មកកម្ពុជាម្ដងនេះ លោកស្រី អម្ពរ ទេវី បានបង្ហាញវត្តមាននិងផ្ដល់ក្ដីស្រឡាញ់ដល់កុមារៗនៅក្នុងអង្គការ Afesip កម្ពុជា

ដោយមើលឃើញភាពខ្វះខាត និងការចូលរួមរំលែកក្តីស្រឡាញ់ដល់កុមារកំព្រា តារាសម្ដែងជើងចាស់ អម្ពរ ទេវី បានបង្ហាញវត្តមាន និងផ្ដល់ស្នាមញញឹម ភាពកក់ក្ដៅ ក្ដីស្រឡាញ់ចំពោះកុមារនៅក្នុងអង្គការ Afesip កម្ពុជា ដែលផ្តោតលើការថែទាំ និងការពារសិទ្ធិស្ត្រី និងកុមារីដែលជាជនរងគ្រោះ ព្រមទាំងប្រឈមនឹងការជួញដូរ និងរំលោភបំពានផ្លូវភេទ ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប៉ុន្មានម៉ោងមុន នៅក្នុងគណនីហ្វេសប៊ុករបស់លោកស្រី ម៉ម សុម៉ាលី ដែលជាម្ចាស់អង្គការ Afesip កម្ពុជា បានបង្ហោះសារ និងរូបភាពសម្ដែងក្តីរំភើបជាខ្លាំង ព្រោះតែវត្តមានរបស់អ្នកនាង អម្ពរ ទេវី ជាតារាសំដែងជើងចាស់ និងជាតារាសម្តែងក៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា បានឆក់យកបេះដូងក្មេងៗដែលកំពុងរស់នៅក្នុងអង្គការខាងលើនេះ។

លោកស្រី ម៉ម សុម៉ាលី ក៏បានបង្ហោះសារទាំងក្តីរំភើបថា “នាងខ្ញុំមើលរូបទាំងនេះ មើលចុះមើលឡើង ញញឹមម្នាក់ឯង មិននឹកស្មានថាអ្នកស្រី អម្ពរ ទេវី យកបេះដូងកូនៗនាងខ្ញុំបានសោះ ។ បងប្អូនដឹងទេថា កូនៗមិនស្គាល់គាត់ថាជាតារាល្បីទេ តែអ្វីដែលធ្វើឱ្យកូនៗស្រលាញ់គាត់ នោះគឺបេះដូងអ្នកដែលជាម្តាយ ព្រហ្មវិហាធម៌ កែវភ្នែកដែលគាត់សំលឹងទៅកូនៗ ពេលកូនៗរៀបរាប់ពីរជីវិតដែលសោកសៅ ត្រូវមនុស្សតិរិឆ្ឆានរំលោភ ជីតាបង្កើតរំលោភ ពូរំលោភ ពុកបង្កើតរំលោភ ហើយម្តាយដេញចេញពីផ្ទះមិនទទួលស្គាល់ ញាតិជិតខាងមើលងាយ រសាត់ខ្លួនទាំងវ័យក្មេងខ្ចី មករស់នៅក្នុងមណ្ឌល»។

លោកស្រីបានបន្ដទៀតថា ពួកគេតែងស្រមៃបានឃើញកែវភ្នែកអ្នកម៉ែដែលពោពេញទៅដោយក្តីអាណិត ភាពមេត្តា គេចង់អោបម៉ែដើម្បីកំដៅបេះដូងដែលប្រេះស្រាំ តែរាប់ឆ្នាំម្តាយទាំងនោះមិនបានមកទេ មានតែម្តាយធម៌ ប៉ុណ្ណោះប្អូនស្រីអម្ពរ ទេវី ប្អូនស្រី Imsovann Phalla បានអោបពួកគេក្នុងរង្វង់ដៃដោយភាពមេត្តា កែវភ្នែកប្អូនស្រីពោរពេញទៅដោយករុណាធម៌ ធ្វើឱ្យកូនៗមានសេចក្តីសុខ។ អរគុណប្អូនស្រីទាំងពីរ ៕

Advertisement