ការប្រកួត Cambodia’s Got Talent រដូវកាលទី2 វគ្គផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី4 ខែវិច្ឆិកា ក្រុមរាំយុវវ័យ The King ក្លាយជាម្ចាស់ពានគួរឱ្យភ្ញាក់ផ្អើល បើទោះជាក្នុងការប្រកួតដ៏ធំមួយនោះ មានក្រុមដែលមានទេពកោសល្យខ្ពស់មិនធម្មតាប្រកួតប្រជែង។ ក្រុមជយលាភីមួយនេះទទួលបានប្រាក់រង្វាន់100លានរៀល និងធ្លាប់បានប៊ូតុងមាសពីលោក ព្រាប សុវត្ថិ នៅវគ្គ Judge Audition ហើយបន្តទទួលបានប៊ូតុងមាសបន្ថែមទៀតពីកញ្ញា ផន ស្រីខួច ដែលជាគណៈកម្មការពិសេសនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ការប្រគល់ពានដល់ម្ចាស់ជយលាភី ក្រោមវត្តមាន រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ និងលោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ គួរបញ្ជាក់បន្ថែមថា ឆ្លងពីវគ្គ Judge Audition បេក្ខភាពទាំងអស់ត្រូវបានជម្រុះគណៈកម្មការទាំង 4 រូប ហើយបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ បន្ទាប់មក បេក្ខជនខ្លះទទួលបានការបោះឆ្នោតគាំទ្រពីទស្សនិកជន អ្នកខ្លះត្រូវបានជ្រើសរើសគណៈកម្មការ ហើយកាន់តែពិសេសជាងនេះទៀត មានបេក្ខភាពចំនួន 4 រូបឬក្រុម ទទួលបានប៊ូតុងមាសពីសំណាក់គណៈកម្មការភ្ញៀវកិត្តិយស ដើម្បីមកកាន់វគ្គផ្តាច់ព្រ័ត្រកាលពីរាត្រីយប់មិញនេះ៕