រឿង​ស្តេច​កន​ល្បី​ខ្លាំង តែ​គ្មាន​អ្នក​ស្គាល់​ថា ឳ​ពុក​ស្តេច​កន​ជា​នរណា​ឡើយ?

ភាពយន្ដ​បែប​ប្រវត្តិសាស្ត្រ «ហ្លួង​ព្រះស្ដេច​កន» ជា​ភាពយន្ត​កំពុង​ល្បី​រន្ទឺ​បំផុត​នៅ​ទឹកដី​សុវណ្ណ​ភូមិ​នាពេល​បច្ចុប្បន្ននេះ ហើយ​ទទួលបាន​ជោគជ័យ​យ៉ាង​ខ្លាំងក្លា  ខណៈដែល​កំពុង​ដាក់​បញ្ចាំង​គ្រប់​រោងភាពយន្តទំនើបៗ ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ដែលមាន​ទស្សនិកជន​ទាំង​ក្មេង​ទាំងចាស់​ប្រជ្រៀត​គ្នា​ចូល​មើល​រាប់ម៉ឺន​នាក់​ក្នុងមួយថ្ងៃៗ ដោយ​សំបុត្រ​លក់ដាច់​អស់​គ្មាន​សល់​ឡើយ  និង​គ្រប់គ្នា​បាន​ស្គាល់​តែ​តួអង្គ​ហ្លួង​ព្រះស្ដេច​កន​ដែល​សម្ដែង​ដោយ​លោក រស់ សោភ័ណ ប៉ុណ្ណោះ  ប៉ុន្ដែ​ចំពោះ​តួអង្គ​ឪពុក​របស់​ស្ដេច​កន​វិញ មិនមាន​នរណាម្នាក់​ស្គាល់​ឡើយ​ថា តើ​សម្តែង​ដោយ​តារា​ម្នាក់​ណា​ទៅ។

ថ្ងៃនេះ​គេហទំព័រ​សារព័ត៌មាន ឡា​រ៉ែ​ន សូម​ជម្រាបជូន​ប្រិយមិត្ត​ទាំងអស់គ្នា​ឱ្យបាន​ដឹងថា លោក ជា សំនៀង មាន​វ័យ 62ឆ្នាំ គឺជា​អ្នក​សម្ដែង​ជា​តួអង្គ​ឪពុក​របស់ ស្ដេច​កន ក្រោម​ស្នាដៃ​ដឹកនាំ​ដោយ​ឯកឧត្តម ម៉ៅ អាយុទ្ធ។ លោក សំនៀង គឺជា​អតីត​តួអង្គ “ចៅ​ចិត្ត” ក្នុង​ល្ខោននិយាយ​របស់​មន្ទី​សិល្បៈ​ខេត្តបាត់ដំបង​តាំងពី​ជំនាន់​ជាមួយ​លោក ទេព រិន្ទ​ដា​រ៉ូ មកម្ល៉េះ និង​មាន​ស្រុកកំណើត​នៅក្នុង​ខេត្តបាត់តំបង។

វិ​រៈ​សិល្បករ​រូបនេះ​ដំបូង​ឡើយ​ត្រូវបាន​លោក ហ៊ុយ យ៉ា​ឡេង អ​ញ្ចើ​ញ​មក​សម្ដែង​ដំបូងបង្អស់​នៅក្នុង​រឿង «ខ្មោច​ដើម​ចេកជ្វា»  បន្ទាប់មក​ក៏បាន​បាត់​មុខ​មួយរយៈ​ទៅវិញ ដោយសារ​រោងកុននៅស្រុកខ្មែរបានបិទទ្វារ និងលក់រោងដើម្បីយកថវិការ។ ក្រោយមកទៀត​លោក យ៉ា​ឡេង ដែលជា​ម្ចាស់​ផលិតកម្ម មាតុ​ចក្រ ក៏បាន​បន្ដ​ទាក់ទង​អ៊ំ​ប្រុស សំនៀង ឱ្យមក​សម្ដែង​រឿង​ជាថ្មី​ម្ដងទៀត​ដូចជា​រឿង “អា​ព្រឿង​ស្លាប់​ហើយ” រឿង “អា​គុក​អា​ច្រវ៉ា” និង​រឿង “ធ្មប់” ជាដើម។

តាំងពី​គ្រា​នោះមក​អ៊ំ​ប្រុស​ម្នាក់នេះ ក៏​ទទួល​បានការ​ជ្រោមជ្រែង​ឱ្យ​សម្ដែង​ភាពយន្ដ​ខ្នាត​ធំ​ជាច្រើន​រឿង និង​ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង បើទោះបីជា​លោក​មាន​វ័យ​ចំណាស់​បន្ដិច​ហើយ​ក្ដី តែ​ទេពកោសល្យ​សម្ដែង​វិញ​ប្រកបទៅដោយ​សមត្ថភាព​ខ្ពស់។ វិ​រៈ​សិល្បករ សំនៀង បាន​ចាក​ចេញពី​ស្រុកកំណើត​មក​រស់នៅ​ទឹកដី​ភ្នំពេញ ដោយសារ​មូលហេតុ​តែ​ម្យ៉ាង​គត់​គឺ ស្រឡាញ់​វិស័យ​សិល្បៈ​សម្ដែង។ ដោយសារ​ឆ្លងកាត់​ការតស៊ូ​ជីវិត និង​ប្រវត្តិ​ជូរចត់​របស់លោក ទើប​ធ្វើឱ្យ​លោក​សម្រេចបាន​ភាពជោគជ័យ​នៅក្នុង​វិស័យ​ភាពយន្ដ ក្នុងនោះដែរ​ក៏មាន​រឿង​ភាគច្រើន និងចូលរួមសម្ដែងជាមួយបទចម្រៀងរបស់​ផលិតកម្មរស្មីហង្ស​មាស ជាមួយលោក ព្រាប សុវត្ថិ ​ផងដែរ។

គួរបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ននេះ​លោក ជា សំនៀង បាន​ចូលនិវត្តន៍​ពី​មន្ទី​សិល្បៈ​ខេត្តបាត់ដំបង​ហើយ ក៏ប៉ុន្ដែ​លោក​នៅតែ​បន្ដ​រក្សា​កេរ្ដិ៍ដំណែល​សិល្បៈ​បុរាណ​ដូនតា​ខ្មែរ  និង​បន្ដ​អាជីព​ជាតា​រា​សម្ដែង​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​តទៅទៀត៕

Advertisement