លោក ដួង វីរៈសិទ្ធ ប្រកាសស្វែងរក លោក ឆៃ ឆាយា ម្ចាស់បទ«មួយរាត្រីនឹកតែអូន »

ពិតជាមិនធម្មតាឡើយ លោក ដួង វីរៈសិទ្ធ តែងទទួលបានប្រជាប្រិយភាពដោយការជ្រើសរើសយកបទចម្រៀងចាស់ៗមកសម្រួលតន្ត្រីច្រៀងឡើងវិញដោយភ្ជាប់នូវការរក្សានូវទំនុកច្រៀងរបស់រៀមច្បងម្ចាស់ដើម ហើយកត់សម្គាល់ឃើញថា បទនីមួយៗយកទៅ Cover ឡើងវិញនោះ ភាគច្រើនត្រូវចិត្តត្រូវថ្លើមអ្នកគាំទ្រគ្រប់វ័យតែម្ដង មិនថាចាស់ឬក្មេងទេ ជក់ចិត្តស្ដាប់ចម្រៀងដ៏ផ្អែមស្រទន់របស់លោកជានិច្ច។

ជាក់ស្ដែងថ្មីៗ ម្ចាស់ពានកំពូលតារាចម្រៀងកម្ពុជា I am a Singer Cambodia រូបនេះ បានបញ្ចេញបទចម្រៀង Cover ថ្មីសន្លាង ជាបទរបស់លោក ឆៃ ឆាយា មានចំណងជើងថា « មួយរាត្រីនឹកតែអូន »។ តាមរយៈការបង្ហោះភ្ជាប់ ជាមួយរូបភាព និងឃ្លីវីដេអូ Cover នៃបទនេះ លោក វីរៈសិទ្ធ ក៏បានបញ្ចេញសារប្រកាសស្វែងរក និងចង់ជួបម្ចាស់សំនៀងដើម លោក ឆៃ ឆាយា ផងដែរថា «មកវិញហើយម្តងទៀត…បទចម្រៀងនេះខ្ញុំបកស្រាយឡើងវិញ ព្រោះតែស្រឡាញ់ស្នាដៃរបស់គាត់ ហើយខ្ញុំពិតជាចង់ដឹងណាស់ថាម្ចាស់ស្នាដៃនៅទីណាពេលនេះគាត់យ៉ាងហើយ… ខ្ញុំចង់ជួបចង់ឃើញគាត់បើបងប្អូនស្គាល់រឺដឹងដំណឹងគាត់សូមជួយប្រាប់ខ្ញុំផងសូមអរគុណ….my idol ឆៃ ឆាយា…..»។

សូមបញ្ជាក់ថា តារាចម្រៀងប្រុសលោក ឆៃ ឆាយា គឺឈ្មោះពិត ប៉ា សុទ្ធី ជាតារាចម្រៀងជើងចាស់ ប៉ុន្តែបច្ចុប្បន្នពុំមាននណាម្នាក់ដឹងទេថា តារាជើងចាស់រូបនេះសព្វថ្ងៃ កំពុងស្នាក់នៅស្រុកខ្មែរ ឬក្រៅប្រទេសនៅឡើយទេ៕

Advertisement