតិអាមេរិកមានឈ្មោះ Otto Mammoth ដែលប្រសូតបានបុត្រភ្លោះ 8 នាក់ដែលបង្កភាពភ្ញាក់ផ្អើលពាសពេញពិភពលោកនោះ ឥឡូវនេះកូនៗរបស់នាងបានធំៗឡើង និងប្រកបដោយសុខភាពល្អអស់ហើយ ហើយរូបគាត់ផ្ទាល់ក៏មានសេចក្ដីសុខនៅក្នុងជីវិតដែរ។ ដោយឡែក កាលពីឆ្នាំ 2009 អ្នកម្ដាយរូបនេះ ត្រូវធ្លាក់ខ្លួននៅក្នុងស្ថានភាពក្រលំបាកយ៉ាងខ្លាំង រហូតដល់គ្មានការងារធ្វើដើម្បីចិញ្ចឹមកូនៗទៀតផង។ សារព័ត៌មានអាមេរិកមួយធ្លាប់បានចេញផ្សាយថា ដោយសារតែគ្មានទឹកដោះគោឱ្យកូន 6 នាក់បៅ និងត្រូវបង់ថ្លៃចិញ្ចឹមកូននៅក្នុងកែវ 2 នាក់ទៀតនោះ គាត់ធ្លាប់គិតថា ចង់សម្លាប់ខ្លួន។

អ្នកម្ដាយវ័យ 42 ឆ្នាំរូបនេះ បាន​ប្រាប់ពីការតស៊ូក្នុងការចិញ្ចឹមកូនៗថា  «នៅទីបំផុត ពេលនេះជីវិតត្រូវបានចាប់ផ្ដើមទំព័រថ្មី បញ្ហារឿងលុយកាក់ និងភាពតានតឹង ដែលត្រូវចិញ្ចឹមកូនទាំងអស់ 14 នាក់នោះ គឺត្រូវបានព្យាយាមរកដំណោះសា្រយបន្ដិចម្ដងៗ ដោយការចាប់ផ្ដើមពីអត់ឃ្លាន អត់ធ្មត់គ្រប់បែបយ៉ាងនៅក្នុងជីវិត»។ អ្នកស្រីក៏បានបន្ដប្រាប់ទៀតថា «ខ្ញុំធ្លាប់មានអារម្មណ៍តានតឹង និងពេលខ្លះវាបានសង្កត់ខ្ញុំជាប់មិនឱ្យក្រោកឡើង ហើយមិនចង់ឱ្យខ្ញុំមានជីវិតរស់បន្ដទៅមុខទៀតឡើយ។ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងមិនមានតម្លៃដូចជាមនុស្សទេដែលត្រូវបង្កើតកូនមកច្រើនយ៉ាងនេះ ក៏ប៉ុន្ដែក្ដីស្រឡាញ់ និងទឹកមុខរបស់កូនៗបានក្លាយជាកម្លាំងជំរុញចិត្តឱ្យខ្ញុំត្រូវតែតស៊ូ និងរស់នៅចិញ្ចឹមគ្រួសារឱ្យទាល់តែបាន។ អ្វីដែលខ្ញុំទទួលបានគុណតម្លៃមកវិញគឺ កិត្តិយសរបស់ខ្លួន និងធ្វើឱ្យកូនៗបានឃើញ និងចងចាំមេរៀនជីវិតមួយនេះ។ មានរឿងខ្លះ ខ្ញុំត្រូវបង្ខំចិត្តធ្វើអ្វីដែលខ្ញុំចង់ធ្វើទាល់តែសោះ ព្រោះខ្ញុំភ័យខ្លាចថា មិនអាចមើលថែរក្សាកូនៗឱ្យបានល្អ»។

ស្ត្រីខាងលើនេះ ក៏បានបញ្ជាក់បន្ថែមផងដែរថា ខណៈនេះកូនៗរបស់នាងបានចម្រើនធំធាត់ឡើងហើយ កូនច្បងធំជាងគេឈ្មោះ Elijah អាយុ 16 ឆ្នាំ។ បន្ទាប់មកគឺ Amerahមានអាយុ 15 ឆ្នាំ , Joshua មានអាយុ 13 ឆ្នាំ, Aden អាយុ 11ឆ្នាំ និង Cali និងCaleមានអាយុ 10 ឆ្នាំ ហើយឈុតភ្លោះ 8 នាក់នោះគឺមានអាយុ 9 ឆ្នាំហើយ។ កូនៗទាំង 14 នាក់នេះ គឺជាបេះដូងរបស់នាងខ្ញុំ៕

Advertisement