សង្ស័យ!! កញ្ញា បាន មុន្នីល័ក្ខ គ្មានកុងត្រានៅហង្សមាសទៀតទេ

អតីតបេក្ខភាព The Voice Cambodia រដូវកាលទីមួយ ហើយក៏ជាតារាចម្រៀង ដ៏មានប្រជាប្រិយភាពនៅក្នុងផលិតកម្មរស្មីហង្សមាស កញ្ញា បាន មុន្នីល័ក្ខ កំពុងតែមានភាព មមាញឹកខ្លាំងក្នុង ការងារសិល្បៈ និងមុខជំនួញរកស៊ីផ្ទាល់ខ្លួនរបស់នាង។

ជាក់ស្តែង នាពេលថ្មីៗនេះ គេបានកត់សម្គាល់ឃើញ កញ្ញា បាន មុន្នីល័ក្ខ បានអង្រួនអារម្មណ៍ អ្នកគាំទ្ររបស់នាងយ៉ាងខ្លាំង តាមរយៈការលើកយកបទចម្រៀងមួយបទមរតកដើម និងបទចម្រៀងភាសាថៃ មកCoverចម្រៀងម្តងទៀត ដោយបង្ហោះក្នុង បណ្តាញសង្គមយូធូប ដែលជាហេតុមួយធ្វើឱ្យនាងអាចរក្សាប្រជាប្រិយភាពរបស់នាងបាន និងកាន់តែខ្លាំងជាច្រៀងនៅក្នុងផលិតកម្មថែមទៀត។ សមហេតុផលដែរ អ្នកគាំទ្រជាច្រើនបានចោទការសង្ស័យថា តារាចម្រៀងស្រីដ៏មានទឹកដមមួយនេះ បានបញ្ចប់កុងត្រាជាមួយផលិតកម្ម WE ដែលនៅក្រោមទ្រនំរបស់ក្រុមហ៊ុនហង្សមាសហើយ ទើបបានជានាងចាកចេញ និងបង្ហាញបទចម្រៀងថ្មីតាមរយៈស្ទូឌីយូចម្រៀងធម្មតាទៅវិញ។

ទន្ទឹមនឹងមានការសង្ស័យនេះ អ្នកគាំទ្ររបស់កញ្ញា បាន មុន្នីល័ក្ខ នៅតែបន្ដលើកឡើងថា ខណៈបានឃើញរូបនាងចេញច្រៀងនៅខាងក្រៅផលិតកម្មបែបនេះ គេមានអារម្មណ៍រំភើបជាជាង ព្រោះកាលរូបនាងនៅច្រៀងក្នុងផលិតកម្មនោះ ពិតទៅគឺ មិនសូវមានចេញបទចម្រៀងបានច្រើនប៉ុន្មានទេ ពោលគឺរាប់ខែ រាប់ឆ្នាំទើបចេញម្ដង។ ទោះជាយ៉ាងណាក៏ដោយ កញ្ញា បាន មុន្នីល័ក្ខ នៅមិនទាន់ស្រាយបំភ្លឺរឿងនេះនៅឡើយទេ សារព័ត៌មាន ឡានរ៉ែន កំពុងព្យាយាមទាក់ទង មុន្នីល័ក្ខ នាព្រឹកនេះ។

គួរបញ្ជាក់ផងដែរថា គេមើលឃើញតារាចម្រៀងនៅផលិតកម្ម WE បានស្ពាយបង្វិចចេញពីផលិតកម្មរបស់ខ្លួនអស់មួយចំនួនហើយ នៅក្នុងនោះប្រហែលជាតារាចម្រៀងស្រីខាងលើ អាចនឹងពិចារណាទ្រនំថ្មីផ្សេងទៀត ក៏ថាបានដែរ៕

Advertisement